ហ្វីលីពីន​​ វៀតណាម ឥណ្ឌូណេស៊ី ​​អាច​​​​​ក្លាយ​ជា​ប្រទេស​មាន​​សេដ្ឋកិច្ចធំ​​ថ្មី​​ទាំង​១១ ​(N-11)​​



ហាក់​ពី​ដូច​ជា​​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បន្តិច​ ចំពោះ​វៀតណាម និង​ហ្វីលីពីន​​ ប៉ុន្តែ​ជា​រឿង​ដែលបាន​និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ ​ហើយ​ក៏​ជា​ការ​ព្យាករណ៍​​អាច​នឹង​ក្លាយ​ជា​ការ​​ពិត​ប្រាកដ​​ក៏​ថា​បាន។ ការ​ព្យាករណ៍​នេះ​កើត​ឡើង​ ​ដោយ​​ សេដ្ឋកិច្ច​វិទូ​ ដ៏​មាន​កេរ្តិ៍ឈ្មោះ​រន្ទឺ​មួយ​រូប និង​សហសេវិក​របស់​លោក​ ​​ធ្វើ​ការ​នៅ​​ Goldman Sachs លោក​ Jim O'Neill ​អំពី​​បណ្ដា​ប្រទេស​មាន​​សេដ្ឋកិច្ច​សំខាន់ (important economies) ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​​ទាំង​ ១១​ (Next 11) ឬ​ហៅ​កាត់​ខ្លី​ថា​ N-11 ដែល​ក្នុង​នោះ​មាន​ វៀតណាម​ ហ្វីលីពីន​ ​និង​ឥណ្ឌូណេស៊ី ជា​ប្រទេស​​បី​​មក​ពី​តំបន់​អាស៊ី​អាគ្នេយ៍។ 

ការ​អះអាង​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥​ មក​ម្ល៉េះ​​ ​ប៉ុន្តែ​​ការ​សិក្សា​ និង​វាយ​តម្លៃ​ពី​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ទៀត​​​ដូច​ជា​​ក្រុមហ៊ុន​ PwC ជា​ដើម​​កំពុង​តែ​ចាប់​អារម្មណ៍​។ ក្នុង​អត្ថបទ​មួយ​ដែល​សរសេរ​ដោយ​ផ្ទាល់​ពី​​អ្នក​បង្កើត​ពាក្យ​ថា​ N-11 លោក​ Jim O'Neill ដែល​ខ្លឹមសារ​ទាំង​ស្រុង​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ​កាល​ពី​ថ្ងៃ​ទី​១៩ ​ខែ​មេសា ឆ្នាំ​២០១៨​ កន្លង​ទៅ​ថ្មី​ៗ​នេះ​ បាន​​​លើក​អំណះអំណាង​មួយ​ចំនួន​ទៀត​ដើម្បី​គាំទ្រ​ដល់​ការ​អះអាង​របស់​លោក​អំពី​​ ​មាន​ប្រទេស​ ១១​ ដែល​នឹង​មាន​សេដ្ឋកិច្ច​លេចធ្លោ​នា​ពេល​អនាគត​​ដ៏​ខ្លី​ខាង​មុខ​នេះ។ ​ ពាក្យ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​​ពេល ​​​បន្ទាប់​ពី​លោក ​​បាន​សង្កេត​ឃើញ​ថា​ ប្រទេស​ទាំង​ ១១​នេះ​ ​មាន​សេដ្ឋកិច្ច​លេច​ធ្លោ​ខ្លាំង​ស្រប​​​នឹង​ប្រទេស​ BRIC (សំដៅ​ទៅ​លើ​ឈ្មោះ​​ប្រទេស​ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា​ និង​ចិន​ ដែល​មាន​សេដ្ឋកិច្ច​កើន​ឡើង​ខ្លាំង​ ហើយ​ពាក្យ​ BRIC នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០១) និង​ស្ថិត​នៅ​ពី​ក្រោយ​មហាអំណាច​សេដ្ឋកិច្ច​ធំ​​ៗ​​ក្នុង​សតវត្ស​ទី​ ២១​នេះ ដូច​ជា​ ជប៉ុន អាល្លឺម៉ង់ អង់គ្លេស និង​បារាំង ជា​ដើម។ 

ពាក្យ​ថា​ N-11 គឺ​មក​ពី​ពាក្យ​ពេញ​ថា​​ Next-11​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Jim O'Neill ​នៅ​ចុង​ឆ្នាំ​២០០៥ សំដៅ​ទៅ​ដល់​ប្រទេស​ទាំង​ ១១​ ដែល​មាន​សក្ដានុពល​​សេដ្ឋកិច្ច​ប្រែក្លាយ​ជា​​បណ្ដា​ប្រទេស​សេដ្ឋកិច្ច​សំខាន់​ដល់​ពិភពលោក​​ក្នុង​សតវត្សរ៍នេះ។ បើ​តាម​ការ​ព្យាករណ៍​របស់​លោក​ នៅ​ឆ្នាំ​២០២៦ ប្រទេស​ទាំង​ ១១​នេះ​នឹង​ស្ថិត​នៅ​រៀង​ពី​ក្រោយ​​មហា​អំណាច​សេដ្ឋកិច្ច​ទាំង ១០​នា​ពេល​បច្ចុប្បន្ន និង​ស្ថិត​នៅ​ក្នុង​បញ្ជីមហាអំណាច​សេដ្ឋកិច្ច​ទាំង​ ២២​​នៅ​ឆ្នាំ​២០៥០ (សូម​មើលរូប​ខាង​ក្រោម)។ ប្រទេស​ទាំង​ ១១​ ដែល​លោក Jim O'Neill ​បាន​​លើក​ឡើង​នោះ​​​ត្រូវ​បាន​ចែក​ចេញ​ជា​ ៣​ប្រភេទ។

ដោយឡែក ទំហំ​សេដ្ឋកិច្ច​ខាង​ក្រោម​នេះ​ ខ្ញុំ​បាទ​ដក​ស្រង់​ចេញ​ពី​របាយការណ៍​របស់​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (IMF)៖ ក)​ប្រទេស​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​​ខ្លាំង​៖ កូរ៉េខាងត្បូង (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ១,៦ ទ្រីលានដុល្លារ) ខ) ​ប្រទេស​​ឧស្សាហកម្ម​ថ្មីៗ​ (Newly Industrialized Countries) មាន​ប្រទេស​ ៥​៖ ​ឥណ្ឌូនេស៊ី (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ១,០៩ ប៊ីលានដុល្លារ) អ៊ីរ៉ង់ (ការព្យាករណ៍ GDP ឆ្នាំ ២០១៩ ទំហំ ៤៥៨,៥ ប៊ីលានដុល្លារ) ម៉ិកស៊ីកូ (ការព្យាករណ៍ GDP ឆ្នាំ ២០១៩ ទំហំ ១,២៧៤ ទ្រីលានដុល្លារ) ហ្វីលីពីន (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣៦៧,៣៦ ប៊ីលានដុល្លារ) និង​​ទួរគី (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៦៤៩ ប៊ីលានដុល្លារ)។ គ) ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​ ៥​ ប្រទេស​គឺ៖ បង់ក្លាដេស (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣១៨ ប៊ីលានដុល្លារ) អេហ្ស៊ីប (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣៦១,៨៧ ប៊ីលានដុល្លារ) នីហ្សេរីយ៉ា (ការព្យាករណ៍ GDP ឆ្នាំ ២០១៩ ទំហំ ៥១៥,៥៤ ប៊ីលានដុល្លារ) ប៉ាគីស្ថាន (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ២៧៦ ប៊ីលានដុល្លារ) និង​​វៀតណាម (ការព្យាករណ៍ GDP ឆ្នាំ ២០២០ ទំហំ ៣៤១ ប៊ីលានដុល្លារ)។ លោក​ Jim O'Neill ​ធ្លាប់​លើក​ឡើង​បែប​កំប្លែង​ថា​ ហេតុអ្វី​បាន​ជា​លោក​លើក​យក​តែ​ប្រទេស​ ១១​នេះ​ថា​ ប្រទេស​ទាំង​ ១១​នេះ​ គឺ​ដូច​ជា​ក្រុម​កីឡាបាល់ទាត់​ដែល​មាន​គ្នា​ ១១​នាក់​អីចឹង​ដែរ។ ហេតុ​អ្វី​គួរ​ចាប់​អារម្មណ៍​ពី​ប្រទេស​ N-11 នេះ? ​បើ​បូក​បញ្ចូល​គ្នា​ប្រទេស​ទាំង​ ១១​ នេះ​ មាន​ប្រជាជន​សរុប​ប្រមាណ​ ១,៥​ពាន់​លាន​នាក់ ហើយ​ GDP គិត​តាម​តម្លៃ​ទីផ្សារ​មាន​សរុប​រហូត​ដល់ ៦,៥​​ទ្រីលាន​ដុល្លារ។ ​បើ​និយាយ​អំពី​ចំនួន​ប្រជាជន​វិញ​គឺ​ច្រើន​ជាង​​ចិន និង​ឥណ្ឌា​ទៅ​ទៀត​ ប៉ុន្តែ​ទំហំ​សេដ្ឋកិច្ច​វិញ​នៅ​តូច​ជាង​ប្រទេស​ចិន​​ ពីរ​ដង​ និង​ធំ​ជាង​ឥណ្ឌា​ពីរ​ដង។

 

លោក​ Jim O'Neill បាន​ធ្វើ​ការ​ព្យាករណ៍​នៅ​ឆ្នាំ​២០២៥ និង ២០៥០[/caption] ក្រុម​ប្រទេស​ ៤​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ គឺ​ ម៉ិកស៊ីកូ ឥណ្ឌូណេស៊ី​ កូរ៉េខាងត្បូង និង​​ទួរគី​ ​ត្រូវ​បាន​សេដ្ឋកិច្ច​វិទូ​មួយ​ចំនួន​ព្យាករណ៍​ថា​ មាន​ទំហំ​សេដ្ឋកិច្ច​សរុប (បូក​បញ្ចូល​គ្នា)​ ប្រហែល ១%​នៃ​ទំហំ ​ GDP ពិភពលោក​ កាល​ពី​ ៨​ឆ្នាំ​មុន ​ប៉ុន្តែ​បច្ចុប្បន្ន​ កើន​ឡើង​ដល់​ទៅ ២ ឬ ៣%​នៃ​ GDPពិភពលោក។ នេះ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ។ ​ប្រទេស​ទាំង​ ១១​នេះ​ កាល​ពី​ពីរ​ទសវត្សរ៍​មុន​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម​តែ​ ៤%​គិត​ជា​មធ្យម​ ឡើង​ដល់​ ៤,៥%​មួយ​ទសវត្សរ៍​​មុន​ ហើយ​បច្ចុប្បន្ន​អាច​កើន​លើស​ ៥%។ ប្រទេស​ទាំង​ ១១​ បាន​រួម​ចំណែក​ដ៏​សំខាន់​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​ទន្ទឹម​គ្នា​នឹង​ចិន និង​ឥណ្ឌា ក៏​​ដូច​ជា​មហា​អំណាច​មួយ​ចំនួន​ទៀត។ ​និយាយ​អំពី​​វៀតណាម​​ ​​តាម​ការ​វាយ​តម្លៃ​ពី​ធនាគារ​ពិភពលោក​ បាន​ឱ្យ​ដឹង​ថា​ ​កំណើន​សេដ្ឋកិច្ច​ពិត (real GDP) នៅ​ត្រីមាស​ចុង​ក្រោយ​នេះ​ គឺ​​​ ៧,៤%​ ​លើស​ប្រទេស​ចិន​ទៅ​ទៀត។ កំណើន​សេដ្ឋកិច្ច​វៀតណាម​​​គឺ​រឹង​មាំ​ដូច​កម្ពុជា​ និង​ឡាវ​ដែល​ជា​ប្រទេស​ជិត​ខាង​ដែរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ​ទោះ​បី​ជា​វៀតណាម​មាន​​ទំហំ​សេដ្ឋកិច្ច​តូច​ (​ប៉ុន្តែ​ធំ​ជាង​កម្ពុជា​​ជិត​ ១០​ដង) ​ក៏​វៀតណាម​​ទទួល​បាន​កំណើន​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ​២០០៥​។

អតីតកាល​បន្តិច​ ចាប់​តាំង​ពី​មាន​​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដែល​មាន​ឈ្មោះ​ថា Đổi Mới​ ដាក់​ចេញ​នៅ​ឆ្នាំ​១៩៨៦​ មក​​បាន​ធ្វើ​ឱ្យ​ប្រទេស​វៀតណាម​ទទួល​បាន​កំណើន​​សេដ្ឋកិច្ច​គួរ​​ឱ្យ​កត់​សម្គាល់​បំផុត។ ដោយ​ឡែក បើ​និយាយ​អំពី​ការ​អភិវឌ្ឍន៍​វៀតណាម​ទទួល​បាន​ជោគជ័យ​មួយ​ចំណែក​ធំ​លើ​ការ​វិវត្តន៍​ខ្លួន​ទៅ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​មធ្យម​ (lower middle-income country) នៅ​ឆ្នាំ​២០១១ (ចំណូល​សម្រាប់​ប្រជាជន​ម្នាក់​នា​ឆ្នាំ​នោះ​​គឺ ១២៦០​ដុល្លារ​បើ​យោង​តាម​ធនាគារ​ពិភពលោក)។ ធនាគារ​ពិភពលោក​បាន​​ផ្សាយ​​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ឆ្នាំ​២០១៧​ កន្លង​ទៅ​ វៀតណាម​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ ​ដោយ​ការ​នាំ​ចេញ​នៅ​តែ​ខ្លាំង​ តម្រូវ​ការ​ក្នុង​ស្រុក​ក៏​រឹងមាំ​ ស្រប​ពេល​ដែល​វិស័យ​កសិកម្ម​ក៏​មាន​សន្ទុះ​ខ្លាំង​ដែរ។ ជា​មួយ​គ្នា​នោះ​ ទំហំ​វិនិយោគ​ពី​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់​ (FDI) ក៏​ទទួល​បាន​​ច្រើន​ផងដែរ។ សម្រាប់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​តែ​បន្ត​​កើន​ឡើង​​លើស​ពី​​ ៥%​​នៅ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​នេះ​ ព្រោះ​ថា​ ​តម្រូវ​ការ​ក្នុង​ស្រុក​នឹង​នៅ​តែ​បន្ត​រឹងមាំ​ស្រប​ពេល​ដែល​ចំនួន​ប្រជាជន​វៀតណាម​នា​ពេល​បច្ចុប្បន្ន​កើន​ដល់​ ៩៥​លាន​នាក់​ និង​ឡើង​ដល់​ប្រហែល​ ១២០​លាន​នាក់​នៅ​ឆ្នាំ​២០៥០។ ​ប្រជាជន​វៀតណាម​ប្រហែល​ ៧០%​មាន​អាយុ​​ក្រោម​ ៣៥ឆ្នាំ​​ ហើយ​​ចំនួន​ប្រជាជន​​​ចំណូល​កម្រិត​​មធ្យម​ប្រហែល ១៣%​ ដែល​អាច​នឹង​កើន​ឡើង​ដល់ ២៦%​នៅ​ឆ្នាំ​២០២៦ នេះ​បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារ​ពិភពលោក។ ​ដោយ​ឡែក​ បើ​និយាយ​អំពី​អគ្គិសនី​វិញ​ នៅ​ត្រឹម​ឆ្នាំ​២០១៦ ​ប្រជាជន​វៀតណាម​ប្រមាណ​ ៩៩​%​​មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​ ខណៈ​ដែរ​ប្រជាជន​ជនបទ​ប្រមាណ​ ៧៧%​​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់។ 

ដៃគូវៀតណាម​នៅ​ត្រឹម​ ៥ខែ​ដំបូង​នស​ឆ្នាំ​២០១៧ (ចិន​ កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក​ជា​ដៃគូធំ​)-ប្រភព customsnews.vn និយាយ​អំពី​វិស័យ​អប់រំ​​វិញ​ កម្រិត​ថ្នាក់​បឋមសិក្សា​ ​​បាន​ទទួល​លទ្ធផល​ខ្ពស់​គួរ​​ឱ្យ​កត់​សម្គាល់។ ជាក់​ស្ដែង​ ស្ថាប័ន​វាយ​តម្លៃ​ការ​សិក្សា​របស់​សិស្ស​អន្តរជាតិ​ហៅ​កាត់​ថា (PISA) ​ឱ្យ​ដឹង​ថា​ ពិន្ទុ​ដែល​​វៀតណាម​ទទួល​បាន​សម្រាប់​ថ្នាក់​បឋមសិក្សា​ សិស្ស​វៀតណាម​ទទួល​បាន​ខ្ពស់​​​ជាង​បណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ OECD មួយ​ចំនួន​​ទៀត​ផង។ ​​តាម​ការ​ចុះ​ផ្សាយ​​​របស់​ Bloomberg ​ដក​ស្រង់​​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ធនាគារ​ ANZ ​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៥​ បាន​​​ឱ្យ​ដឹង​ថា​ ​ វៀតណាម​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​កំណើន​នាំ​ចេញ​ខ្លាំងក្លា​ ខណៈ​ការនាំ​ចេញ​របស់​​បណ្ដា​ប្រទេស​ក្នុង​តំបន់​​អាស៊ាន​ផ្សេង​ទៀត​ថមថយ។ ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ពី​ដើម​ឆ្នាំ​​២០១៨​ នេះ​ វៀតណាម​​ មាន​ទំហំ​​អតិរេក​ពាណិជ្ជកម្ម (នាំ​ចេញ​​ = ២១៣,៧​ពាន់​លាន​ដុល្លារ ច្រើន​ជាង ​នាំ​ចូល=២១១,១ពាន់​លាន​ដុល្លារ) ​ប្រមាណ ២,៧ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ គឺ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​២០១៦ ដែរ។

តាម​ដាន​ ភាគ​ ២​ ដែល​នឹង​និយាយ​អំពី​ហ្វីលីពីន​នា​ពេល​​ឆាប់​ៗ​នេះ... ដោយ​៖ យ៉ន សុភារិទ្ធ (Sophearith YORN គ្រូ​បង្រៀន​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អាជីវកម្ម​ និង​​សេដ្ឋកិច្ច​ នៅ​​ សាកលវិទ្យាល័យ​កម្ពុជា​ កម្ពុជា​អន្តរជាតិ (CamIU) និង​វិទ្យាស្ថាន​ CEO ​ ​

X
5s