អាមេរិកកំពុងប្រកាសថានឹងមិនចងសម្ព័ន្ធមិត្តជាមួយប្រទេសណាដែលបានចូលដៃចូលជើងជាមួយចិនឡើយ​



កន្លងមកនេះមានប្រទេសជាច្រើនដល់ទៅ ១៥២ ប្រទេសបានរត់ទៅរកចូលដៃចូលជើងសហការជាមួយប្រទេសមហាសេដ្ឋកិច្ចចិន។ ចិនបានប្រកាសថាក្នុងគម្រោងសេដ្ឋកិច្ចយក្សរបស់ខ្លួនដែលជាគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ គឺជាគម្រោងមួយដែលនឹងជួយរំដោះប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនអោយងើបផុតពីភាពក្រីក្រនិងជួយជំរុញប្រទេសដែលកំពុងមានសន្ទុះសេដ្ឋកិច្ចឲ្យឈានទៅរកវឌ្ឍនភាពក្នុងពេលខាងមុខបាន។ មហាយក្សអាស៊ីមួយនេះចិនមានទឹកប្រៃបានជាអាចឆក់យកបេះដូងពីបណ្ដាប្រទេសជាច្រើនក្នុងតំបន់អាស៊ីរួមទាំងបានទាញចំណាប់អារម្មណ៍ពីបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អ៊ឺរ៉ុបនិងទ្វីបអាមេរិកខាងត្បូងថែមទៀតផង។

ណៈដែលទីក្រុងប៉េកាំងកំពុងតែមានភាពសប្បាយរីករាយដោយបានទទួលជោគជ័យក្នុងការទាញចំណាប់អារម្មណ៍ពីបណ្ដាប្រទេសផ្សេងៗមកចូលរួមសហការក្នុងគម្រោងសេដ្ឋកិច្ចរបស់ខ្លួន គឺទីក្រុងវ៉ាស៊ីនតុនកំពុងមានទឹកមុខស្អុយប៉ែមិនសប្បាយរីករាយដោយសារតែទង្វើរបស់ប្រទេសចិន។ អាមេរិកបានព្យាយាមបញ្ចុះបញ្ចូលនិងដាស់តឿនប្រទេសមួយចំនួនអោយជៀសឲ្យឆ្ងាយពីគម្រោងសេដ្ឋកិច្ចរបស់ចិនដោយខ្លួនបានវាយលុកពាក្យសម្ដីរិះគន់ពីទង្វើរបស់់ចិន ថាបានប្រើប្រាស់គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដើម្បីធ្វើជានុយបញ្ឆោតប្រទេសទាំងនេះឲ្យធ្លាក់់ចូលក្នុងសំណាញ់ អន្ទាក់បំណុលរបស់ខ្លួន។

មិនត្រឹមតែប៉ុណ្ណោះអាមេរិកក៍បានបោះសម្ដីយ៉ាងធ្ងន់ៗទៅចិនថាក្នុងគោលបំណងធំរបស់ចិនគឺទីក្រុងប៉ែកាំងមានមហិច្ឆតាចង់ពង្រីកឥទ្ធិពលនយោបាយ សេដ្ឋកិច្ចនិងកម្លាំងយោធារបស់ខ្លួនជុំវិញពិភពលោក។ ឯទីក្រុងប៉េកាំងពេលដែលទទួលបានដំណឹងបែបនេះក៍បានធ្វើការបដិសេធយ៉ាងខ្លាំងៗថាគោលបំណងធំរបស់ខ្លួនក្នុងគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ខ្លួនគឺចង់ជំរុញសេដ្ឋកិច្ចពិភពលោកទៅរកភាពល្អប្រសើរដោយខ្លូនចង់ស្តារផ្លូវសូត្របុរាណរបស់ខ្លួនឡើងវិញដើម្បីភ្ជាប់ផ្លូវពាណិជ្ជកម្មទាំងអស់ជាសកល។

ស្ដាប់ហេតុផលរបស់ទីក្រុងប៉េកាំងទៅសមហេតុសមផលដែរ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនមិនផ្ញើរទំនុកចិត្តជាមួយនឹងពាក្យសម្ដីរបស់ប្រទេសចិនឡើយដោយសារកន្លងមកថ្មីៗនេះមានបណ្ដាប្រទេសមួយចំនួនដែលបានជ្រុលខ្លួនក្នុងការសហការជាមួយប្រទេសចិនបានភ្លក្សរស់ជាតិវិប្បដិសារីដែលមិនព្រមជឿលើការដាស់តឿនរបស់ទីក្រុងវ៉ាស៊ីនតុន។ ប្រទេសទាំងនេះបានក្លាយជាកូនបំណុលរបស់ប្រទេសចិនហើយត្រូវបានបាត់បង់កម្មសិទ្ធិមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ តួរយ៉ាងដូចប្រទេសស្រីលង្ការដែលបានខ្ចីលុយរបស់ប្រទេសចិនមកកសាងកំពង់ផែរបស់ខ្លួនបានធ្លាក់ខ្លួនក្នុងកណ្ដាប់ដៃចិនដោយសារតែទំហំប្រាក់បំណុលនោះច្រើនពេកដោយមានអត្រាការប្រាក់ខ្ពស់ហើយរាជរដ្ឋាភិបាលស្រីលង្ការមិនអាចរកដំណោះស្រាយសងលុយចិនបានក្រៅពីការដាក់កំពង់ផែរបស់ខ្លួនអោយចិនគ្រប់គ្រងក្នុងកុងត្រា ៩៩ ឆ្នាំ។

ប្រទេសផ្សេងទៀតដែលបានចុះកិច្ចព្រមព្រៀងជាមួយចិនក្នុងគម្រោងសាងសង់ស្ពាន ផ្លូវដែក កំពង់ផែនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ហើយកំពុងមានដំណើរការលើការសាសង់ទៅមុខជាធម្មតាបានភ្ញាក់ខ្លួនជាបន្តបន្ទាប់ពីផលអវិជ្ជមានធំដែលបានសហការជាមួយចិនដោយប្រទេសខ្លះមានដូចជាប្រទេសថៃបានលុបចោលគម្រោងការវិនិយោគរបស់ចិនក្នុងប្រទេសខ្លួនមួយចំនួនហើយក៍បានសើរើនិងធ្វើការចរចាជាមួយចិនលើគម្រោងទាំងនោះឡើងវិញ។ ហើយប្រទេសថៃក៍បានបដិសេធមិនព្រមទទួលយកប្រាក់កម្ចីរបស់ចិនមកកសាងផ្លូវដែកក្នុងប្រទេសរបស់ខ្លួនដែលផ្លូវរថភ្លើងមួយនេះនឹងភ្ជាប់ជាមួយផ្លូវដែកប្រទេសឡាវទៅភ្ជាប់ផ្លូវពាណិជ្ជកម្មសូត្រដែលចិនកំពុងស្ថាបនា។ ចំណែកឯប្រទេសម៉ាឡេស៊ីក៍បានសើរើលើគម្រោងចិនធំៗមួយចំនួនប៉ុន្តែអ្វីដែលប្រធានាធិបតីរបស់ប្រទេសម៉ាឡេស៊ីមានការសោកស្ដាយជាងគេនោះគឺថាប្រទេសមួយនេះបានផុងខ្លួនជាមួយការសហការជាមួយចិនដែលធ្វើឲ្យមេដឹកនាំប្រទេសនេះមានការបារម្ភពីជោគវាសនារបស់ប្រទេសរបស់ខ្លួន

ចំពោះអាមរិកដែលព្យាយាមធ្វើជាអ្នកក្លាហានក្នុងការដាស់តឿនប្រទេសផ្សេងៗកុំឲ្យធ្លាក់ចូលអន្ទាក់របស់ប្រទេសចិននៅតែសកម្មក្នុងការដាស់តឿនប្រទេសផ្សេងៗបន្តទៀត។ ជាពិសេសនោះប្រទេសអាមេរិកមានការប្រឹងប្រែងជាខ្លាំងក្នុងការបញ្ចុះបញ្ចូលប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសក្រុម G7 ដែលមានបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អ៊ឺរ៉ុប ឲ្យជៀសឲ្យឆ្ងាយពីការសហការជាមួយចិនក្នុងគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយនោះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានការក្ដៅក្រហាយជាងគេគឺប្រទេសអ៊ីតាលីដែលជាសមាជិកក្នុងក្រុម G7 បានចុះចូលជាមួយចិនក្នុងការសហការវិនិយោគក្នុងប្រទេសរបស់់ខ្លួន។ ត្រឹមបានឈរមើលពីចម្ងាយ អាមេរិកបានប្រកាសថាខ្លួនមិនអាចចង់សម្ព័ន្ធភាពជាមួយប្រទេសទាំងឡាយណាដែលបានចុះដៃចុះជើងចូលរួមសហការជាមួយចិនបានឡើយ។ ហើយចំពោះប្រទេសសម្ព័ន្ធមិត្តអាមេរិកមានដូចជាចក្រភពអង់គ្លេស អាឡឺម៉ង់ និងជប៉ុនកំពុងតែស្ថិតក្នុងសភាពការស៊ើបសង្កេតមើលពីលទ្ធផលដែលប្រទេសផ្សេងៗបានសហការជាមួយចិន។

គួរយល់ដឹងផងដែរ ថាបច្ចុប្បន្នអាមេរិកនិងចិនកំពុងមានជម្លោះសង្គ្រាមពាណិជ្ជកម្មហើយបើគិតទៅភាពចម្រូងចម្រាសមួយនេះកំពុងតែធ្វើឲ្យប្រទេសទាំងពីរនេះមានការប្រកួតប្រជែងលើសមរភូមិសេដ្ឋកិច្ច។ ទោះបីជាប្រទេសទាំងពីរអត់គ្នាមិនបានក្នុងហេតុផលថាប្រទេសទាំងពីរជាដៃគូពាណិជ្ជកម្មធំនឹងគ្នាមែន ប៉ុន្តែអាមេរិកមិនសុខចិត្តនឹងអ្វីដែលប្រទេសចិនកំពុងតែធ្វើនោះទេ។ អាមេរិកនៅតែមិនគាំទ្រទង្វើរបស់ចិនហើយហេតុនេះហើយដែលលោក ដូណាលត្រាំមិនសម្រេចចិត្តបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមកំពូលប្រជុំស្ដីពីគម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិននៅក្នុងទីក្រុងប៉េកាំង។ អវត្តមានរបស់លោក ដូណាលត្រាំ ក្នុងកិច្ចប្រជុំនេះនឹងធ្វើឲ្យបណ្ដាប្រទេសផ្សេងៗទៀតមានការភ្ញាក់ផ្អើលជាក់ជាមិនខាន៕

ដោយ៖ នឿន វណ្ណៈ

 

X
5s