បើចិនលេងមួយក្បាច់នេះវិញ គឺអាមេរិកនិងក្រុមហ៊ុនអេឡិចត្រូនិកផ្សេងទៀតអាចនឹងដាច់ផ្ងារជាមិនខាន​



ថ្មីៗនេះក្រុមហ៊ុនអេឡិចត្រូនិចយក្យរបស់ចិន Huawei បានត្រូវអាមេរិកដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅរបស់ខ្លួនដោយសារការចោទប្រកាន់ថាក្រុមហ៊ុនអេឡិចត្រូនិកចិនមួយនេះបានសហការជាមួយរដ្ឋាភិបាលចិនក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ក្នុងគោលបំណងស៊ើបការណ៍ពីសំណាក់រដ្ឋាភិបាលអាមេរិក។

លោក ដូណាលត្រាំ  ប្រភពរូបភាព៖ USATODAY

អាមេរិកក៍បានប្រកាសវិធានការថ្មីដែលតម្រូវឲ្យក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិកមួយចំនួនរួមមានដូចជាក្រុមហ៊ុន Google ក្រុមហ៊ុន Intel ក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Microsoft អោយបញ្ចប់ការសហការជាមួយក្រុមហ៊ុន Huawei ដោយបញ្ឈប់ការផ្ដល់នូវផ្នែកបច្ចេកវិទ្យានិងប្រព័ន្ធដំណើរការផ្សេងៗដល់ក្រុមហ៊ុនចិនមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះទីក្រុងវ៉ាស៊ីនតោនក៍បានដាស់តឿនឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ប្រទេសសម្ព័ន្ធមិត្តខ្លួនរួមមានក្រុមហ៊ុនអាឡឺម៉ង់ Infineon  និងក្រុមហ៊ុនជប៉ុន Panasonic អោយឈប់ប្រើប្រាស់និងសហការជាមួយនឹងក្រុមហ៊ុនចិនមួយនេះដែរ។

លោក ស៊ីជីនពីង  ប្រភពរូបភាព៖ BBC

អាមេរិកសង្ឃឹមថាការដាក់ទារុណកម្មបែបនេះលើក្រុមហ៊ុនអេឡិចត្រូនិចចិនមួយនេះអាចនឹងចាក់សម្លាប់និងដាក់គំនាបសេដ្ឋកិច្ចរបស់ប្រទេសចិនឲ្យកាន់តែយ៉ាប់យ៉ឺនជាងមុនលើសមរភូមិសង្គ្រាមពាណិជ្ជកម្មនេះរួមជាមួយនឹងការតម្លើងពន្ធនាំចូលលើផលិតផលប្រទេសចិនមកដល់ ២៥ ភាគរយ។

ទោះជាយ៉ាងណាក្ដី មិនដឹងថាការសម្រេចចិត្តរបស់អាមេរិកនិងក្រុមហ៊ុនទាំងនោះជាសកម្មភាពត្រឹមត្រូវឬខុសនោះឡើយព្រោះថាប្រទេសចិនអាចនឹងធ្វើស៊ីសេដ្ឋកិច្ចអាមេរិកនិងក្រុមហ៊ុនមួយចំនួនទាំងនោះវិញបានដូចគ្នា។ ជាក់ស្ដែងបច្ចុប្បន្ននេះប្រទេសចិនមានចំនួនប្រជាជនជាង ១.៤ ពាន់លាននាក់ហើយប្រទេសចិនក៍ជាទីផ្សារចំណូលយ៉ាងច្រើនចំពោះប្រទេសអាមេរិកនិងក្រុមហ៊ុនទាំងនោះផងដែរ។

ប្រភពរូបភាព៖ Apple

ក្នុងស្ថានភាពបែបនេះ បើសិនជាទីក្រុងប៉េកាំងប្រកាសឲ្យប្រជាជនររបស់ខ្លួនឈប់គាំទ្រនិងឈប់ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនអាមេរិកនិងបណ្ដាក្រុមហ៊ុនទាំងនោះក្នុងប្រទេសសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន នោះច្បាស់ជាមានការប៉ះពាល់ដល់ចំណូលនិងសេដ្ឋកិច្ចរបស់អាមេរិកនិងក្រុមហ៊ុនទាំងនោះជាក់ជាមិនខាន។ តួយ៉ាង ប្រជាជនចិនរាប់លាននាក់បានធ្វើការផ្លាស់ប្ដូរពីការប្រើប្រាស់ផលិតផលអេឡិចត្រូនិចយក្សអាមេរិក Apple មកប្រើប្រាស់ផលិតផលរបស់ប្រទេសខ្លួនវិញគឺផលិតផលក្រុមហ៊ុន Huawei ។ ហើយបើសិនជាប្រទេសចិនសម្រេចចិត្តនឹងបិទទាំងស្រុងមិនឲ្យប្រជាជនរបស់ខ្លួនប្រើប្រាស់ផលិតផលក្រុមហ៊ុន Apple គឺក្រុមហ៊ុនអាមេរិកមួយនេះនឹងត្រូវខាតបង់ប្រាក់ចំណូលជាង ៣០ ភាគរយជាមិនខាន។ អត្រាទន្និន័យមួយនេះបានធ្វើការគណនាចំពោះតែក្រុមហ៊ុន Apple ទេ។ ប៉ុន្តែចំពោះក្រុមហ៊ុនអាមេរិកផ្សេងៗទៀតរួមទាំងក្រុមហ៊ុនដែលបានចូលដៃជាមួយអាមេរិកអាចនឹងដាំក្បាលចុះខាតប្រាក់ចំណូលរាប់លានដុល្លារបើសិនជាចិនសម្រេចចិត្តថានឹងដាក់គំនាបបែបនេះ។

ម្យ៉ាងវិញទៀតទឹកដីប្រទេសចិនផ្ទុកសារធាតុរ៉ែដ៍កម្រដែលមិនងាយរកបាននៅតំបន់ផ្សេងៗលើពិភពលោក។ ហើយសារធាតុរ៉ែមួយចំនួនទាំងនេះគឺមានសារសំខាន់ព្រោះវាជាសមាសធាតុសម្រាប់ផលិតទូរស័ព្ទស្មាតហ្វូន អេក្រង់ ថាមពលថ្ម ហើយក៍មានសារសំខាន់ខ្លាំងថែមទៀតចំពោះការផលិតយន្តហោះគ្មានមនុស្ស (drones) មីស៊ីល ឧបករណ៍ចាប់សញ្ញា អាវុធទំនើប រ៉ាដា បច្ចេកវិទ្យាលាក់បាំង ឡាស៊ែរ កាំភ្លើង និងបច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិច។ ហើយកន្លងមកប្រទេសសេដ្ឋកិច្ចយក្យអាស៊ីមួយនេះបានធ្វើការផ្គត់ផ្គង់សារធាតុរ៉ែកម្រទាំងនេះជាង ៩០ ភាគរយទៅជុំវិញពិភពលោក។ ចំណុចនេះហើយដែលថាបើសិនជាចិនចង់សងសឹកសង្គ្រាមមួយនេះដោយបិទការផ្គត់ផ្គង់សារធាតុរ៉ែទាំងនេះដល់ប្រទេសអាមេរិកនិងក្រុមហ៊ុនទាំងនោះគឺពិតជាមិនល្អមើលនោះទេព្រោះថាបើអាមេរិកនិងក្រុមហ៊ុនទាំងនោះគ្មានសារធាតុរ៉ែកម្រទាំងនេះទេគឺការអភិវឌ្ឍវិស័យបច្ចេកវិទ្យារបស់ពួកគេអាចនឹងគាំងស្ញេញហើយជួបផលលំបាក់ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់រ៉ែកម្រទាំងនោះ។

មិនត្រឹមតែប៉ុណ្ណោះទេ មានផ្លូវជាច្រើនទៀតដែលទីក្រុងប៉េកាំងអាចគៀបសង្កត់សេដ្ឋកិច្ចរបស់អាមេរិកដោយកាត់បន្ថយឬបញ្ឈប់ប្រជាជនរបស់ខ្លួនមិនឲ្យទៅទស្សនាកម្សាន្តនៅប្រទេសអាមេរិកដែលជារៀងរាល់ឆ្នាំវិស័យទេសចរណ៍អាមេរិកទទួលបានប្រាក់ចំណូលពីអ្នកដំណើរកម្សាន្តចិនជាង ២៦០ ពាន់លានដុល្លារអាមេរិក។ ជាងនេះទៅទៀត ចិនអាចធ្វើការទម្លាក់តម្លៃសាច់ប្រាក់យន់ (yuan) របស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការតម្លើងពន្ធរបស់អាមេរិក។ វិធីសាស្ត្រវាយបកលើសកម្មភាពអាមេរិកមួយនេះអាចនឹងធ្វើអោយឥទ្ធិពលនៃពន្ធអាមេរិកធ្លាក់ចុះឬគ្មានប្រសិទ្ធភាពព្រោះថាប្រទេសចិននឹងលែងខាត់បង់ជាងមុនដោយប្រទេសផ្សេងៗអាចធ្វើការទិញផលិតផលចិនក្នុងតម្លៃថោកជាងមុន​។

ទោះជាយ៉ាងណាក្ដី ស្ថានភាពសង្គ្រាមពាណិជ្ជកម្មបច្ចុប្បន្នកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសចិននិងប្រទេសជាច្រើនផ្សេងទៀតជុំវិញពិភពលោក។ ស្ថានភាពនេះអាចនឹងមានការប្រែប្រួលគ្រប់ពេលបើភាគីទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនមានវិធានការថ្មីណាមួយលើសង្គ្រាមពាណិជ្ជកម្មក្នុងពេលខាងមុខ៕

ដោយ៖ នឿន វណ្ណៈ

 

 

X
5s