ក្នុងនាមជាអ្នកលក់ជោគជ័យគួរស្វែងយល់ពីយុទ្ធសាស្រ្តលក់ជោគជ័យទាំង ៥ នេះសិន​



មិនមែនគ្រប់ម្ចាស់អាជីវកម្ម ឬអ្នកលក់ផលិតផលរបស់ក្រុមហ៊ុនទាំងអស់ សុទ្ធតែជោគជ័យក្នុងអាជីពលក់រប់គេនោះទេ។ អ្នកខ្លះអាចជាមនុស្សដែលមានសមត្ថភាពមានដុងពីកំណើតក្នុងការបញ្ចុះបញ្ចូលឲ្យអតិថិជនទិញផលិតផលរបស់គេ តែអ្នកខ្លះទៀតជ្រើសរើសយកការងារមួយនេះដោយសារគ្មានជម្រើសការងារផ្សេងក៏មាន។ 

តែទោះជាអ្នកលក់អាជីពដែលមានដុង ពូកែនិយាយឲ្យគេទិញផលិតផល ឬអ្នកគ្រាន់តែធ្វើការដើម្បីយកប្រាក់បៀវត្សរ៍ក៏ដោយ គួរដឹងពីយុទ្ធសាស្រ្តលក់ដ៏ជោគជ័យដើម្បីផលប្រយោជន៍របស់ខ្លួន ជាពិសេសក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែដឹងពីយុទ្ធសាស្ត្រលក់ដ៏ជោគជ័យនេះ។ ចង់ដឹងថាយុទ្ធសាស្ត្រទាំង ៥ នោះមានអ្វីខ្លះ តោះទៅអានបន្តនៅចំនុចខាងក្រោមទាំងអស់គ្នា៖

១) ធ្វើការកំណត់ទីផ្សារគោលដៅរបស់អ្នកឲ្យច្បាស់

វាជាការសំខាន់បំផុតមុនពេលចាប់ផ្តើមលក់ផលិតផលមួយលើទីផ្សារ យើងត្រូវដឹងនិងកំណត់ឲ្យបានច្បាស់ជាមុនសិនថានរណាជាអតិថិជនគោលដៅរបស់យើង។ ខណៈដែលយើងមានផលិតផលស្រាប់ហើយស្វែងរកអតិថិជនតាមក្រោយ យើងត្រូវមើលថាទីតាំងឬតំបន់ដែលយើងចង់យកផលិតផលទៅ លក់នោះ មានភាគរយអ្នកត្រូវការច្រើនឬតិច។

២) កំណត់ការផ្សព្វផ្សាយរបស់អ្នក

បន្ទាប់ពីកំណត់ទីផ្សារគោលដៅមក អ្នកចាប់ផ្តើមដល់ពេលស្វែងរកបណ្តាញដើម្បីលក់ផលិតផលដូចជា តាមកន្លែងលក់ដុំ ដេប៉ូចែកចាយ ភ្នាក់ងារលក់ និងតាមកន្លែងលក់រាយនានា។ អ្នកប្រហែលជាត្រូវការជំនួយពីពួកគេទាំងអស់ដោយសារពួកគេស្គាល់ទីផ្សារនោះច្បាស់ជាងអ្នក អ្នកអាចនឹងត្រូវសុំជំនួយខ្លះពីពួកគេក្នុងការប្រមួលព័ត៌មានឬទិន្នន័យរបស់អតិថិជនដូចជាការសុំលេខទូរស័ព្ទ ឬសារអេឡិចត្រូនិចទំនាក់ទំនងជាដើម។ បន្ទាប់ពីបានព័ត៌មានទាំងអស់នោះអ្នកអាចងាយស្រួលក្នុងការផ្សព្វផ្សាយផលិតផលរបស់អ្នកទៅដល់ពួកគេដោយផ្ទាល់។ 

៣) ដឹងពីសំនួរដែលអ្នកត្រូវឆ្លើយ

អ្នកលក់ដែលពូកែ តែងត្រៀមចម្លើយជាមុនដើម្បីឆ្លើយសំនួររបស់អតិថិជន។ បន្ទាប់ពីគេបានធ្វើការផ្សព្វផ្សាយផលិតផលរបស់គេទៅដល់អតិថិជន អនុញ្ញាត្តឲ្យអតិថិជនប្រើប្រាស់សាកល្បង គេបានត្រៀមជាកម្រងសំនួរដើម្បីសួរពីមតិត្រលប់របស់អតិថិន ក៏ដូចជាត្រៀមចម្លើយជាស្រេចដើម្បីឆ្លើយនូវរាល់សំនួររបស់អតិថិជនអំពីផលិតផល។ គេអាចធ្វើបែបនេះបានព្រោះគេបានដើរតួខ្លួនឯងជាអតិថិជន ហើយគេក៏ស្គាល់ច្បាស់ពីផលិតផលដែលមាននៅក្នុងដៃគេផងដែរ។

៤) ផ្តល់ និងកសាង

មានន័យថាគេផ្តល់ជូនអតិថិជននូវផលិតផល រួមទាំងទំនុកចិត្ត ហើយគេបានកសាងនូវទំនាក់ទំនងយ៉ាងល្អជាមួយអតិថិជន។ បន្ទាប់ពីការលក់ផលិតផលដល់អតិថិជនពួកគេតែងសួរទៅកាន់អតិថិជនដើម្បីបានជាមតិយោបល់ត្រលប់មកវិញ ធ្វើបែបនេះដើម្បីកែលម្អរាល់ចំនុចខ្វះខាតដែលមានលើផលិតផលក៏ដូចជាសេវាកម្មលក់។ គេជាមនុស្សឆ្លាតព្រោះគេដឹងថាអតិថិជននឹងត្រលប់មកវិញម្តងទៀត ប្រសិនបើគេអាចចងចិត្តអតិថិជននូវការយកចិត្តទុកដាក់ និងទំនាក់ទំនងយ៉ាងល្អមួយនេះ។

៥) ត្រួតពិនិត្យ

ចំនុចនេះសំខាន់ណាស់ ដើម្បីឈានទៅរកភាពជោគជ័យនៃការលក់។ ដើម្បីចង់បានភាពជោគជ័យអ្នកត្រូវត្រួតពិនិត្យខ្លួនឯងជាប្រចាំថា៖

ក) តើខ្ញុំអាចធ្វើវាបានដោយរបៀបណា?

ខ) តើវាមានដំណើរការបែបណា? ចំនុចណាដែលវាដំណើរការទៅបានល្អ?

គ) តើអ្វីដែលវាមិនដំណើរការ? វាឧបសគ្គអ្វីដែលជាការរារាំងដល់ដំណើរការនេះ?

ឃ) តើខ្ញុំបានឈានឡើងដល់ចំនុចដែលជាគោលការណ៍ ឬចំនុចដែលខ្លួនឯងចង់បានឬនៅ?

បើរកឃើញចំនុចដែលល្អហើយអ្នកត្រូវពង្រឹងបន្ថែមទៀត ហើយចំនុចដែលរារាំងដល់ដំណើរការការងារនោះយើងត្រូវរកឲ្យឃើញថាវាបណ្តាលមកពីអ្វី ហើយយើងត្រូវរកផ្លូវផ្សេងដើម្បីរុញការលក់ឲ្យបានល្អ និងជោគជ័យ ព្យាយាមកែប្រែចំនុចខ្វះខាតទៅជាឱកាសដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត៕

ដោយ៖ យ៉ាយ៉ា