សុភាសិតចិន៖ «បើកាលណាចិត្តរបស់អ្នករឹងមាំ នោះរឿងពិបាកទាំងប៉ុន្មាននឹងក្លាយជាស្រួល...‍‌‌‌‌‌‌‌‌‌‌‌‌‌‌»​



នៅពេលអ្នកជួបបញ្ហា អ្នកត្រូវចាំថាមិនមែនមានតែអ្នកម្នាក់ឯងទេនៅក្នុងលោកនេះដែលមានបញ្ហានោះ។ ក្នុងដំណើរជីវិតចៀសមិនផុតឡើយបញ្ហា។ ប៉ុន្តែមានសុភាសិតចិនមួយឃ្លាដែលអ្នកគួរយកទៅគិតពិចារណាបាននិយាយថា «បើកាលណាចិត្តរបស់អ្នករឹងមាំ នោះរឿងពិបាកទាំងប៉ុន្មាននឹងក្លាយជាស្រួល បើកាលណាចិត្តអ្នកទន់ខ្សោយវិញ នោះរឿងស្រួលទាំងប៉ុន្មាននឹងក្លាយជាពិបាក។»

តាមពិតទៅរាល់បញ្ហាទាំងអស់ដែលបានកើតឡើងចំពោះអ្នក សុទ្ធតែមានហេតុផលរបស់វា។ តាមរយៈរាល់បញ្ហាទាំងអស់ដែលបានកើតឡើងចំពោះអ្នក វាអាចឆ្លុះបញ្ចាំងឲ្យឃើញពីធម្មជាតិនៃការគិតរបស់អ្នកនិងអត្តចរិតរបស់អ្នក។ មនុស្សដែលមានចិត្តរឹងមាំ ដោះស្រាយបញ្ហាអ្វីៗដោយចិត្តស្ងប់ នោះមិនថាបញ្ហាធំប៉ុណ្ណាក៏ពួកគេអាចសម្រាយបញ្ហានោះឲ្យបង្រួមមកតូចបន្តិចម្ដងៗរហូតអស់បាន។

រីឯមនុស្សដែលមានចិត្តទន់ខ្សោយវិញ នៅពេលអ្វីៗមិនទៅតាមចិត្តរបស់ខ្លួន ក៏តែងតែរអ៊ូរទាំ និយាយតែអំពីបញ្ហាតែបែរជាមិនគិតគូរអំពីដំណោះស្រាយ រកមនុស្សមកទម្លាក់កំហុស គឺមានតែបន្ថែមទម្ងន់ទៅលើបញ្ហាដែលកំពុងតែធ្ងន់ស្រាប់ឲ្យទៅជាធ្ងន់លើសដើម ឬបើជាបញ្ហាតូចតាចវិញ គឺមានតែពង្រីកបញ្ហាតូចឲ្យទៅជាធំនេះឯង។ បញ្ហាដែលត្រូវដោះស្រាយបានដោយស្រួល ក៏ធ្វើឲ្យវាពិបាកដោះស្រាយជាងមុនទៅវិញ។

ការរអ៊ូរទាំមានតែធ្វើឲ្យខូចអារម្មណ៍របស់ខ្លួនឯងនិងអារម្មណ៍របស់មនុស្សជុំវិញខ្លួនអ្នកប៉ុណ្ណោះ។ បញ្ហាគឺជារឿងដែលមិនអាចចៀសផុតនោះឡើយ។ នៅពេលមានបញ្ហាកើតឡើងមក អ្វីដែលអ្នកគួរផ្ដោតសំខាន់ទៅលើគឺជាការស្វែងរកដំណោះស្រាយ ព្រោះការរអ៊ូរទាំមានតែបន្ថែមបញ្ហាលើសដើម រឹតតែមិនអាចដោះស្រាយបញ្ហាអ្វីបាន។

ធ្វើជាមនុស្សម្នាក់ដែលមានចិត្តស្ងប់មិនថាស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយ គឺមិនមែនជារឿងងាយស្រួលនោះឡើយ។ អ្វីដែលកើតមកលើអ្នកមិនសំខាន់ អ្វីដែលសំខាន់គឺថាតើអ្នកឆ្លើយតបចំពោះវាវិញយ៉ាងដូចម្ដេច។ ទាល់តែអ្នកអាចគ្រប់គ្រងឲ្យចិត្តអ្នកស្ងប់ជាមុន នោះទើបអ្នកអាចស្វែងរកដំណោះស្រាយបញ្ហាបានល្អបាន កែប្រែពីបញ្ហាធំឲ្យមកជាតូច បញ្ហាតូចឲ្យក្លាយជាអស់បញ្ហា៕

ដោយ៖ ស្រីពៅ

 

X
5s