ប្រទេសដែលឈានមុខផ្នែកសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អាស៊ីបូពា៌គឺជប៉ុនមិនមែនជាចិនទេ​



យោងតាមការវាស់ស្ទង់ស្ថិតិរបស់ Fitch Solutions ដែលបានចុះផ្សាយដោយសារព័ត៌មាន CNBC បានឲ្យដឹងថាក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសជប៉ុនគឺជាប្រទេសដែលនាំមុខគេលើផ្នែកស្ថាបនានិងកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសមួយចំនួនក្នុងតំបន់១០ប្រទេសមួយនេះ។

ដូចនេះមានន័យថាប្រទេសចិនមិនមែនជាប្រទេសនាំមុខគេដែលបានកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នេះឡើយ។ តាមទន្និន័យនៃការវាស់ស្ទង់ស្ថិតិបានឲ្យដឹងថាជប៉ុនមានសំណង់ហេដ្ឋារចនាសម្ព័ន្ធដែលមានតម្លៃជាង ៣៦៧ ពាន់លានដុល្លារដែលលើសពីតម្លៃសំណង់ហេដ្ឋារចនាសម្ព័ន្ធចិនដែលមានតម្លៃជាង ២៥៥ ពាន់លានដុល្លារ។ ជប៉ុនបានកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសហ្វីលីពីន ប្រទេសសិង្ហបុរីនិងប្រទេសវៀតណាមច្រើនជាងគេក្នុងចំណោមប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។

ប្រទេសជប៉ុននិងប្រទេសចិនកន្លងមកបានធ្វើការប្រកួតប្រជែងក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយព្យាយាមប្រជ្រៀតខ្លួនចូលទៅក្បែរធនធានសេដ្ឋកិច្ចនិងទីតាំងយុទ្ធសាស្ត្រក្នុងតំបន់នេះ។

ស្ថិតិរបស់ Fitch Solutions នេះអាចនឹងធ្វើឲ្យសារធាណជនមួយចំនួនមានការភ្ញាក់ផ្អើលបន្ដិចហើយព្រោះដោយសារតែកន្លងមកក្នុងប៉ុន្មាន ៣០ ឆ្នាំមកនេះប្រទេសជប៉ុនមានសេដ្ឋកិច្ចគាំងនឹងថ្កល់មិនទៅមុខមិនទៅក្រោយសោះ។ ម៉្យាងវិញទៀតប្រទេសមួយនេះមានសេដ្ឋកិច្ចដែលដើរនៅពីក្រោយសេដ្ឋកិច្ចប្រទេសចិនដែលសព្វថ្ងៃនេះប្រទេសចិនកំពុងតែជាប់ចំណាត់ថ្នាក់សេដ្ឋកិច្ចធំលេខពីរហើយជប៉ុនជាប់លេខបី។ និយាយរួមសេដ្ឋកិច្ចប្រទេសជប៉ុនមានទំហំតែជាង ១ ភាគ ៣ នៃសេដ្ឋកិច្ចចិនប៉ុណ្ណោះ។ ហើយសព្វថ្ងៃប្រទេសចិនមានសកម្មភាពមមាញឹកជាមួយនឹងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនក្នុងបណ្ដាប្រទេសសមាជិកអាស៊ីអាគ្នេយ៍មួយចំនួនមានប្រទេសម៉ាឡេស៊ីនិងប្រទេសហ្វីលីពីនជាដើម។

តួរយ៉ាងប្រទេសចិនបានទទួលជោគជ័យក្នុងការបណ្ដុះសំណង់ហេដ្ឋារចនាសម្ព័ន្ធ East Coast Rail Project ក្នុងប្រទេសម៉ាឡេស៊ី។ ហើយចំពោះក្នុងប្រទេសហ្វីលីពីនវិញប្រទេសមហាសេដ្ឋកិច្ចអាស៊ីមួយនេះបានដាក់ទុនយ៉ាងច្រើនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនក្នុងប្រទេសនេះដោយបានប្ដេជ្ញាចំពោះនាយករដ្ឋមន្ត្រីហ្វីលីពីនលោក Duterte ថានឹងជួយឲ្យគម្រោងអភិវឌ្ឍរបស់លោក “Build, Build, Build” ឲ្យក្លាយជាការពិតក្នុងពេលខាងមុខឆាប់ៗ។ ប៉ុន្តែប្រទេសចិនមានរឿងអាស្រូវដែលបានត្រូវប្រទេសមួយចំនួនចោទប្រកាន់ថាប្រទេសមួយនេះព្យាយាមទាក់ទាញប្រទេសដ៍ទៃឲ្យធ្លាក់ចូលក្នុងអន្ទាក់បំណុលវ័ណ្ឌករបស់ពួកតាមរយៈកម្ចីប្រាក់ទាំងនោះរបស់ខ្លួន។ ប្រទេសមួយចំនួនដែលបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់ចិនរួមមកហើយមានប្រទេសស្រីលង្ការដែលកូនប្រទេសមួយនេះមិនអាចសងបំណល់ប្រទេសចិនបានទើបប្រទេសចិនសម្រេចចិត្តយកកំពង់ផែពីររបស់កូនប្រទេសនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។ ហេតុនេះហើយបានជាមានប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានធ្វើការសើរើសុំចរចាជាមួយចិនម្ដងទៀតដើម្បីកាត់បន្ថយទំហំបំណុលដែលប្រទេសទាំងនោះកំពុងតែជំពាក់ចិនក្នុងការយកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសរបស់ខ្លួន។ ពួកប្រទេសទាំងនេះសុទ្ធតែមិនចង់មានវាសនាដូចប្រទេសស្រីលង្ការទេ។  

ទោះជាយ៉ាងណាក្ដី គេមិនប្រាកដក្នុងចិត្តថារឿងអាស្រូវរបស់ចិនមួយនេះជាហេតុផលដែលធ្វើឲ្យប្រទេសជប៉ុនឈានមុខចិនក្នុងការមានសំណង់ហេដ្ឋារចនាសម្ព័ន្ធច្រើនជាងចិនឬយ៉ាងណានោះទេ។ តែអ្វីដែលគេប្រាកដក្នុងចិត្តគឺប្រទេសចិននិងជប៉ុនមានការប្រកួតប្រជែងគ្នាយ៉ាងពេញទំហឹងក្នុងការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួនចូលទៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ៕

ដោយ៖ នឿន វណ្ណៈ

X
5s