ដំណឹងល្អ! ទីបំផុតអាមេរិកបើកផ្លូវឲ្យក្រុមហ៊ុនចិន Huawei អាចបន្តការសហការជាមួយក្រុមហ៊ុនអាមេរិកបានវិញហើយ​



ប្រធានាធិបតីអាមេរិក លោកដូណាលត្រាំ បានមានប្រសាសន៍ថាលោកនឹងអនុញ្ញាតិឲ្យក្រុមហ៊ុនអេឡិចត្រូនិកយក្យអាមេរិកបន្តសហការជាមួយក្រុមហ៊ុន Huawei ហើយបើកផ្លូវឲ្យក្រុមហ៊ុនមួយនេះបន្តប្រកបអាជីវកម្មជាមួយក្រុមហ៊ុនអាមេរិកបានដូចធម្មតា។ ដំណឹងដ៍ល្អក្ដៅៗសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិកយក្យចិន Huawei នេះទើបនឹងលេចចេញឡើងកាលពីថ្មីៗនេះនៅថ្ងៃសៅរ៍ក្នុងកំពូលកិច្ចប្រជុំ G-20 ក្នុងរដ្ឋអូសាកា ប្រទេសជប៉ុនរវាងមេដឹកនាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។

តាមរយៈសម្ដីរបស់លោក ដូណាលត្រាំ ដែលបានលើកឡើងថាក្រុមហ៊ុនអាមេរិកអាចបន្តលក់ផលិតផលរបស់ពួកគេដល់ក្រុមហ៊ុន Huawei ។ លោកបានអះអាងបញ្ជាក់ទៀតថាគ្រឿងបច្ចេកវិទ្យាទាំងនោះគឺមិនមែនជាគ្រឿងបច្ចេកវិទ្យាដែលអាចប៉ះពាល់ដល់បញ្ហាសុវត្ថភាពរឿងផ្ទៃក្នុងរបស់រដ្ឋាភិបាលប្រទេសណាមួយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះលោកដូណាលត្រាំបានបន្តសម្ដីទៀតថាលោកយល់ព្រមឲ្យក្រុមហ៊ុននានារបស់អាមេរិកបន្តប្រកបអាជីវកម្មជាមួយក្រុមហ៊ុន Huawei ដើម្បីអាចឲ្យក្រុមហ៊ុនអាមេរិកទាំងនោះមានដំណើរការអាជីវកម្មជាធម្មតាដូចកាលពីមុន។

កាលពីខែមុនក្រសួងពាណិជ្ជកម្មរបស់អាមេរិកបានដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ចូលទៅក្នុងបញ្ជីខ្មៅហើយបានតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួនមានក្រុមហ៊ុន Microsoft ក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Intel និងក្រុមហ៊ុនរបស់ប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួនបញ្ឈប់ការសហការជាមួយក្រុមហ៊ុនចិនមួយនេះ។ ហើយកន្លងមកលោកដូណាលត្រាំបានចោទប្រកាន់ថាក្រុមហ៊ុនអេឡិចត្រូនិចយក្យ Huawei មួយនេះបានលួចបំពាក់ប្រព័ន្ធស៊ើបការណ៍លួចទនិ្នន័យផ្សេងៗដែលអាចប៉ះពាល់ដល់សន្ដិសុខ និងរឿងផ្ទៃក្នុងរបស់រដ្ឋាភិបាលប្រទេសនានាហើយក្រុមហ៊ុននេះក៍បានធ្វើការបដិសេដការចោទប្រកាន់នេះព្រមទាំងបើកដៃឲ្យរដ្ឋាភិបាលអាមេរិកស្រាវជា្រវពីបញ្ហានេះក្នុងក្រុមហ៊ុន Huawei ។

ប៉ុន្តែក្នុងថ្ងៃសៅរ៍នេះមេដឹកនាំរបស់អាមេរិកនិងចិនបានធ្វើកិច្ចប្រជុំជាមួយគ្នាក្នុងទីក្រុងអូសាកាដើម្បីដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្មហើយមេដឹកនាំទាំងពីររូបបានយល់ព្រមក្នុងការផ្អាកសមរភូមិសង្គ្រាមពាណិជ្ជកម្មនេះដែលជាដំណឹងដ៍ល្អគ្មានពីរចំពោះក្រុមហ៊ុន Huawei ដែលធ្វើឲ្យក្រុមហ៊ុនចិនមួយនេះមានដំណើរការជាធម្មតាមកវិញ៕

ដោយ៖ នឿន វណ្ណៈ