ទំលាប់អាក្រក់ទាំង ៧ ធ្វើឲ្យអ្នកនៅឆ្ងាយពីភាពជោគជ័យ​



ក្នុងមួយជីវិតអ្នកធ្លាប់ជួបរឿងបរាជ័យប៉ុន្មានដង និងរឿងជោគជ័យប៉ុន្មានដង។ អ្នកខ្លះទន្ទេញចង់បានភាពជោគជ័យណាស់ តែខ្លួនឯងនៅចងផ្អោបទំលាប់ដ៏អាក្រកើមិនព្រមលែងចោលសោះ។

អ្នកនឹងគ្មានពន្លឺនៃភាពជោគជ័យទេ មិនថាលើការងារឬរឿងរ៉ាវអ្វីទេបើអ្នកនៅតែមានទំលាប់អាក្រក់ទាំង ៧ យ៉ាងនេះ៖

១) បណ្តាយឲ្យអ្នកដទៃកំណត់លើជីវិត និងអ្វីដែលអ្នកចង់បានរហូត៖ ជីវិតជារបស់អ្នក ល្មមឈប់ឲ្យនរណាម្នាក់មកកំណត់ផ្លូវដើរនៃជីវិតរបស់អ្នកទៅ នេះមិនមែនមានន័យថាអ្នកត្រូវឈប់ស្តាប់ដំបូន្មាន និងការប្រៀបប្រដៅពីនរណាម្នាក់ឡើយ តែដំណើរជីវិតអ្នក អ្វីដែលអ្នកចង់បានគួរកំណត់និងស្វែងរកវាដោយខ្លួនឯង។ បង្កើតការសម្រេចចិត្តដោយខ្លួនឯង ទទួលខុសត្រូវលើជីវិតខ្លួនឯង។

២) ខ្លាចបរាជ័យ៖ មានន័យអ្វីទៅបើអ្នកខ្លាចភាពបរាជ័យរហូតបែបនេះ សួរថាខ្លាចបរាជ័យនេះ អ្នកធ្លាប់ជោគជ័យហើយឬនៅ? ដោយសារតែអ្នកខ្លាចបរាជ័យបែបនេះហើយទើបអ្នកគ្មានការរីកចម្រើនសោះ វាមិនខុសទេដែលគ្រាន់តែបង្រៀនខ្លួនឯងឲ្យស្គាល់ពីអ្វីដែលជាជីវិត សាកល្បងអ្វីថ្មីខ្លះទោះជាបរាជ័យក៏គង់ទទួលបានបទពិសោធន៍សម្រាប់ជីវិតដែរ។

៣) ពោរពេញដោយភាពអវិជ្ជមាន៖ ក្នុងគំនិតរបស់អ្នកគ្រាន់តែរឿងអវិជ្ជមានស្ទើរ ៩០% ហើយ ឃើញនរណាក៏ក្នុងផ្លូវអវិជ្ជមានទោះគេមិនដែលធ្វើអ្វីប៉ះពាល់អ្នក ការងារអ្វីក៏អ្នកតែងគិតថាមិនល្អ។ អ្នកមិនហ៊ានចាប់ផ្តើមអ្វីមួយទេខ្លាចថាការងារនោះប៉ះពាល់ដល់មុខមាត់ ទាំងដែលអ្វីទាំងអស់នោះអាចនឹងជួយអ្នកឲ្យបានប្រសើរឡើង។ ត្រូវចាំពាក្យមួយមាត់ថា ទោះរឿងមួយនោះអាក្រក់ប៉ុនណា បើអ្នកមើលវាគិតវា និងធ្វើវាក្នុងផ្លូវល្អ វានឹងហុចផលល្អត្រលប់មកឲ្យអ្នកវិញមិនខាន។

៤) រស់នៅក្នុងអតីត៖ អតីតកាលអ្នកធ្លាប់ហែលឆ្លងរឿងឈឺចាប់ តែមិនមែនថាបច្ចុប្បន្ននិងអនាគតអ្នកនៅតែជួបបញ្ហាដូចមុនឯណា។ ការដែលបណ្តោយខ្លួនឲ្យលិចលង់ក្នុងអតីតកាលដ៏សែនឈឺចាប់ ហើយមិនទុកឱកាសដល់ខ្លួនស្វែងរកអ្វីថ្មីៗទេ នោះអ្នកនឹងមិនអាចរកក្តីសុខនិងភាពជោគជ័យមួយសម្រាប់ខ្លួនបានឡើយ។

៥) បន្តពន្យារពេល៖ “រងចាំឱកាសល្អមួយមកដល់” តើអ្នកត្រូវប្រើពាក្យនេះប៉ុន្មានដងទៀតទើបព្រមចាប់ផ្តើមរឿងល្អមួយសម្រាប់ខ្លួនឯង? អ្នកដឹងពីអនាគតច្បាស់ណាស់មែនទេថាពេលណាដែលអ្នកនឹងជោគជ័យពិតប្រាកដដោយមិនចាប់ផ្តើម ហើយចំណាយពេលរងចាំបែបនេះ? សុបិននៅតែជាសុបិនពេលអ្នកបានត្រឹមស្រមៃ តែវាវនឹងក្លាយជាការពិតល្គឹកណាអ្នកចាប់ផ្តើមធ្វើសកម្មភាពដើម្បីទាញយកភាពជោគជ័យមកដាក់នឹងមុខ។ 

៦) ទន្ទេញតែពាក្យអស់សង្ឃឹម៖ តើវាបានការអ្វីទៅដែលធ្វើការងារអ្វីមួយហើយនៅតែទន្ទេញជាប់មាត់រហូតថាគ្មានសង្ឃឹមនោះ។ ទោះវាមានឱកាសដល់ទៅ ៩០% ក្នុងការទទួលជោគជ័យក្តី តែភាពអស់សង្ឃឹម ១% របស់អ្នកនឹងទាញអ្នកចុះមិនឲ្យស្គាល់រសជាតិនៃភាពជោគជ័យឡើយ។

៧) បោះបង់ចោល៖ អ្វីៗត្រៀមរួចរាល់អស់ដើម្បីភាពជោគជ័យ តែអ្នកបែរជាបោះបង់ចោលវិញ តើពន្លឺនៃភាពជោគជ័យមានមកពីណាទៅ? គ្រាន់តែជួបភាពលំបាកបន្តិចអ្នកក៏រារែកចិត្ត អ្នកខ្លាចហត់ ខ្លាចខ្មាស់គេហើយក៏សម្រេចចិត្តបោះបង់ចោលអត់បានការខ្លាំងណាស់។ ស៊ូទ្រាំបន្តិចទៅ ការលំបាកអ្នកជួបថ្ងៃនេះវាជួយអ្នកឲ្យរឹងមាំច្រើនសម្បើមណាស់ដឹងទេ ភាពតានតឹងដែលអ្នកជួបថ្ងៃនេះនឹងជួយអ្នកឲ្យធូរស្បើយនៅថ្ងៃបន្ទាប់ព្រោះអ្នកមិនឈឺចាប់ទេពេលជួបវាម្តងទៀត។ 

ជម្រុះចោលឲ្យអស់ទៅទំលាប់ដ៏អាក្រក់ទាំងអស់នេះ ហើយចាប់ផ្តើមអ្វីថ្មីៗសម្រាប់ជីវិត និងដើម្បីស្វាគមន៍ភាពជោគជ័យសម្រាប់ថ្ងៃបន្ទាប់។

ដោយ៖ យ៉ាយ៉ា

 

 

X
5s