អាមេរិកគំរាមថានឹងដាក់គំនាបពន្ធ ស្រាប់តែវៀតណាមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហព័ន្ធអ៊ឺរ៉ុប​



កាលពីថ្ងៃអាទិត្យកន្លងទៅ វៀតណាមនិងសហព័ន្ធអ៊ឺរ៉ុបបានចុះកិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលនឹងលុបបំបាត់ពន្ធនាំចូលផលិតផលពីប្រទេសកំពុងអភិវឌ្ឍន៍មួយនេះក្នុងអត្រា ៩៩ ភាគរយ។

ខណៈដែលសមរភូមិសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក-ចិនកំពុងនៅមានវត្តមាន គឺមានប្រទេសជាច្រើនជុំវិញពិភពលោកកំពុងតែមានការព្រួយបារម្ភជាមួយនឹងរំសាយនៃផលប៉ះពាល់របស់សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិន។ ប៉ុន្តែកិច្ចព្រមព្រៀង EU-Vietnam បានបង្ហាញថាប្រទេសេវៀតណាមអាចនឹងដកខ្លួនរួចចេញពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មតាមរយៈការសហការជាមួយនឹងសហព័ន្ធអ៊ឺរ៉ុបលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Eu-Vietnam (EU-Vietnam Free Trade Agreement) ។ 

ទោះបីជាប្រធានាធិបតីអាមេរិកលោក ដូណាលត្រាំ បានបង្ហើបសម្ដីថ្មីៗនេះថាប្រទេសវៀតណាមអាចនឹងក្លាយជាគោលដៅបន្ទាប់ពីចិនក្នុងការត្រូវអាមេរិកដាក់គំនាបពន្ធ ប៉ុន្តែកិច្ចព្រមព្រៀងថ្មីរវាងសហព័ន្ធអ៊ឺរ៉ុបនិងវៀតណាមនេះនឹងក្លាយជាផ្លូវសេដ្ឋកិច្ចថ្មីសម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះអោយមានដង្ហើមរស់បានបើអាមេរិកសម្រេចចិត្តដាក់ពន្ធលើប្រទេសនេះពិតមែន។ សហព័ន្ធអ៊ឺរ៉ុបបានប្រាប់ឲ្យដឹងថាសហព័ន្ធអ៊ឺរ៉ុបបានធ្វើកិច្ចព្រមព្រៀងនេះឡើងយ៉ាងប្រញាប់ប្រញាល់ជាមួយនឹងប្រទេសវៀតណាម។

បច្ចុប្បន្នប្រទេសវៀតណាមគឺជាប្រទេសដែលជាប់ចំណាត់ថ្នាក់លេខ ១៦ ក្នុងនាមជាប្រទេសដែលធ្វើពាណិជ្ជកម្មជាមួយសហព័ន្ធអ៊ឺរ៉ុបយ៉ាងមមាញឹក។ ជាពិសេសនោះយោងតាមគណៈកម្មការ​អឺរ៉ុប (European Commission) ប្រទេសនេះជាប្រទេសដៃគូពាណិជ្ជកម្មទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលធ្វើពាណិជ្ជកម្មយ៉ាងធំជាមួយសហព័ន្ធអ៊ឺរ៉ុប។ ហើយតាមរយះរបាយការណ៍ផ្លូវការបានអោយដឹងថាកាលពីឆ្នាំ ២០១៨ ប្រទេសវៀតណាមបានធ្វើការនាំចេញទៅសហព័ន្ធអ៊ឺរ៉ុបក្នុងតម្លៃសរុបជាង ៤២.៥ ពាន់លានដុល្លារអាមេរិកានិងបានធ្វើការនាំចូលពីសហព័ន្ធអ៊ឺរ៉ុបក្នុងតម្លៃសរុបជាង ១៣.៨ ពាន់លានដុល្លារអាមេរិក។

មិនត្រឹមតែប៉ុណ្ណោះទេ រដ្ឋាភិបាលវៀតណាមបានប្រាប់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងជំរុញឲ្យការនាំចេញរបស់សហព័ន្ធអ៊ឺរ៉ុបមកប្រទេសវៀតណាមកើនឡើងរហូតដល់ ១៥.២៨ ភាគរយហើយការនាំចេញរបស់វៀតណាមទៅសហព័ន្ធអ៊ឺរ៉ុបកើនឡើងរហូតដល់ ២០ ភាគរយ។

ហើយតាមសម្ពីរបស់លោក Brian Harding ដែលជាអនុប្រធាននិងជាអ្នកសម្របសម្រួលកម្មវិធីសិក្សាមជ្ឈមណ្ឌលយុទ្ធសាស្ត្រនិងអន្ដរជាតិនៃមជ្ឈមណ្ឌលសុវណ្ណភូមិនៃអាស៊ីអាគ្នេយ៍បានឲ្យដឹងថាប្រទេសវៀតណាមកំពុងតែមមាញឹកជាមួយនឹងការចាប់យកឱកាសជាមួយនឹងការសហការពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនរួមមានប្រទេសកាណាដានិងម៉ិចស៊ិកផងដែរដែលនេះនឹងជួយអោយសេដ្ឋកិច្ចរបស់ប្រទេសមួយនេះដុះដៃដុះជើងយ៉ាងលឿនក្នុងពេលឆាប់ៗនេះ៕

ដោយ៖ នឿន វណ្ណៈ

 

 

X
5s