កប៉ាល់កុងតេន័រដ៏ធំបំផុតរបស់ពិភពលោកបានចេញដំណើរពីកំពង់ផែភាគខាងជើងប្រទេសចិនទៅអ៊ឺរ៉ុប​



MSC Gulsun កប៉ាល់ផ្ទុកកុងតេន័រធំបំផុតលើពិភពលោក មានសមត្ថភាពផ្ទុកទំនិញបានច្រើន បានចេញដំណើរចាប់ផ្តើមសកម្មភាពរបស់ខ្លួនពីកំពង់ផែភាគខាងជើងប្រទេសចិនក្នុងទីក្រុង Tianjin ទៅកាន់ទិសពាយព្យនៃទ្វីបអឺរ៉ុបកាលពីថ្ងៃចន្ទ ០៨ កក្កដា ២០១៩។

ជាមួយទម្ងន់ផ្ទុកជាអតិបរមា ២២៤,៩៨៦ តោន នាវា MSC Gulsun នេះមានសមត្ថភាពដឹកជញ្ជូន ២៣,៧៥៦ TEUs (ឯកតាសម្គាល់ 20-foot equivalent units) នេះបើយោងតាម Jonathan Zhu នាយកគ្រប់គ្រងក្រុមហ៊ុន MSC Mediterranean Shipping។

នាវាដែលមានប្រវែងទទឹង ៤០០ ម៉ែត្រនិងទទឹង ៦១.៥ ម៉ែត្រគ្រោងនឹងទៅដល់ភាគពាយព្យនៃទ្វីបអឺរ៉ុប បន្ទាប់ពីបានធ្វើដំណើរទៅកំពង់ផែជាច្រើនរួមទាំង Qingdao, Shanghai, Algeciras, Gdansk, Kaliningrad និង Rotterdam។ 

ដោយមានទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសនិងតំបន់ជាង ១៨០ កំពង់ផែដើរតួនាទីយ៉ាងសំខាន់នៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយដែលស្នើឡើងដោយចិន។ ទិន្នផលកុងតេន័ររបស់ខ្លួនបានមានសមត្ថភាពផ្ទុករហូតដល់ ៨.៣៣ លានតោនក្នុងឆមាសទីមួយនៃឆ្នាំនេះពោលគឺកើនឡើង ៦.៧% ធៀបនឹងឆ្នាំមុនខ្ពស់ជាងកំណើនជាមធ្យមនៃកំពង់ផែរបស់ប្រទេសចិន។

នាវានេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Samsung Heavy Industries ដែលជាសាខាក្រុមហ៊ុនផលិតនាវារបស់ក្រុមហ៊ុន Samsung Group នៃសាធារណរដ្ឋកូរ៉េ៕

ដោយ៖ យ៉ាយ៉ា