Bill Gates ចង់​ផ្តាំផ្ញើ​​​​មនុស្ស​គ្រប់រូប​ឲ្យ​សួរ​ខ្លួនឯង​ ៣​សំនួរ​នេះ!​



នៅ​ពេល​និយាយ​ពី​ប្រធានបទ​នេះ មនុស្ស​ម្នាក់ៗ​មាន​របៀប​គ្រប់គ្រង ដឹកនាំ និង​វិថី​ជីវិត​ផ្សេងៗ​គ្នា។ កាលៈទេសៈ ឱកាស និង​​ការ​ផ្លាស់ប្ដូរ មិន​អា​ធានា​បាន​ថា អ្វី​ដែល​អ្នក​គិត អ្វី​ដែល​អ្នក​ធ្វើ​​នៅ​ថ្ងៃ​នេះ​នឹង​ត្រឹមត្រូវ​រហូត​នោះ​ទេ។ វា​អាច​នឹង​ត្រូវ​សម្រាប់​ថ្ងៃ​នេះ ប៉ុន្តែ​មិន​សមស្រប​នៅ​ក្នុង​រយៈពេល ១០  ឬ ៣០​ឆ្នាំ​ខាងមុខ។ 

យ៉ាងណាមិញ​​សម្រាប់​លោក Bill Gates វិញ លោក​​​បាន​រក​ឃើញ​នូវ​សំនួរ​ ៣ ដែល​យល់​ថា ជា​រូបមន្ត​សម្រាប់​មនុស្ស​គ្រប់​វ័យ​គួរ​តែ​យក​ទៅ​អនុវត្ត​នៅ​ក្នុង​ជីវិត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​មិន​ថា អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ឡើយ។ លោក​ថា សំនួរ​នេះ​សំខាន់​ណាស់​ដែល​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ជោគជ័យ​ ហើយ​លោក​​​ក៏​កំពុង​អនុវត្ត​វា​ដែរ។ ​

១. “តើ​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ដិតដល់​ជាមួយ​គ្រួសារ​របស់​ខ្ញុំ​ដែរ​ឬ​អត់?”
លុយ​អាច​ទិញ​របស់​​ជាច្រើន​បាន ប៉ុន្តែ​វា​មិន​អាច​ទិញ​ពេលវេលា​បន្ថែម​​​ទៀត​ឲ្យ​លើស​ពី​២៤​ម៉ោង​​ក្នុង​មួយ​ថ្ងៃ​បាន​ទេ។ ​ ដោយសារតែ​បែប​នេះ​ហើយ​ទើប​គេ​សង្កេត​ឃើញ​ថា បើ​ទោះបី​ជា​លោក Bill Gates មមាញឹក​ការងារ​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​លោក​នៅ​តែ​ឆ្លាត​ពេល​​នៅ​ជាមួយ​គ្រួសារ​របស់​លោក​ដែរ។ 

កាល​ពី​នៅ​ជា​ CEO ក្រុមហ៊ុន Microsoft លោក​តែង​ចំណាយ​ពេល​រៀងរាល់​ព្រឹក​ដើម្បី​ជូន​កូនស្រី​ច្បង​របស់​លោក​គឺ នាង Jennifer ទៅ​សាលារៀន និយាយ​គ្នា​ពី​នេះ​ពី​នោះ នូវ​អ្វី​ដែល​ភរិយា​របស់​លោក​លោក​ស្រី Melinda យល់​ថា ជា​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន​រវាង​ឪពុក​ និង​កូន​។ ​

គេ​នៅ​ចាំ​បាន​​ថា ក្នុង​បទសម្ភាសន៍​មួយ​នៃ​កម្មវិធី Cute ភរិយា​លោក Bill Gates គឺ​លោក​ស្រី Melinda បាន​លាតត្រដាង​ថា បើ​ទោះបី​ជា​​ ពេល​ខ្លះ​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​ក្តី​ក៏​អ្នក​ទាំងពីរ​មើល​កម្មវិធី​ទូរទស្សន៍ ឬ​​កម្មវិធី​ផ្សេងៗ​ដូចគ្នា​​នៅ​ក្នុង​ពេល​តែមួយ​ដូចគ្នា​ដែរ។ លោកស្រី​បន្ត​​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ថា ដូច​នៅ​ជិត​គ្នា បង្កើន​ភាព​ស្និទ្ធស្នាល និង​អាច​មាន​ពេល​​ចែករំលែក​ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញទៅមក​​​ទៀត​ផង។

២. “តើ​ខ្ញុំ​មាន​បាន​រៀនសូត្រ​​អ្វី​ថ្មីៗ​ហើយ​ឬ​នៅ?”
លោក Bill Gates ធ្លាប់​បោះបង់​ការ​សិក្សា​នៅ​ Harvard កាល​ពី​ឆ្នាំ ១៩៧៥។ ក៏ប៉ុន្តែ​ការ​រៀនសូត្រ​អ្វី​ថ្មីៗ​នៅ​ក្រៅ​សាលា លោក​មិន​ដែល​​បាន​បោះបង់​វា​​ម្តង​ណា​​ឡើយ។ ក្នុង​បទសម្ភាសន៍​មួយ​​​ទៅ​ឲ្យ​កាសែត New York Times មហាសេដ្ឋី​វ័យ ៦៣ ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា លោក​បាន​អាន​សៀវភៅ​ដល់​ទៅ ៥០ ក្បាល​ក្នុង​មួយ​ឆ្នាំ។

«នេះ​ជា​​របៀប​រៀនសូត្រ​ដែល​ចំណាយ​តិច​បំផុត ហើយ​ខ្ញុំ​រៀន​បែប​នេះ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក​ម្ល៉េះ។ សព្វថ្ងៃ​នេះ ខ្ញុំ​ក៏​ចូលចិត្ត​ដើរ​​ច្រើន​ទៅ​​កន្លែង​ផ្សេងៗ​ជុំវិញ​ពិភពលោក ជួប​ជាមួយ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន ហើយ​បាន​មើល​កម្មវិធី​បង្រៀន​រាប់​ភ្លេច​នៅ​តាម​អនឡាញ។ ប៉ុន្តែ​ អាន​សៀវភៅ​នៅតែ​ជា​ចំណង់ចំណូលចិត្ត​​ខ្លាំង​បំផុត​​របស់​ខ្ញុំ​ដើម្បី​អាច​​ធ្វើ​ឲ្យ​ខ្ញុំ​រៀន​អ្វី​ថ្មីៗ​បាន​ច្រើន​ និង​អាច​​ធ្វើ​តេស្ដ​សមត្ថភាព​យល់ដឹង​​របស់​ខ្ញុំ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក Bill Gates។ 

លោក​​បន្ត​ថា៖« ទម្លាប់​នេះ​​ វា​ជា​រឿង​គួរឲ្យ​អស់សំណើច​នៅ​ពេល​ខ្ញុំ​អាយុ​​ប្រហែល​ខ្ទង់ ២០​ឆ្នាំ ប៉ុន្តែ​ពេល​ខ្ញុំ​កាន់តែ​ចាស់​ទើប​ខ្ញុំ​ដឹង​ថា រឿង​នេះ​ពិត​ជា​មាន​តម្លៃ​កាន់តែ​ខ្លាំង​ឡើង។ កាល​ខ្ញុំ​នៅ​ក្មេង បើ​ចង់​អាន​អី​មួយ​ទាល់​តែ​ទៅ បើក​សៀវភៅ​មើល។ ប៉ុន្តែ​ឥឡូវ​​វា​កាន់តែ​ងាយស្រួល។ អ្នក​​អាច​រៀន​បាន​គ្រប់ពេល គ្រប់​ទីកន្លែង​នៅ​តាម​អនឡាញ»។ 

៣. “តើ​ខ្ញុំ​បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ថ្មីៗ និង​រក្សា​ទំនាក់ទំនង​ចាស់ៗ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ដែរ​ឬទេ?”
មហាសេដ្ឋី Warren Buffett ប្រហែល​ជា​​មហាសេដ្ឋី​ម្នាក់​ដែល​គេ​មើល​ឃើញ​ថា ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​សម្រាប់​លោក Bill Gates ចំពោះ​សំនួរ​មួយ​នេះ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​កម្មវិធី Reddit កាល​ពី​ឆ្នាំ ២០១៧ លោក Bill Gates ត្រូវ​បាន​គេ​ចោទសួរ​នូវ​សំនួរ​មួយ​ថា “តើ​​លោក​យល់​យ៉ាងណា​ចំពោះ​ពាក្យ​ថា ​ជោគជ័យ?”

មហាសេដ្ឋី​រូប​នេះ​បាន​ឆ្លើយ​ដោយ​ងាក​ទៅ​រក មហាសេដ្ឋី Warren Buffett ដូច្នេះ​ថា៖« Warren គាត់​តែង​និយាយ​ថា មនុស្ស​យើង​ជោគជ័យ​ឬ​អត់​អាស្រ័យ​ថា តើ​អ្នក​បាន​​ផ្តល់​ក្តី​ស្រលាញ់ និង​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំវិញ​អ្នក​សប្បាយ​ចិត្ត​ច្រើន​ប៉ុណ្ណា?»។

ដូចគ្នា​នេះ​ដែរ​កាល​ពី​ឆ្នាំ ២០១៦ លោក Bill Gates បាន​សរសេរ​នៅ​លើ Blog ផ្ទាល់​ខ្លួន​របស់​លោក​​​ដូច្នេះ​ដែរ​ថា៖« ខ្ញុំ​បាន​រៀន​ច្រើន​ណាស់​ពី Warren អស់​រយៈពេល ២៥ ឆ្នាំ​មក​នេះ។ ប៉ុន្តែ​​​មិត្តភាព​​ប្រហែល​ជា​រឿង​សំខាន់​ជាង​នេះ​ទៅ​ទៀត​។ វា​ជា​មិត្តភាព​​ដែល​​ស័ក្តិសម​ដូច​អ្វី​ដែល​អ្នក​ប្រាថ្នា​​ចង់​បាន»។

ការ​ស្រាវជ្រាវ​បាន​គាំទ្រ​ដល់​ការ​លើកឡើង​របស់​លោក​ដែល​ថា ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ឬ​មិត្តភាព​ដែល​យល់ចិត្ត​ថ្លើម​គ្នា​បាន​ផ្តល់​គុណសម្បត្តិ​យ៉ាង​ច្រើន​។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​​ជោគជ័យ​​​ប៉ុណ្ណោះទេ ក៏ប៉ុន្តែ​វា​ជំរុញ​ឲ្យ​សុខភាព​ផ្លូវកាយ និង​​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​រឹងមាំ​ទៀត​ផង៕

ប្រភព៖ CNBC