អាមេរិកនឹងចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាមេរិកដែលចង់លក់ផលិតផលដល់ក្រុមហ៊ុន Huawei​



លោក Wilbur Ross រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មអាមេរិកបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុនអាមេរិកដែលកំពុងស្វែងរកការលក់ទំនិញ ផលិតផលទៅកាន់ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Huawei របស់ចិនដែលមិនមានការបំពាក់បច្ចេកវិទ្យាស៊ើបការសង្ងាត់ដែលគំរាមកំហែងដល់សន្តិសុខជាតិដូចការចោទប្រកាន់ពីអាមេរិកកាលពីលើកមុន។

កំពុងតែស្វែងរកកិច្ចចរចាពាណិជ្ជកម្មឡើងវិញជាមួយចិន លោកប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានប្រកាសកាលពីចុងខែកន្លងទៅថាក្រុមហ៊ុនអាមេរិកនឹងត្រូវបានអនុញ្ញាតឱ្យលក់ផលិតផលទៅឱ្យក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតរបស់ពិភពលោកដូចធម្មតា។

ការអត្ថាធិប្បាយរបស់លោក ត្រាំ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុន Huawei នៅក្នុងបញ្ជីខ្មៅអង្គភាព Entity កាលពីខែឧសភាជុំវិញបញ្ហាកង្វល់សន្តិសុខជាតិ។ គ្រឿងបន្លាស់និងផលិតផលរបស់ក្រុមហ៊ុនអាមេរិកជាទូទៅមិនអាចលក់ទៅឱ្យអ្នកដែលមាននៅក្នុងបញ្ជីខ្មៅនោះដោយគ្មានអាជ្ញាប័ណ្ណពិសេសនោះទេ។

ខណៈដែលក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិកបានស្វាគមន៍ការប្រកាសរបស់ ត្រាំ ប៉ុន្តែមន្ត្រីឧស្សាហកម្មនិងមន្ត្រីរដ្ឋាភិបាលជាច្រើនមានការងឿងឆ្ងល់អំពីគោលនយោបាយថ្មីនេះ។

ថ្លែងនៅក្នុងសន្និសីទប្រចាំឆ្នាំនៅក្នុងទីក្រុងវ៉ាស៊ីនតោន លោក Ross បានអះអាងថាក្រុមហ៊ុន Huawei នេះនឹងនៅតែស្ថិតនៅក្នុងបញ្ជី Entity ដែលមានន័យថាអាជ្ញាប័ណ្ណទំនងជាត្រូវបានបដិសេធប៉ុន្តែគោលនយោបាយថ្មីនេះនឹងមិនផ្លាស់ប្តូររលក្ខខណ្ឌដែលត្រូវការស្នើរសុំយកអាជ្ញាប័ណ្ណនោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏លោកបាននិយាយថានឹងមានការយោគយល់ខ្លះៗលើការស្នើរសុំយកអាជ្ញាប័ណ្ណមួយចំនួន។

លោក Ross បានថ្លែងថា: «ដើម្បីអនុវត្ដសេចក្តីបង្គាប់របស់កិច្ចប្រជុំកំពូល G20 របស់លោកប្រធានាធិបតីកាលពីពីរសប្តាហ៍មុនក្រុមហ៊ុននឹងចេញអាជ្ញាប័ណ្ណដែលមិនមានផលប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក» ដោយសំដៅទៅលើការប្រកាសរបស់លោក ត្រាំ នៅក្នុងកិច្ចប្រជុំមេដឹកនាំពិភពលោកក្នុងប្រទេសជប៉ុនកាលពីពេលកន្លងទៅ។

បន្ទាប់ពីក្រុមហ៊ុន Huawei ត្រូវបានបញ្ចូលទៅក្នុងបញ្ជី Entity ហើយឧស្សាហកម្មអេឡិចត្រូនិកមួយចំនួនបានផ្ទុះការមិនពេញចិត្តដែលរដ្ឋាភិបាលអាម៉េរិកបិទមិនអនុញ្ញាតិឲ្យក្រុមហ៊ុនទាំងនោះលក់ផលិតផលរបស់ខ្លួនដល់ក្រុមហ៊ុន Huawei ដោយបានអះអាងថាក្រុមហ៊ុនចិនមួយនេះនៅតែអាចរកប្រភពផលិតផលនេះពីប្រទេសផ្សេងទៀតក្រៅពីអាមេរិកហើយការហាមប្រាមនេះនឹងប៉ះពាល់ដល់ក្រុមហ៊ុនអាមេរិកជាខ្លាំង៕

ដោយ៖ នឿន វណ្ណៈ

X
5s