ចង់ធ្វើជា Freelancer ខាងសរសេរជោគជ័យម្នាក់គួររៀន ៨ ជំនាញនេះបន្ថែម​



ជាអ្នកសរសេរ Freelance ម្នាក់ចាត់ទុកថាអ្នកមានលទ្ធភាពបង្កើតអាជីវកម្មមួយបាន ព្រោះអ្នកអាចមានការងារផ្សេងមួយ ហើយអ្នកក៏ឆ្លៀតពេលបង្កើនចំណូលដោយជំនាញផ្ទាល់ខ្លួនមួយទៀត។ តែវាទាមទារអ្នកនូវលក្ខខណ្ឌខ្ពស់ ក៏ដូចជាទម្លាប់ក្នុងការងារ និងមានជំនាញទំនាក់ទំនងល្អ។ 

៩ ចំនុចខាងក្រោមនោះជួយអ្នកធ្វើជាអ្នកសរសេរ Freelance បានយ៉ាងជោគជ័យ៖

១) មានជំនាញសរសេរខ្ពស់

ត្រូវចាំថាជា Freelancer មិនមែនតែខាងសរសេរទេគឺអ្នកត្រូវមានជំនាញខ្ពស់ អាចថាទាល់តែអ្នកជំនាញទើបអាចក្លាយជា Freelancer បាន។ ដូចគ្នានេះដែរចំពោះជំនាញសរសេរនេះ បើអ្នកគិតថាមិនចង់ក្លាយជាអ្នកជំនាញសរសេរអីខ្លាំងពេកទេ ក៏អ្នកចាំបាច់ត្រូវមានសមត្ថភាពក្នុងការសរសេរឲ្យបានល្អដែរ។ អ្នកត្រូវប្រាកដថាអ្នកជា Freelancer សរសេរជំនាញអ្វី សេដ្ឋកិច្ច ភាសា បច្ចេកវិទ្យា ឬអ្វីមួយ ដូច្នេះអ្នកត្រូវមានជំនាញច្បាស់លាស់លើជំនាញមួយនោះ។ បន្ថែមពីនេះអ្នកត្រូវច្បាស់លាស់លើ៖

ក) វេយ្យាករណ៍

ខ) ការប្រើប្រាស់វណ្ណយុត្ត

គ) ស្ទីលនៃការសរសេរ ក៏ត្រូវមានស្ទីលផ្ទាល់ខ្លួនដែរ

ឃ) មានសមត្ថភាពក្នុងការសរសេរបានច្បាស់លាស់ ស្អាតបាត

ង) មានជំនាញស្រាវជ្រាវ និងមានការអភិវឌ្ឍថ្មីជានិច្ច

២) ត្រូវមានសមត្ថភាពក្នុងការប្រគល់ការងារទាន់ពេល

ជា Freelancer អ្នកត្រូវមានភាពទទួលខុសត្រូវខ្ពស់លើពេលវេលា ការប្រគល់ការងារជូនអតិថិជនទាន់ពេលជាអ្វីដែលអ្នកចាំបាច់ត្រូវធ្វើ និងប្រកាន់ជាប់ខ្លួនជានិច្ច។ បើអ្នកតែងធ្វើការងារមិនទាន់ពេល អ្នកនឹងបាត់បង់ទំនុកចិត្ត ហើយអតិថិជនអ្នកក៏នឹងបាត់បង់តាមនោះដែរ។

៣) សមត្ថភាពក្នុងការធ្វើការងារតែឯង

ពេលអ្នកសម្រេចចិត្តថាចង់ធ្វើជា Freelancer មានន័យថាអ្នកមានភាពឯករាជ្យក្នុងខ្លួនខ្លះហើយ ទោះមិនពេញលេញក៏ភាគរយមិនតិចដែរ។ ការធ្វើខ្លួនឲ្យក្លាយជាមនុស្សមានវិន័យជារឿងពិបាកសម្រាប់មនុស្សភាគច្រើន មិនមែនមិនចង់តែវាពិតជាពិបាកធ្វើ។ តែអ្នកដែលមានភាពឯរាជ្យក្នុងខ្លួនភាគច្រើនចូលចិត្តបង្រៀនខ្លួនឲ្យមានវិន័យ ពេលខ្លះគេហាក់មិនសូវចូលចិត្តការងារជាក្រុមព្រោះគេមិនអាចផ្តោតអារម្មណ៍បានល្អពេលនៅជាមួយមនុស្សច្រើន ឯអ្នកសរសេរបែប Freelance ទៀតច្រើននៅដាច់ពីគេបន្តិចព្រោះគេត្រូវការការផ្តុំគំនិតដើម្បីឲ្យអត្ថបទគេចេញមកបានល្អ។ 

៤) ទទួលយក និងរៀនពីពាក្យរិះគន់

ជាអ្នកសរសេរមានន័យថាអ្នកក៏មានជំនាញនិពន្ធដែរ គ្រាន់តែការសរសេរអ្នកមានជំនាញច្បាស់ហើយនៅមានកម្រិតជាងអ្នកនិពន្ធបន្តិច ភាពមានភាពជាខ្លួនឯងក្នុងការសរសេររបស់អ្នក ហើយក៏មានមោទកភាពចំពោះខ្លួនឯងដែរ។ តែអ្នកត្រូវរៀនចេះទទួលស្គាល់ការពិត ត្រូវទទួលយកចំនុចរិះគន់របស់អ្នកដទៃក្នុងន័យស្ថាបនា ការងារដែលអ្នករងការរិះគន់ច្រើនតែជួយអ្នកឲ្យអភិវឌ្ឍខ្លួនឯងបានលឿន និងកែតម្រូវកំហុសខ្លួនបានល្អ អ្នកអាចដឹងថាអ្នកនៅខ្វះខាត នៅទន់ខ្សោយចំនុចណាខ្លះ ហើយអ្នកត្រូវមានអ្វីមកបំពាក់បំប៉នបន្ថែមដើម្បីឲយការងារមួយនេះ និងខ្លួនអ្នកបានប្រសើរនិងកាន់តែប្រសើរឡើងបន្ថែមទៀត។

៥) ត្រូវតែចេះធ្វើ Marketing លើជំនាញរបស់អ្នក

ដោយសារអ្នកជា Freelancer ជឿថាមិនមែនមនុស្សគ្រប់គ្នាមកតាមស្គាល់អ្នកទេពិសេសនៅពេលដែលអ្នកទើបចាប់ដំណើរការអាជីពនេះថ្មីៗទៀត ហេតុនេះត្រូវមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ទោះគ្មានពេលជួបគេផ្ទាល់តែអ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយពួកគេបានតាមរយៈទូរស័ព្ទ បណ្តាញសង្គម។ បើអ្នកមិនអាចធ្វើបែបនេះបានទេអ្នកក៏មិនអាចទទួលបានជោគជ័យលើអាជីពជាអ្នកសរសេរ Freelance បានដែរ ត្រូវចាំថាអ្វីៗដែលអ្នកធ្វើគឺដើម្បីអាជីវកម្មជា Freelancer របស់អ្នកប៉ុណ្ណោះកុំខ្លាចអី។

៦) ធ្វើជាអ្នកចាប់ផ្តើមដោយខ្លួនឯង

វាមិនខុសពីអ្នករកស៊ីទេ ចេញរកស៊ីដំបូងអតិថិជនមិនមករកអ្នកមុនទេ លុះត្រាអ្នកដើរទៅរកគេមុន ប្រាប់គេពីផលិតផលអ្វីដែលអ្នកកំពុងមាននៅក្នុងដៃ ដូចនេះហើយអ្វីៗអ្នកត្រូវចាប់ផ្តើមដោយខ្លួនឯង។ ជាអ្នកសរសេរ Freelance វិញការកំណត់តម្លៃក៏ដូចគ្នា អ្នកត្រូវធ្វើការកំណត់វាដោយខ្លួនឯងកុំប្រើពាក្យថា "អត្ថបទបែបនេះ បើតាមអ្នកធ្លាប់ឲ្យអ្នកដទៃសរសេរគេយកថ្លៃប៉ុន្មាន?” ព្រោះអ្វីៗអ្នកជាអ្នករ៉ាប់រង ពេលវេលា ការចំណាយពេលលើការស្រាវជ្រាវ ចំណាយពេលក្នុងការរៀបពាក្យសរសេរ បញ្ចេញគំនិត និងការសរសេរឲ្យបានល្អចៀសវាងការប៉ះពាល់នានា។ ជាងនេះទៀតក៏ បង្ហាញពីភាពរឹងមាំ ច្បាស់លាស់មួយរបស់អ្នកដែរ។

៧) អ្នកក៏ត្រូវចេះបដិសេធឲ្យបានល្អដែរ

ដើម្បីជោគជ័យការងារជាអ្នកសរសេរ Freelance អ្នកត្រូវចេះធ្វើការបដិសេធឲ្យបានល្អ ហេតុអ្វីទៅ? ព្រោះពេលដែលមានគេស្គាល់ពីស្នាដៃអ្នក ហើយមានអតិថិជនរាប់សិបនាក់មករកអ្នកក្នុងពេលតែមួយអ្នកមិនអាចបំពេញសេវាកម្មជូនពួកគេទាន់ពេលទេ ដូច្នេះហើយអ្នកត្រូវមានជំនាញក្នុងការបដិសេធ ឬទាមទារឲ្យពួកគេធ្វើការណាត់ទុក ឬចុះឈ្មោះជាមុនជាមួយអ្នក។

៨) នៅតែបន្តការអភិវឌ្ឍខ្លួនលើការស្វែងរកចំណេះដឹង

ទោះបីជា Freelancer ជាមនុស្សដែលមានជំនាញ និងឯកទេសក៏ពិតមែន តែអ្នកត្រូវបន្តអភិវឌ្ឍខ្លួន ស្វែងរកចំណេះដឹង រៀនអ្វីថ្មីៗជានិច្ច បើពុំដូច្នោះទេអ្នកមិនអាចឈរជើងប្រកួតលើលទីផ្សារមួយនេះបានយូរទេ៕

ដោយ៖ យ៉ាយ៉ា

 

X
5s