កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះលើពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី បីថ្ងៃនៅសៀមរាប​



ភ្នំពេញ ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ឆ្នាំ២០១៩ នៅទឹកដីអង្គនៃខេត្តសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩-២១ ខែកក្កដានេះ ដើម្បីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី។

ថ្លែងក្នុង សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ី ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូនេស៊ីនាថ្ងៃខាងមុខ គឺនឹងមានការតាំងបង្ហាញផលិតផលចម្រុះដោយក្រុមហ៊ុនជាង ១០០ អមជាមួយវេទិកាធុរកិច្ច កម្មវិធីសម្តែងសិល្បៈ ការប្រកួតកីឡាមិត្តភាព ការផ្លាស់ប្តូរលិខិតអបអរសាទរ និងសៀវភៅមិត្តភាពខួប ៦០ឆ្នាំ មហោស្រពភាពយន្ត និងការសម្ពោធសមិទ្ធផលនានាជាដើម។

សន្និសីទសារព័ត៌មាននេះ ទទួលបានការអញ្ជើញជាគណៈអធិបតីភាពពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា និងមានការចូលរួមពីមន្ត្រីនៃប្រទេសទាំងពីរ រួមជាមួយអ្នកសារព័ត៌មាន ប្រមាណជាង ៣០រូប។

ឯកឧត្តមបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី មានទឹកប្រាក់ ៣៣លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦លានដុល្លារ។ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ១៩៦.២៦លានដុល្លារ គឺបានកើនឡើង ១០.៤៨% ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។ 

ឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានចុះអនុស្សរណៈ ស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការអំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ព្រមទាំងអនុស្សរណៈស្តីពីការកសាងសមត្ថភាពលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។ ដោយឡែកសម្រាប់វិស័យទេសចរណ៍ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឥណ្ឌូនេស៊ីបានបង្កើតជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា-ភ្នំពេញ-ហ្សាកាតា ដោយក្រុមហ៊ុន City Link Indonesia រៀងរាល់ថ្ងៃច័ន្ទ-ពុធ-សុក្រ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន ១៨០នាក់។

គួរបញ្ជាក់ថា សន្និសីទសារព័ត៌មាននាថ្ងៃនេះ ទទួលបានការអញ្ជើញជាគណៈអធិបតីភាពពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា និងមានការចូលរួមពីមន្ត្រីនៃប្រទេសទាំងពីរ រួមជាមួយអ្នកសារព័ត៌មាន ប្រមាណជាង ៣០រូប៕

ដោយ៖ ស្រីពេជ្រ

X
5s