សម្រង់សម្ដី ១០ឃ្លា របស់លីអូណាដូ ដាវិនស៊ី បង្កប់ដោយខ្លឹមសារជ្រាលជ្រៅពីជីវិត​



Mona Lisa គឺជាស្នាដៃដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោកដែលត្រូវបានបង្កើតឡើងដោយលោក Leonardo da Vinci។ គាត់ជាបញ្ញវន្តមួយរូបរបស់អ៊ីតាលីដែលរស់នៅក្នុងសម័យកាល Renaissance ដែលចាប់រាប់ពីសតវត្សទី១៤និងចប់នៅសតវត្សទី១៧។ ទេពកោសល្យរបស់គាត់ក៏ត្រូវបានគេសង្កេតឃើញមាននៅក្នុងផ្នែកចម្លាក់ ការច្នៃបង្កើត វិទ្យាសាស្ត្រ គណិតសាស្ត្រ តន្ត្រី វិស្វកម្ម អក្សរសាស្ត្រ កាយវិភាគសាស្ត្រ តារាសាស្ត្រ ភូមិសាស្ត្រ រុក្ខសាស្ត្រ ប្រវត្តិសាស្ត្រ និងគំនូរផែនទី។ មកទល់សម័យកាលបច្ចុប្បន្នក៏ដោយ គាត់នៅតែត្រូវបានគេចាត់ទុកជាអ្នកគំនូរដ៏អស្ចារ្យបំផុតមួយនៅលើពិភពលោក។ ខាងក្រោមនេះគឺជាសម្រង់សម្ដីរបស់គាត់ចំនួន១០ឃ្លាដែលបង្កប់ដោយខ្លឹមសារជ្រាលជ្រៅពីជីវិត៖

១) «នៅពេលដែលខ្ញុំគិតថាខ្ញុំបានរៀនពីរបៀបរស់នៅ តាមពិតទៅគឺខ្ញុំបានរៀនពីរបៀបស្លាប់នេះឯង។»

២) «នៅពេលដែលវិញ្ញាណមិនបានធ្វើការជាមួយនឹងដៃ នោះវាគ្មានសិល្បៈនោះឡើយ។»

៣) «រៀនមើល ហើយត្រូវយល់ដឹងថាអ្វីៗគ្រប់យ៉ាងមានទំនាក់ទំនងជាមួយគ្នា។»

៤) «ប្រៀបដូចជាថ្ងៃមួយដែលត្រូវបានចំណាយពេលដ៏ល្អនាំមកនូវដំណេកដែលលក់ស្រួល ជីវិតមួយដែលត្រូវបានចំណាយពេលរស់នៅបានយ៉ាងល្អក៏នាំមកនូវសេចក្ដីស្លាប់ដ៏រីករាយដែរ។»

៥) «បុគ្គលម្នាក់មិនអាចមានជ័យជម្នះណាធំធេងអស្ចារ្យជាងជ័យជម្នះលើខ្លួនឯងនោះឡើយ។»

៦) «ការបោកបញ្ឆោតដ៏ធំបំផុតដែលមនុស្សរងទុក្ខគឺទទួលបានមកពីការយល់ឃើញរបស់ពួកគេ។»

៧) «អ្នកគំនូរមានចក្រវាលនៅក្នុងចិត្តរបស់គាត់និងដៃរបស់គាត់។»

៨) «ធម្មជាតិមិនដែលល្មើសច្បាប់របស់វានោះឡើយ។»

៩) «ការរៀនសូត្រមិនដែលធ្វើឲ្យចិត្តនឿយហត់នោះឡើយ។»

១០) «អារម្មណ៍កាន់តែជ្រៅ ការឈឺចាប់គឺកាន់តែខ្លាំងដែរ។»

ដោយ៖ ស្រីពៅ

 

X
5s