កម្ពុជាប្រកាសប្រើប្រាស់ App «Kingdom of Wonder» លើកដំបូង ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍​



កម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកម្មវិធីទូរស័ព្ទដៃឆ្លាតវៃ ឬហៅថា Mobile Application (App) ថ្មីលើកដំបូងដែលមានឈ្មោះថា «Kingdom of Wonder» ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់ខ្លួន តាមប្រព័ន្ធឌីជីថល ទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក កាន់តែខ្លាំងក្លាថែមទៀត។

ការប្រកាសដាក់ឱ្យប្រើប្រាស់ App ថ្មីនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមប្រព័ន្ធឌីជីថល និងការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីនៅលើទូរស័ព្ទ «Kingdom of Wonder» នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប ក្រោមអធិបតីភាពឯកឧត្តម គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប។

គោលបំណងនៃសិក្ខាសាលា គឺដើម្បីបង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍ដល់ភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ ស្តីពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ ក៏ដូចជាការប្រែក្លាយសេវាកម្មនានាក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពទាក់ទាញ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមនិន្នាការថ្មីនៃសាកលលោក នាយុគសម័យបដិវត្តឧស្សាហកម្ម ៤.០។

ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់ថា និន្នាការនៃការប្រើប្រាស់ប្រព័ន្ធឌីជីថល ទទួលបានការពេញនិយមកាន់តែច្រើនពីសំណាក់ប្រជាជន ក៏ដូចជាទេសចរជុំវិញពិភពលោក ដោយគិតត្រឹមឆ្នាំ២០១៨ មានអ្នកប្រើប្រាស់រហូតដល់ ៤.១ពាន់លាននាក់ ក្នុងនោះ Facebook មានអ្នកប្រើប្រាស់ចំនួន ២.៣២ពាន់លាននាក់ និង YouTube មានអ្នកប្រើប្រាស់ចំនួន ១.៨ពាន់លាននាក់។ ដូច្នេះហើយបានជាក្រសួងទេសចរណ៍កម្ពុជា រៀបចំឱ្យមានកម្មវិធីនៅលើទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» នេះឡើង ដើម្បីដាក់ឱ្យទេសចរជាតិ-អន្តរជាតិទាញយក (Download) ក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដោយឥតគិតថ្លៃ។

កម្មវិធីទូរស័ព្ទដៃឆ្លាតវៃ «Kingdom of Wonder» គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដែលរួមមានគោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួល ក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងទស្សនាកម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តមអនុរដ្ឋលេខាធិការបានស្នើភាគីពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយដល់បណ្តាញ និងអតិថិជនរបស់ខ្លួនឱ្យបានកាន់តែទូលំទូលាយ និងត្រៀមខ្លួនចាប់យកឱកាសទាញយកប្រយោជន៍ពីប្រព័ន្ធឌីជីថលឱ្យបានច្រើនតាមដែលអាចធ្វើបាន ជាពិសេសប្រែក្លាយសេវាកម្មក្នុងអាជីវកម្មរបស់ខ្លួន ឱ្យស្របតាមនិន្នាការថ្មីនៃសាកលលោក។

តាមរយៈកម្មវិធីទូរស័ព្ទឆ្លាតវៃខាងលើ ក្រសួងទេសចរណ៍សង្ឃឹមថាទេសចរជាតិ-អន្តរជាតិ និងក្រុមហ៊ុនទេសចរណ៍ទាំងអស់មានភាពងាយស្រួល ក្នុងការស្វែងរកពត៌មានទេសចរណ៍ ដើម្បីសម្រេចនូវកំណើនទេសចរអន្តរជាតិ ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ និងជាង៧លាននាក់ នៅឆ្នាំ២០២០៕

ដោយ៖ ស្រីពេជ្រ

X
5s