BIO Business Forum៖ ការកសាងក្រុមជាកត្តាចំបងដែលសហគ្រិនគ្រប់រូបគួរផ្តោតការយកចិត្តទុកដាក់​



ការប្រកបអាជីវកម្មទាមទារឲ្យសហគ្រិនម្នាក់ៗមានភាពអំណត់អត់ធ្មត់ខ្លាំងណាស់។ ការប្រលូកក្នុងមុខជំនួញវាតែងជួបរឿងខាតនិងរឿងចំនេញដែលគេតែងនិយាយថា “រកស៊ីមួយចានទឹក មួយចានគោក” ដោយគ្មានអ្នកជំនួញណាដែលចេញប្រកបអាជីវកម្មភ្លាមអាចកើបលុយវាល់លានបានភ្លែតទេ។ 

BIO Business Forum កាលពីថ្ងៃ ២០ កក្កដាកន្លងទៅនៅក្នុងវគ្គ Panel Discuss ស្តីពីប្រធានបទ “Start-up Survival” ដែលមានការចូលរួមចែករំលែកបទពិសោធន៍ពីសហគ្រិនចំនួន ០២ រូប គឺលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល CIC និងជាស្ថាបនិកផាកកាហ្វេ និង Vtrust Group និងលោក ឧកញ៉ា សុង សារ៉ន នាយកប្រតិបត្តិក្រុមហ៊ុន Amru Rice (Cambodia) Co.,Ltd រួមជាមួយអ្នកគ្រប់គ្រងវិនិយោគ ០១ រូប គឺលោក ម៉ៅ សាវីន និងមានការសម្របសម្រួលដោយលោក ឡែម ចាន់សំរេច និងមានការជជែកពិភាក្សាគ្នាលើប្រវត្តិនៃដំណើរការអាជីវកម្ម។ 

លោក គុយ វ៉ាត ក្នុងនាមជាស្ថាបនិកផាកកាហ្វេ និង Vtrust Group បានមានប្រសាសន៍ថា ទម្រាំអាជីវកម្មរបស់លោកអាចរីកលូតលាស់ ដុះសាច់ឈាមដូចសព្វថ្ងៃ គឺត្រូវរងគ្រោះថា្នក់ ជួបព្យុះភ្លៀងមិនតិចដងទេ។ បើកដំណើរការផាកកាហ្វេក្នុងឆ្នាំ ២០០៤ រួមជាមួយអាជីវកម្មលើវិស័យអចលនទ្រព្យ ក្រោយមកដល់ឆ្នាំ ២០០៧ ២០០៨ ដែលពិភពលោកទទួលរងគ្រោះវិបត្តិសេដ្ឋកិច្ចពិសេសលើវិស័យអចលនទ្រព្យនេះឯង វាបានជះឥទ្ធិពលដល់កម្ពុជាដូចគ្នា។ តែដោយសារការសម្លឹងឃើញពី ការកសាងក្រុមការងារល្អរបស់ ផាកកាហ្វេ និងVtrust Group វាធ្វើឲ្យវិនិយោគិនហ៊ានប្រថុយដាក់ទុនវិនិយោគដើម្បីស្រោចស្រង់អាជីវកម្មមួយនេះឲ្យបន្តដំណើរទៅមុខទៀត។ 

ដោយឡែក លោក ឧកញ៉ា សុង សារ៉ន លោកជានាយកប្រតិបត្តិក្រុមហ៊ុន Amru Rice (Cambodia) Co.,Ltd ក៏បានមានប្រសាសន៍ដែរថា៖ ចង់ចាប់ផ្តើមអាជីវកម្មបង្កើតថ្មី ឬហៅថា Start-up នោះមិនមែនជារឿងងាយស្រួល ហើយចេះតែធ្វើទៅតាមក្តីស្រមៃលេងៗរួចក៏បោះចោលទៅវិញនោះទេ។ ការចាប់ផ្តើមអាជីវកម្មពិសេស Start-up ទៀត គឺត្រូវត្រៀមខ្លួនគ្រប់ជំហាន វាជាការត្រៀមសម្រាប់ការផ្សងព្រេង ត្រៀមដើម្បីដួល ហើយក៏ជាការត្រៀមដើម្បីជោគជ័យដែរ ព្រោះយើងមិនអាចដឹងបានទេថាអនាគតអាជីវកម្មមួយនេះនឹងទៅជាយ៉ាងណា។ ការត្រៀមខ្លួននេះគឺគ្រប់អាជីវកម្មត្រូវតែធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ឲ្យបានខ្លាំង និងធ្វើជានិច្ច។ តែអ្វីដែលសំខាន់ជាងនេះទៀតដើម្បីឲ្យអាជីវកម្មមានលំនឹងទប់ទល់នឹងព្យុះភ្លៀង លុះត្រាតែសហគ្រិននោះអាចរកមនុស្ស និងក្រុមការងារដែលចេះយល់ចិត្តគ្នា មានគំនិតជាធ្លុងមួយ មានស្មារតីដោះស្រាយបញ្ហាចំពោះមុខជាមួយគ្នាគ្រប់ពេល ជាពិសេសគឺមនុស្សដែលមិនបោះបង់ចោលអ្នក មិនថាអ្នកកំពុងមានបាន ឬអ្នកកំពុងធ្លាក់ខ្លួនដុនដាបនោះទេ។ 

ក្រៅពីសហគ្រិន ០២ រូប បានធ្វើការសង្កត់ធ្ងន់លើចំនុចសំខាន់ដូចគ្នាទាក់ទងទៅនឹងការកសាងក្រុម (Build Team) រួចមក ងាកទៅកាន់មតិពីអ្នកវិនិយោគគឺ លោក ម៉ៅ សាវីន វិញលោកដ៏បានចូលរួមជាមតិមួយចំនួនក្នុងនាមលោកជាអ្នកមានបទពិសោធន៍វិនិយោគដែរថា អាជីវកម្មក្នុងដំណាក់កាល Survival នេះគឺដូចជារាងកាយមួយដែលកំពុងត្រូវការឈាម ព្រោះរាងកាយមួយនោះវាងាយនឹងហូរឈាមខ្លាំងណាស់ បើគ្មានឈាមបំរុង និងវិធិសាស្រ្តទប់ស្កាត់ការហូរឈាមនោះទេ អត្រាដែលឈានទៅរកការស្លាប់គឺខ្ពស់។ ដូចជាការដែលលោកសម្រេចចិត្តដាក់ទុនវិនិយោគលើផាកកាហ្វេ និង Vtrust Group ទោះបីលោកដឹងថាក្រុមហ៊ុននេះកំពុងខាតបង់កំពុងជួបវិបត្តិក្តី តែលោកមើលឃើញពីឱកាសដែលអាចទទួលបានជោគជ័យឡើងវិញសម្រាប់អាជីវកម្មមួយនេះ។

លោកបានបន្តថា ការវិនិយោគពិសេសលើអាជីវកម្មមួយ យើងត្រូវសិក្សាឲ្យបានល្អិតល្អន់ថាអាជីវកម្មនោះស្ថិតនៅក្នុងឧស្សាហកម្ម (Industry) ដែលមានសក្តានុពលឬទេ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតគឺ អាជីវកម្មនោះមានក្រុមការងារចេះសហការគ្នាបានល្អដែរឬទេ? គ្រប់គ្នានៅក្នុងក្រុមមានចិត្តជួយគ្នា មានស្មារតីទទួលខុសត្រូវ និងចង់បន្តដំណើររួមគ្នាលើផ្លូវតែមួយដើម្បីសម្រេចចក្ខុវិស័យជោគជ័យជាមួយគ្នាឬយ៉ាងណា? នៅមិនទាន់អស់ទេ លោកក៏បន្ថែមឲ្យកាន់តែស៊ីជម្រៅទៀតថា យើងយកលុយទៅវិនិយោគលើអាជីវកម្មក៏ពិតមែន តែនរណាដែលយកលុយនោះទៅ ប្រើប្រាស់គឺជាមនុស្ស ដូច្នេះយើងត្រូវស្គាល់ពីមនុស្សដែលនឹងក្លាយជាដៃគូរបស់យើងក្នុងការវិនិយោគ ត្រូវប្រាកដចិត្តថា គេជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សដែលយើងអាចទុកចិត្តបានថាលុយដែលយើងដាក់ទៅដើម្បីផលត្រឡប់ គឺពិតជាបានយកទៅប្រើតាមគោលដៅកំណត់ពិតមែន។ ហើយការកសាងក្រុមជារឿងមួយសំខាន់បំផុតដែលសហគ្រិនគ្រប់រូបត្រូវកចិត្តទុកដាក់។

ជាថ្មីម្តងទៀត យើងគ្រប់គ្នាសុទ្ធបានបានដឹងហើយថា បញ្ហាដែលអាជីវកម្មកំពុងជួបប្រទះ និងឈឺក្បាលជាមួយវាបំផុតនោះគឺ បញ្ហាចំណេះដឹងលើអាជីវកម្ម ផែនការនិងប្រព័ន្ធអាជីវកម្ម ហិរញ្ញវត្ថុ ហើយអ្វីដែលកាន់តែសំខាន់ជាងនោះទៅទៀតគឺបញ្ហាធនធានមនុស្ស ដែលហៅថាការកសាងក្រុម (Build Team) នេះឯង៕

ដោយ៖ យ៉ាយ៉ា

 

X
5s