អ្នកស្រី នុត រត្ថា៖ ការចុះបញ្ជីក្រុម​ហ៊ុន​ និងការ​បង់ពន្ធជូនរដ្ឋជារឿងចាំបាច់ណាស់សម្រាប់សហគ្រិន​



អាជីវកម្មគឺជាប្រភពចំណូលរបស់សហគ្រិន ហើយក៏ជាប្រភពនៃចរន្តសេដ្ឋកិច្ចក្នុងប្រទេសផងដែរ។ មានអាជីវកម្មច្រើនក្នុងប្រព័ន្ធសេដ្ឋកិច្ច វាជួយសល់សង្គមបានច្រើនតាមរយៈការផ្តល់ការងារធ្វើ បង្កើនចំណូលជូនរូបវន្តបុគ្គលនិងនីតិបុគ្គល លើសពីនេះវាក៏ជួយបង្កើនចំណូលក្នុងចរន្តសេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធរបស់សហគ្រាសផងដែរ។

អ្នកស្រី នុត រត្ថា នាយិកាក្រុមហ៊ុនរៀបចំកម្មវិធីរំដួល បានធ្វើការចែករំលែកនូវចំណេះដឹងមួយចំនួនពាក់ព័ន្ធនឹងការបង់ពន្ធ ការចុះបញ្ជីរបស់សហគ្រាស ថាតើការគោរពច្បាប់ផ្នែកអាជីវកម្មនេះផ្តល់ប្រយោជន៍អ្វីខ្លះដល់សហគ្រិន និងអាជីវកម្មរបស់អ្នកស្រី។

អ្នកស្រីបានមានប្រសាសន៍ថា៖ «អ្នកប្រកបរបរទទួលទានភាគច្រើនតែងគិតថា ការចុះបញ្ជីក្រុមហ៊ុន ការបង់ពន្ធជូនរដ្ឋ គឺជាការចំណាយ តែបើអាជីវកម្មមួយបានរៀបចំ និងសរសេរផែនការអាជីវកម្មមួយច្បាស់លាស់ ប្រាកដជាបានគិតទុកមុនរួចជាស្រេចហើយថា ការដែលគាត់បើកអាជីវកម្មមួយនេះគាត់នឹងត្រូវចំណាយប៉ុន្មានលើការទិញសម្ភារៈ លើបុគ្គលិក ចំណាយប៉ុន្មានលើការរត់ការផ្លូវច្បាប់ ការបង់ពន្ធ ការចុះបញ្ជីនៅក្រសួង។ បន្ទាប់ពីគាត់បានគិតគូរត្រួសៗលើខ្ទង់ចំណាយរួចមក គាត់នឹងចាប់ផ្តើមគណនាថាការចំណាយនេះ វាសមគាត់នឹងគាត់ត្រូវលក់ផលិតផល ឬសេវាកម្មរបស់គាត់ក្នុងតម្លៃប៉ុន្មានទើបអាចរួចខ្លួន ទើបគាត់អាចឈរជើងក្នុងទីផ្សារ បន្តការប្រកួតប្រជែង និងទទួលបានផលចំណេញត្រលប់វិញ»។ 

លើសពីចំនុចទាំងនេះអ្នកស្រីក៏បានបន្ថែមទៀតដែរថា ម្ចាស់អាជីវកម្មស្ទើរគ្រប់រូបតែងយល់ច្រលំថា ការបង់ពន្ធជូនរដ្ឋ និងការចុះបញ្ជីនានា រដ្ឋមិនបានផ្តល់អ្វីជាផលប្រយោជន៍មកកាន់អាជីវកម្មវិញទេ តែធាតុពិតការចុះបញ្ជីវាប្រៀបបានជាការផ្តល់ព័ត៌មាន ផ្តល់ដំណឹងជូនរដ្ឋថាក្នុងស្រុកមានអាជីវកម្មខ្នាតតូចចំនួនប៉ុន្មាន អាជីវកម្មខ្នាតធំប៉ុន្មាន។

រដ្ឋផ្តល់ឱកាសនៃការបង់ពន្ធតាមប្រភេទអាជីវកម្មខ្នាតតូចមានចំណូលតិចបង់ចំនួនតិច ហើយខ្នាតធំបង់ច្រើនជាងបន្តិចផ្អែកលើចំណូលដែលរកបានជាក់ស្តែង។ លើសពីនេះរដ្ឋក៏អាចនឹងដឹងដែរថា សហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុកកំពុងជួបប្រទះបញ្ហាអ្វីខ្លះបច្ចុប្បន្ន ហើយរដ្ឋនឹងរកវិធីសាស្ត្រដោះស្រាយដល់ការលំបាកដែលសហគ្រាសខ្នាតតូច និងមធ្យមកំពុងប្រឈម។ បើម្ចាស់អាជីវកម្មពិសេសសហគ្រាសខ្នាតតូច និងមធ្យមមិនទៅចុះបញ្ជី វាស្មើនឹងមិនបានជម្រាបដំណឹងដល់រដ្ឋថាខ្លួនកំពុងជួបបញ្ហាអ្វី ហើយត្រូវដោះស្រាយដោយវិធីណាដែរ ព្រោះរដ្ឋាភិបាលមានដាក់ចេញនូវយុទ្ធសាស្រ្តក្នុងការលើកកម្ពស់ និងជំរុញដំណើរការសហគ្រាសខ្នាតតូច និងមធ្យមដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ។ 

ដូច្នេះហើយ សូមសហគ្រិននិងម្ចាស់អាជីវកម្មពិសេសអ្នកដែលកំពុងបើកអាជីវកម្មខ្នាតតូច និងមធ្យមធ្វើការចុះបញ្ជីឲ្យបានត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក៏ដូចជាការបង់ពន្ធជូនរដ្ឋដើម្បីទទួលបានឱកាសគាំពារពីរដ្ឋាភិបាលវិញ៕

ដោយ៖ យ៉ាយ៉ា