ប្អូនៗសិស្សថ្នាក់ទី១២ គួរតែងាកមកមើល យុទ្ធសាស្រ្តមុនប្រឡងពីសិស្សនិទ្ទេស A ឆ្នាំ២០១៨​



 

ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបកាន់កៀកជិតឈានមកដល់ហើយសម្រាប់ប្អូនៗថ្នាក់ទី១២។ ជាការចែករំលែក កញ្ញា សយចាន់ដេង ជាសិស្សនិទ្ទេស A ឆ្នាំ២០១៨ មកពីវិទ្យាល័យព្រះធម្មាស្រះ បានចែករំលែកយុទ្ធសាស្រ្តមួយចំនួនពីសកម្មភាពមុនប្រឡងប្រឡងបាក់ឌុប ដែលប្អូនៗទី១២ ដែលគួរតែរៀបចំខ្លួនយ៉ាងណាឲ្យទទួលបានលទ្ធផលល្អដូចការរំពឹងទុកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ខាងក្រោមនេះជារឿងពិតរបស់កញ្ញា ដែលបានអនុវត្ត ហើយទទួលបានជោគជ័យ៖ 

I). សល់ ១ឬ ២ខែមុនប្រឡង

១) ពេលយប់៖ ខ្ញុំផ្ដោតលើលំហាត់គណិតវិទ្យាច្រើនជាងព្រោះខ្ញុំនៅខ្សោយគណិតជាងគេ បន្ទាប់មកមានលំហាត់រូប គីមី និងជីវៈ។ ជាទម្លាប់ ខ្ញុំតែងតែសូត្ររូបមន្តតាំងពីដើមមេរៀនរហូតដល់ចប់មុននឹងចាប់ផ្ដើមធ្វើលំហាត់ វិធីនេះជួយឱ្យខ្ញុំចាំរូបមន្តច្បាស់ថាវានៅក្នុងមេរៀនណា ត្រូវប្រើនៅពេលណា ហើយប្រើម៉េចឱ្យត្រូវជាមួយប្រធានលំហាត់?

២) ពេលព្រឹក ថ្ងៃ និងល្ងាច៖ ខ្ញុំតែងទន្ទេញមេរៀនប្រវត្តិនិងជីវៈជាមួយមិត្តភក្ដិ និងទន្ទេញស្ងាត់ៗម្នាក់ឯង ដោយមិនដាក់សម្ពាធខ្លាំងពេកគឺទន្ទេញតាមសម្រួលជារៀងរាល់ថ្ងៃ។ ចំពោះអង់គ្លេសក៏ដូចគ្នា ប៉ុន្តែចំពោះមុខវិជ្ជាភាសាខ្មែរដូចជាមិនពិបាកនោះទេសម្រាប់ខ្ញុំ។

៣) វិន័យ៖ គ្រប់ពេលដែលខ្ញុំស្វ័យសិក្សាអ្វីដែលខ្ញុំអាចធ្វើបានដើម្បីផ្ដាច់ខ្លួនចេញពីទូរស័ព្ទគឺ៖

=> បិទទូរស័ព្ទចោល រួចទុកឱ្យឆ្ងាយពីខ្លួន

=> អត់បញ្ចូលថ្មទូរស័ព្ទ

=> ឈប់បញ្ចូលលុយទូរស័ព្ទ បើមានការសំខាន់ចាំស៊ែ Wifi ពីគេ

=> លួងខ្លួនឯងថាចាំពេលធ្វើលំហាត់ចប់ ចាំលេងទូរស័ព្ទ

៤) ចាត់ទុកឆមាសទី២ដូចជាបាក់ឌុប៖ ពេលប្រឡងធ្វើចេញពីសមត្ថភាពខ្លួនឯងពិតៗ រួចបូកពិន្ទុប៉ាន់ស្មានមើលថាតើខ្ញុំកំពុងស្ថិតនៅកម្រិតនិទ្ទេសអ្វីពេលនេះ បន្ទាប់មកត្រូវបន្តហ្វឹកហាត់ និងប្រឡងជាមួយខ្លួនឯងឱ្យបានច្រើនដើម្បីវាស់ពិន្ទុថាបានដល់កម្រិតនិទ្ទេសA ហើយឬនៅ?

II). មុនធ្វើដំណើរចេញទៅប្រឡង៖

១) រៀបចំ៖ ទាំងសម្លៀកបំពាក់ សៀវភៅ និងឯកសារត្រៀមប្រឡងផ្សេងៗរៀបចំឱ្យរួចជាស្រេចកុំឱ្យភ្លេចមុខភ្លេចក្រោយ។ កុំខ្លាចគេថាយើងអន់ កុំខ្លាចគេសើច សំខាន់យើងត្រូវមានគ្រប់សម្រាប់ត្រៀមបន្ថែមជាការរំលឹកឡើងវិញចៀសវាងការភ័ណ្ឌច្រឡំ ឬស្រពិចស្រពិលត្រង់ចំណុចណាមួយ។

២) ស្រោចទឹក៖ ស្ដាប់ទៅដូចជាគួរឱ្យអស់សំណើច ខ្ញុំនេះដូចជាជឿលើអបិយជំនឿពេកទេដឹង... ប៉ុន្តែវាគឺជារឿងពិត ស្រោចទឹកមិនអាក្រក់ ហើយក៏មិនមែនមានន័យថាឱ្យតែស្រោចទឹកដឹងតែបាននិទ្ទេសAទេ តែវាជាធាតុផ្សំមួយជួយឱ្យខ្ញុំមានអារម្មណ៍ថាមានទំនុកចិត្តច្រើនជាងមុន មិនសូវភ័យ ហើយក៏មិនសូវបារម្ភច្រើនដែរ។

៣) កុំភ្លេចអ្នកមានគុណ៖ មុនពេលខ្ញុំធ្វើដំណើរមកភ្នំពេញ ខ្ញុំបានលុតជង្គង់ថ្វាយបង្គំបីដងសុំពរជ័យពីអ្នកមានគុណទាំងទ្វេ (លើកទី១ក្នុងជីវិត) វាជាពេលវេលាក៏ក្ដុកក្ដួលមួយដែលខ្ញុំបាននូវការជូនពរបូករួមនឹងទំនុកចិត្តផងដែរ។ ៦ម៉ាត់យ៉ាងខ្លីពីប៉ារបស់ខ្ញុំ ទៅ!ដឹងតែបានAហើយ។ ជំនឿជាក់ និងកម្លាំងចិត្តដ៏ធំបំផុតដែលជួយជំរុញចិត្តខ្ញុំឱ្យខំប្រឹងមិនបាច់ចំណាយគឺទំនុកចិត្តដែលប៉ាម៉ាក់របស់ខ្ញុំបានផ្ដល់មកឱ្យខ្ញុំនេះឯង។

៤) កន្លែងស្នាក់នៅ៖ រកកន្លែងណាសុវត្ថិភាព ស្ងប់ស្ថាត់ល្អ ហើយនៅជិតមណ្ឌលប្រឡង។

 

៥) មើលឈ្មោះ លេខតុ លេខបន្ទប់ដែលគេបិទតាមមណ្ឌល រួចហើយរកបន្ទប់ដែលយើងត្រូវប្រឡងថានៅឯណា? បន្ទប់ទឹកនៅឯណា? 

III). សម្រាប់ថ្ងៃប្រឡង

១) សម្ភារៈត្រៀមចូលប្រឡង៖ កុំភ្លេចឱ្យសោះសាលកប័ត្រ កាតសិស្ស ប៊ិក បន្ទាត់ ត្រូវរៀបចំទុករួចជាស្រេចមុនចូលគេង ជាពិសេសគឺកុំភ្លេចយកទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯងទៅជាមួយផង។

២) កុំញ៉ាំច្រើនពេក៖ ញ៉ាំតែ ៥០%-៦០% បានហើយ កុំញ៉ាំច្រើនជ្រុលនាំឱ្យបាយបញ្ចេញឥទ្ធិពលទៅជាការងងុយគេង។

៣) សម្លៀកបំពាក់៖ សមរម្យ មិនតឹងពេកមិនរលុងពេក មិនរហែក មិនប្រឡាក់ មិនធុំក្លិន និយាយឱ្យចំគឺធ្វើយ៉ាងណាឱ្យយើងមានភាពជឿជាក់លើខ្លួនឯង១០០%។

៤) ស្នាមញញឹម៖ ត្រូវញញឹមទៅកាន់មនុស្សជុំវិញខ្លួនជាពិសេសគឺអនុរក្ស មិត្តភក្ដិ និងបេក្ខជនដែលត្រូវទៅប្រឡងជាមួយ ដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯង នេះជាយុទ្ធសាស្ត្រនាំឱ្យបាត់ភ័យ។

៥) ១៥នាទីមុនប្រឡង៖ ជាទូទៅអនុរក្សតែងតែចែកក្រដាសព្រៀង ដូច្នេះកុំចំណាយពេលអង្គុយលេងអត់ប្រយោជន៍ ត្រូវសរសេររូបមន្តដែលយើងចាំទាំងប៉ុន្មានចូលឱ្យអស់ បើមានកន្លែងណាមិនច្បាស់អាចសួរអ្នកដែលនៅក្បែរខ្លួនយើង។ អនុរក្សមិនចាប់កំហុសទេព្រោះវិញ្ញាសាមិនទាន់បានចែកទេ ដូចនេះយើងនៅមានឱកាសសួរ។ ហើយបើសល់ពេលសូមតាំងសមាធិ៣-៥នាទី។

៦) បើចេះកុំអរ៖ កុំអរខ្លាំងពេកនៅពេលឃើញវិញ្ញាសាចេញមកស្រួលឬយើងចេះគ្រប់រ៉ូម៉ាំងទាំងអស់ ព្រោះនៅពេលអ្នកសប្បាយចិត្តពេកនាំឱ្យអ្នកច្របូកច្របល់មិនដឹងជាចាប់ផ្ដើមធ្វើពីណា ទីណា រវល់តែផ្ចិតផ្ចង់ពេកធ្វើមិនទាន់ម៉ោងឬគិតលេខច្រឡំត្រង់កន្លែងណាមួយដោយសារតែអ្នករំភើបពេក។

៧) បើអត់ចេះកុំភ័យ៖ បើជួបលំហាត់ណាអត់ចេះទុកម្ដុំសិនរួចទៅធ្វើលំហាត់ផ្សេងទៀត ប៉ុន្តែសូមប្អូនៗកត់លេខរៀងចំណាំសំនួរឬលំហាត់ដែលយើងរំលង ចៀសវាងភ្លេចពេលត្រឡប់មកធ្វើវិញ។ ម្យ៉ាងទៀតលំហាត់ណាដែលអ្នកអត់ចេះ កុំគិតថាប្រធានលំហាត់ខុស ត្រូវព្យាយាមស្រង់បំរាប់ជាមុនសិនសឹមរកមើលរូបមន្តដែលត្រូវតាមបំរាប់គេឱ្យ។ ជាក់ស្ដែងដូចជាលំហាត់គីមីនៅរ៉ុម៉ាំងចុងក្រោយចឹង អ្នកខ្លះក៏ធ្វើត្រូវ ខ្លះក៏ធ្វើខុស ហើយខ្លះទៀតអត់ធ្វើតែម្ដងព្រោះគិតថាប្រធានលំហាត់ខុស។ សរុបមកវិញទោះចេះឬមិនចេះត្រូវតែសរសេរដើម្បីបានពិន្ទុ។

សូមផ្ដាំទៅប្អូនៗថា ពេលវាលានេះគឺមានតម្លៃណាស់សម្រាប់ប្អូនៗក្នុងការខំប្រឹង និងបន្តហ្វឹកហាត់ កុំគិតថាហួសពេល កុំគិតថាខ្លួនអន់ សំខាន់យើងប្រឹងធ្វើឱ្យអស់ពីសមត្ថភាព។

"បើចាញ់សូមចាញ់ឱ្យអស់ចិត្ត កុំចាញ់ដោយសារការធ្វេសប្រហែសឬភ្លាត់កន្លែងណាមួយ"

 

គួររំលឹកផងដែរថា ប្អូនៗទី១២ ទាំងអស់គួរតែយកចំណុចដែលសំខាន់ទាំងឡាយដើម្បីត្រៀមខ្លួន និង អនុវត្តន៍ជាប្រចាំមុនពេល ដំណាក់កាលនោះមកដល់៕

ដោយ៖ Oscar

X
5s