ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីទទួលបានការវិនិយោគជាង ៥០០ ពាន់លានដុល្លារក្នុង​ឆ្នាំ ២០១៩​



លំហូរនៃការវិនិយោគផ្ទាល់ពីបរទេសចូលទៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី បានកើនឡើង ៣.៩% ស្មើប្រមាណ ៥១២ ប៊ីលានដុល្លារនៅឆ្នាំ ២០១៨ នេះបើតាមរបាយការណ៍ World Investment Report 2019 របស់ UNCTAD។

ប្រទេសដែលគេកត់សម្គាល់ថាមានកំណើនខ្ពស់នោះមានដូចជា ចិន ហុងកុង សិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ាន លើសពីនេះក៏មានការបូកបញ្ចូលប្រទេសឥណ្ឌា និងទូកគីផងដែរ។ អាស៊ីនៅតែជាតំបន់ដែលអាចស្រូបយកការវិនិយោគផ្ទាល់ពីបរទេសបានយ៉ាងល្អ គិតក្នុងឆ្នាំ ២០១៨ មានចំនួន ៣៩% នៃការវិនិយោគក្នុងសកលគឺមានលំហូរចូលក្នុងតំបន់អាស៊ី ហើយវាកើនឡើង ៦% បន្ថែមបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ពោលកើនពី ៣៣% ទៅ ៣៩%។

ទស្សនវិស័យសម្រាប់លំហូរវិនិយោគផ្ទាល់ពីបរទេសមកកាន់តំបន់ក្នុងឆ្នាំ ២០១៩ មានសុទិដ្ឋិនិយមកម្រិតមធ្យម នេះបើតាមប្រសាសន៍របស់លោក James Zhan នាយកផ្នែកវិនិយោគ និងសហគ្រាសនៃ UNCTAD។ 

អាស៊ីបូព៌ា

ការវិនិយោគផ្ទាល់ពីបរទេសក្នុងតំបន់អាស៊ីបូព៌ាបានកើនឡើង ៤% ប្រមាណ ២៨៩ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨ ពិសេសគឺលំហូរចូលប្រទេសចិន ជាសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ធំជាងគេបំផុតបានទាញយកការវិនិយោគជាង ១៣៩ ប៊ីលានដុល្លារឯណោះ។ វិនិយោគិនបរទេសបានបង្កើតការវិនិយោគដោយដាក់ក្រុមហ៊ុនថ្មីជាង ៦០,០០០ ក្រុមហ៊ុនក្នុងឆ្នាំកន្លងទៅ។ លំហូរចូលហុងកុងបានកើនឡើង ៤% ដែរ គិតជាទឹកប្រាក់ ១១៦ ប៊ីលានដុល្លារ ដែលវិនិយោគភាគច្រើនលើផ្នែកសេវាកម្ម និងប្រតិបត្តិការ។ ចំណែកកូរ៉េខាងតត្បូងវិញ បែរជាមានការធ្លាក់ចុះរហូតទៅដល់ ១៩% ប្រមាណ ១៤ ប៊ីលានដុល្លារជាសញ្ញាបង្ហាញការធ្លាក់ចុះនៃកម្ចីក្នុងស្រុក។ 

អាស៊ីអាគ្នេយ៍

ការវិនិយោគក្នុងតំបន់អាស៊ីអាគ្នេយ៍មានការកើនឡើង ៣% ប្រមាណ ១៤៩  ប៊ីលានដុល្លារ។ ភាពរីកចម្រើនខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគាំពារដោយការវិនិយោគផ្ទាល់ពីបរទេស។  ប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំជាងគេក្នុងការវិនិយោគមានដូចជាគឺ សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម និងថៃ។ វិស័យឧស្សាហកម្មផលិត និងសេវាកម្ម ហិរញ្ញវត្ថុ ការលក់ដុំនិងរាយ រួមទាំងសេដ្ឋកិច្ចឌីជីថលបាន និងកំពុងបន្តជំរុញលំហូរចូលដល់អនុតំបន់នេះ។ តែបើការវិនិយោគក្នុងប្រទេសមួយចំនួនដូចជា ហ្វីលីពីន និងម៉ាឡេស៊ី បែរជាមានការធ្លាក់ចុះវិញ។ 

អាស៊ីទក្សិណ

លំហូរវិនិយោគចូលប្រទេសនៅអាស៊ីទក្សិណ ឬអាស៊ីខាងត្បូងក៏មានការកើនឡើងដូចគ្នា ៣.៥% ប្រមាណ ៥៤ ប៊ីលានដុល្លារ។ ប្រទេសឥណ្ឌាបានក្លាយជាអ្នកទទួលបានការវិនិយោគធំជាងគេក្នុងអនុតំបន់ដែលមានការកើនឡើង ៦% ស្មើនឹង ៤២ ប៊ីលានដុល្លារនិងមានភាពរឹងមាំលើវិស័យដូចជា ឧស្សាហកម្មផលិត ទំនាក់ទំនង សេវាហិរញ្ញវត្ថុ និងការរួមបញ្ចូលឆ្លងប្រទេស (merger and acquisition)។ 

លំហូរទៅប្រទេសបង់ក្លាដែស និងស្រីលង្កាបានកើនឡើងដល់កម្រិតកំណត់មួយរហូតដល់ ៣.៦ ប៊ីលានដុល្លារនិង ១.៦ ពាន់លានដុល្លាររៀងគ្នា ចំណែកប្រទេសប៉ាគីស្ថានបានឃើញថាមានការធ្លាក់ចុះ ២៧% នៃការវិនិយោគមកត្រឹម ២.៤ ប៊ីលានដុល្លារ។

អាស៊ីបច្ចឹម

ទូរគី និងអារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសក្នុងតំបន់អាស៊ីបច្ចឹមដែលមានកំណើននៃការវនិយោគខ្ពស់ជាងគេ ៣% ក្នុងទឹកប្រាក់ ២៩ ប៊ីលានដុល្លារ។ តែទោះជាយ៉ាងណាលំហូរនៅមានត្រឹមមួយភាពគបី (១/៣) ប៉ុណ្ណោះនៃការឡើងខ្ពស់កាលពីឆ្នាំ ២០០៨ ដែលបានកើនដល់ជាង ៨៥ ប៊ីលានដុល្លារ។ មានប្រទេសចំនួនបួនប៉ុណ្ណោះក្នុងតំបន់អាស៊ីបច្ចឹមដែលស្រូបយកការវិនិយោគពីបរទេសប្រមាណ ៩០% នោះគឺ ទួរគី អារ៉ាប់អេមីរ៉ាត អារ៉ាប៊ីសាអ៊ូឌីត និងលីបង់៕

ដោយ៖ យ៉ាយ៉ា

 

X
5s