៤ ចំនុច​បង្ហាញ​ថាអ្នក​លក់​ផ្តល់​តម្លៃ​ដល់អ្នកទិញ​



នៅពេលដែលអតិថិជនមានអារម្មណ៍ថា អ្នកចាត់ទុកគាត់ជាមនុស្សមានតម្លៃសម្រាប់អាជីវកម្មអ្នក នោះគាត់នឹងក្លាយជាអតិថិជនស្មោះត្រង់របស់អ្នកហើយ ព្រោះគាត់យល់ថាទោះបីជាគាត់អាចរកអ្នកផ្គត់ផ្គង់សេវាកម្មល្អមានតម្លៃទាបយ៉ាងណា ក៏មិនស្មើនឹងមានអ្នកផ្គត់ផ្គង់ដែលអាចយល់ច្បាស់ពីតម្រូវការរបស់គាត់បានដែរ។  លើសពីអាចធ្វើជាអតិថិជនស្មោះត្រង់ នោះគាត់នឹងដឹកដៃអតិថិជនថ្មីៗឲ្យមកជួយគាំទ្រអាជីវកម្មអ្នកថែមទៀតផង។ តែធ្វើយ៉ាងណាទើបអាចចងចិត្តអតិថិជន និងឲ្យគាត់មានអារម្មណ៍ថាគាត់ជាមនុស្សមានតម្លៃសម្រាប់អាជីវកម្មយើង?

១) និយាយពាក្យ “អរគុណ”

អរគុណជាពាក្យងាយៗ តែវាមានតម្លៃ ហើយវាធ្វើឲ្យមនុស្សដែលទទួលពាក្យនេះពីយើងមានអារម្មណ៍ថាសប្បាយចិត្ត។ បន្ទាប់ពីទិញទំនិញ ឬសេវាកម្មរួច អ្នកលក់និយាយពាក្យថា "អរគុណ” ដោយភាសាទន់ភ្លន់ទៅកាន់អតិថិជនគឺបង្ហាញថា អ្នកលក់ជាមនុស្សដែលមានផ្តល់តម្លៃដល់អតិថិជន វាជាហេតុនាំឲ្យអតិថិជនមានអារម្មណ៍ល្អនឹងការត្រលប់មកម្តងទៀត។

២) យកចិត្តទុកដាក់

យកចិត្តទុកដាក់មានន័យថា ពេលអ្នកអតិថិជនចូលមកដល់ក្នុងហាង អ្នកលក់ធ្វើការសួរនាំ និងព្យាយាមណែនាំផលិតផលឬសេវាកម្មណាដែលអតិថិជនត្រូវការ ហើយបន្តការពន្យល់យ៉ាងល្អិតល្អន់ពីផលិតផលនីមួយៗដើម្បីឲ្យអតិថិជនងាយស្រួលក្នុងការសម្រេចចិត្ត។ ការធ្វើបែបនេះវាផ្តល់ផលចំនេញដល់អ្នកលក់អាចស្គាល់ចិត្តអតិថិជនបានកាន់តែច្រើន។ លើសពីនេះគាត់ក៏ព្យាយាមធ្វើការឆ្លើយតបទូរស័ព្ទ សារនានាដែលអតិថិជនផ្ញើរមកដើម្បីចង់ដឹងពីផលិតផល។

៣) ស្តាប់ការផ្តល់មតិយោបល់ត្រលប់ Feedback

ជាធម្មតាទេ ទោះបីផលិតផលឬសេវាកម្មយើងល្អយ៉ាងណាក៏មិនអាចបំពេញតម្រូវការអតិថិជនបានត្រូវចិត្តគ្រប់គ្នាដែរ។ បន្ទាប់ពីអតិថិជនទទួលយកផលិតផល ឬសេវាកម្មរបស់អ្នករួចគាត់តែងផ្តល់ជាយោបល់លើចំនុចខ្វះខាតមួយចំនួនដែលគាត់ត្រូវការ ហើយពេលខ្លះគាត់អាចជួបបញ្ហាពេលប្រើប្រាស់និងទាមទារឲ្យមានការពន្យល់បន្ថែម ឬបកស្រាយពីផលរំខាននោះក៏ថាបាន។ ពេលយើងទទួលបាន Feedback ពីអតិថិជនជាឱកាសល្អមួយក្នុងការកែប្រែកំហុស និងអភិវឌ្ឍខ្លួនបានកាន់តែល្អ ហើយក៏អាចធ្វើការតម្រូវចិត្តអតិថិជនបានយ៉ាងត្រឹមត្រូវដែរ។

៤) ប្រើការគ្រប់គ្រងទំនាក់ទំនងអតិថិជន (Customer Relation Management: CRM) 

យើងអាចទាញយកប្រយោជន៍ពីទំនាក់ទំនងជាមួយអតិថិជនដោយចងចិត្តគាត់ ហើយគាត់នៅតែបន្តគាំទ្រអាជីវកម្មយើង។ បង្កើតជាបញ្ជីមួយសម្រាប់នរណាដែលជាអតិថិជនពិសេស ផ្តល់ជូនគាត់នូវកាតសមាជិក ឬកាតបញ្ចុះតម្លៃ ឬជាគូប៉ុន (Coupon) ឬជាលិខិតអញ្ជើញចូលរួមកម្មវិធីណាមួយជាដើម។ អ្វីដែលអ្នកផ្តល់ជូនគាត់គឺជាការរក្សាទំនាក់ទំនង តែគាត់អាចនឹងផ្តល់ជូនអ្នកវិញនូវអ្វីដែលលើសពីការរំពឹងទុកផងក៏ថាបាន៕

ដោយ៖ យ៉ាយ៉ា

 

X
5s