សហគ្រិនជោគជ័យដឹងច្បាស់ពីភាពខុសគ្នារវាង ការចាប់យកឱកាស និង ការប្រថុយហានិភ័យ​



មនុស្សជាច្រើនតែងយល់ថា សហគ្រិនជាមនុស្សដែលពូកែចាប់យកឱកាស តែផ្ទុយទៅវិញធាតុពិតគឺពួកគេជាអ្នកដែលចូលចិត្តប្រថុយនឹងហានិភ័យ។ បើអ្វីៗវាបានប្រព្រឹត្តិ ឬធ្វើដំណើរតាមការសន្មត់របស់អ្នកវាមានន័យថាជាការចាប់យកឱកាស តែបើការគ្រប់គ្រងនៃបរិយាកាសខាងក្រៅទេនោះគេហៅវាថាជាការប្រថុយទទួលយកហានិភ័យ។ ហើយបើអ្នកមិនទាន់យល់ ឬមិនស្គាល់ពីទីផ្សារដែលអ្នកត្រៀមនឹងជ្រៀតខ្លួនចូលនោះទេ អ្នកនឹងមិនអាចវាស់វែងពីទំហំនៃសកម្មភាពរបស់អ្នកក្នុងទីផ្សារនោះបាន ហើយអត្រាខាតបង់នឹងមានភាគរយខ្ពស់។ 

ដោយឡែក សហគ្រិនដែលជំនាញមិនដែលលូកជើងចូលក្នុងទីផ្សារដោយមិនបានគណនាជាមុនទេ គេត្រូវស្គាល់ច្បាស់ពីទីផ្សារ ធ្វើការគណនាហានិភ័យ ធ្វើ Due Diligence ស្វែងរកអ្នកប្រឹក្សាជំនាញ និងសម្រេចចិត្តផ្អែកលើបទពិសោធន៍។ 

ខាងក្រោមនេះជាអ្វីដែលសហគ្រិនធ្វើក្នុងការប្រថុយទទួលយកហានិភ័យរបស់ពួកគេ៖

១) កុំគិតពីរឿងស្មុគស្មាញពេក

បើអ្នកទទួលសិទ្ធិជាអ្នកសម្រេចចិត្តក្នុងការវិនិយោគនេះ ដូច្នេះឲ្យក្រុមការងារអ្នកសរសេរពីហានិភ័យដែលនឹងអាចកើតមានឡើងឲ្យលម្អិត។ អ្នកត្រូវមើល កំណត់យកគោលដៅ និងការអនុវត្តដ៏ល្អបំផុតមួយដើម្បីអាចសម្រេចជោគជ័យ និងជាវិធីដែលអាចកាត់បន្ថយហានិភ័យក្នុងកម្រិតអតិបរមា។ 

២) កុំមានអារម្មណ៍ថាអស់សង្ឃឹមបើមាននរណាម្នាក់ត្រូវរងការខាតបង់លើការវិនិយោគលើវិស័យដូចគ្នា

កុំឆាប់ប្រើអារម្មណ៍តក់ស្លុតមកវិនិច្ឆ័យស្ថានការណ៍ដែលមិនទាន់កើតឡើងចំពោះអ្នក ទោះបីវិនិយោគលើវិស័យតែមួយ ឧស្សាហកម្មតែមួយក្តី តែមិនប្រាកដថាគេខាត អ្នកនឹងបរាជ័យដែរនោះទេ។ វាអាចជាផលល្អបើគេបរាជ័យអស់តែអ្នកមិនបោះបង់ហើយដើរចេញ គឺអ្នកអាចនឹងនៅចាំទទួលផលចំណេញក៏ថាបាន។

៣) ធ្វើបច្ចុប្បន្នភាពដំណើរការរបស់អ្នកជាប្រចាំ

វាមិនខុសពីធ្វើការងារជាក្រុម ហើយអ្នកមានការប្រជុំជាមួយគ្នាញឹកញាប់ដើម្បីដឹងថាក្នុងក្រុមកំពុងជួបបញ្ហាអ្វី។ ពេលអ្នកអាចក្តាប់ស្ថានការណ៍ភាពរីកចម្រើននិងចំនុចរាំងស្ទះបានល្អ អ្នកច្បាស់ជាមានដំណោះស្រាយ និងស្រួលរកផ្លូវចេញពីបញ្ហាចំពោះមុខនេះមិនខាន។

នៅពេលដែលអ្នកសង្កេតឃើញថាអ្វីវាដើរខុសពីផែនការអ្នកត្រូវធ្វើដូចខាងក្រោម៖

ក) រៀបរាប់ពីបញ្ហានោះ៖ មានរឿងអ្វី? ហេតុអ្វីបានជាបញ្ហានោះអាចកើតឡើង?

ខ) ស៊ើបអង្កេតបញ្ហា៖ រកឬសគល់នៃបញ្ហាថាបណ្តាលមកពីអ្វីឲ្យប្រាកដ បើកការប្រជុំស្វែងរកដំណោះស្រាយ ស្នើសុំឲ្យមានការចូលរួមជួយពីអ្នកដែលមានការពាក់ព័ន្ធ។

គ) ស៊ើបអង្កេតដំណើរការ៖ មើលថាដំណើរការរបស់យើងប្រព្រិត្តិទៅតាមការកំណត់ទេ តើការអនុវត្តផែនការខ្វះចន្លោះចំនុចណាទើបបណ្តាលឲ្យកើតមានបញ្ហាដូច្នេះ។

ឃ) ស្វែងរកដំណោះស្រាយផ្អែកលើការស៊ើបអង្កេត៖ ពេលស៊ើបអង្កេតរួចអ្នកប្រាកដជារកឃើញបញ្ហា ដូច្នេះត្រូវស្វែងរកដំណោះស្រាយណាដែលល្អបំផុត ដែលត្រូវដោះស្រាយបញ្ហានោះ។

ង) រក្សាទំនាក់ទំនងឲ្យបានល្អក្នុងក្រុម៖ យើងដឹងថាបញ្ហាបានកើតឡើងរួចហើយ ពេលនេះដំណោះស្រាយក៏កំពុងស្វែងរក និងអនុវត្តដែរ ដូច្នេះត្រូវរក្សាទំនាក់ទំនងក្នុងក្រុមឲ្យបានល្អ ចៀសវាងការស្តីបន្ទោសឬបន្តទំលាក់កំហុសដាក់គ្នាដែលជាហេតុនាំឲ្យមានការបែកបាក់ក្រុមការងារ។

ច) រៀបចំឯកសារ និងពិនិត្យឡើងវិញ៖ រៀបចំឯកសារ ត្រួតពិនិត្យ និងរកដំណោះស្រាយជាប្រចាំព្រោះវាជាអ្វីដែលត្រូវធ្វើជាចាំបាច់។

ជំហានងាយៗទាំងនេះនឹងជួយអ្នកបង្កើត កសាងដំណើរការដ៏ល្អប្រសើរ ហើយក៏ជាវប្បធម៌នៃការកែលំអជាបន្តបន្ទាប់ គ្មានវិធីល្អជាងនេះទៀតទេក្នុងការកាត់បន្ថយហានិភ័យនោះ៕

ដោយ៖ យ៉ាយ៉ា