កំណើនសេដ្ឋកិច្ចស្ទុះឡើង ស្របពេលទីផ្សារអចលនទ្រព្យរីករាលដាលពេញប្រទេសវៀតណាម​



ជាងមួយទស្សវត្សរ៍មកនេះ ទីក្រុងហូជីមិញមានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយឃើញសម្បូរទៅដោយអគារខ្ពស់ៗតែងតុបតែងដោយភ្លើងពណ៌ជម្រុះ ដែលនេះសបញ្ជាក់អំពីភាពជឿនលឿនផ្នែកសេដ្ឋកិច្ចនិងការកើនឡើងនៃទីផ្សារអចលនទ្រព្យប្រណីតក្នុងប្រទេសអាស៊ានមួយនេះផងដែរ។

ខណៈពេលដែលការវិនិយោគបរទេសនៅក្នុងទីក្រុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរទីក្រុងទំនើបៗយ៉ាងឆាប់រហ័សដូច្នេះ ជីវភាពប្រជាជនវៀតណាមក៍មានសភាពល្អប្រសើរជាបណ្តើរៗជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសរបស់ពួកគេផងដែរ។

លោក Dung Duong ប្រធានជាន់ខ្ពស់នៃសេវាកម្មវិជ្ជាជីវៈ CBRE វៀតណាមបានមានប្រសាសន៍ថា៖ «នៅទូទាំងប្រទេសវៀតណាមជាពិសេសនៅទីក្រុងហូជីមិញ គឺផ្នែកអចលនទ្រព្យលំដាប់ខ្ពស់ៗបានជំរុញឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពួកអ្នកវិនិយោគក្នុងស្រុកនិងក្រៅប្រទេស» ។ 

ទីផ្សារអចលនទ្រព្យប្រណីតបានមានវត្តមានមុនគេនៅក្នុងទីក្រុងធំនិងមមាញឹកបំផុតរបស់ប្រទេសនេះមុនពេលរីករាលដាលដល់រដ្ឋធានីហាណូយនិងកន្លែងដទៃទៀត។ ឥលូវនេះចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យលំដាប់ខ្ពស់កំពុងតែពង្រីកមាឌហួសព្រំដែនប្រទេសវៀតណាមដោយសារចំនួនប្រជាជនដែលមានមហិច្ឆតាចង់វិនិយោគលក្ខណៈអន្តរជាតិកាន់តែកើនឡើងឥតឈប់ឈរ។

ចាប់តាំងពីបានបើកការវិនិយោគបរទេសនិងចូលរួមក្នុងអង្គការពាណិជ្ជកម្មពិភពលោកមក ប្រទេសវៀតណាមមានសន្ទុះការអភិវឌ្ឍគួរឲ្យស្ញប់ស្ញែង។ កាលពីឆ្នាំមុនសារព័ត៌មាន Bloomberg បានរាយការណ៍ថាប្រទេសវៀតណាមដែលធ្លាប់តែជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុតនៅលើពិភពលោក បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយមានកំណត់ត្រាកំណើនសេដ្ឋកិច្ចក្នុងអត្រា ៧.១ ភាគរយដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចល្អជាងគេបំផុតនៅលើទូទាំងពិភពលោក៕

ដោយ៖ នឿន វណ្ណៈ

 

X
5s