កម្ពុជា​​ស្វាគមន៍​វិនិយោគិន​ស្រីលង្ការ​ដែល​មាន​បំណង​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​



កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​ទៅ នៅ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា-ស្រីលង្ការ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា  បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ដល់​វិនិយោគិន​ទាំង​អស់​ ជាពិសេស​វិនិយោគិន​នៃ​ប្រទេស​ស្រីលង្កា​រ ដែល​មាន​បំណង​ជ្រើសរើស​កម្ពុជា​ជា​ប្រទេស​គោលដៅ​ក្នុង​ការ​វិនិយោគ និង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន។ នេះ​បើ​តាម​AKP។

ក្នុង​វេទិកា​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​ដោយ ឯកឧត្ដម  Maithripala Sirisena ប្រធានាធិបតី​ស្រីលង្ការ។ ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​នាយករដ្ឋមន្ត្រី​ បាន​បង្ហាញ​នូវ​សក្ដានុពល​របស់​កម្ពុជា​សម្រាប់​ការ​វិនិយោគ​ទៅ​កាន់​ធុរជន និង​វិនិយោគិន​ស្រីលង្កា​រថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​នយោបាយ​ និង​ម៉ាក្រូ​សេដ្ឋកិច្ច​ពេញលេញ រួម​ជា​មួយ​នឹង​ការ​បើក​ចំហ​ទូលាយ​ចំពោះ​អ្នក​វិនិយោគ​ដោយ​គ្មាន​ការ​រើស​អើង។ 

ម្យ៉ាង​ទៀត​កម្ពុជា​ក៏​មាន​កម្លាំង​ពលកម្ម​វ័យ​ក្មេង​រហូត​ដល់​៧០% ព្រម​ទាំង​អាច​នឹង​​ក្លាយ​ជា​តំបន់​រោងចក្រ​សម្រាប់​អាស៊ី​ផង​ដែរពិសេស​នោះ​គឺ កម្ពុជា​មាន​ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ធម្មជាតិ ដែល​ក្នុង​នោះ​មាន​តំបន់​ទេសចរណ៍​វប្បធម៌​ប្រវត្តិសាស្ត្រ តំបន់​ឆ្នេរ និង​រមណីយដ្ឋាន​ធម្មជាតិ​ជា​ច្រើន​ ដែល​សុទ្ធ​សឹង​ជា​សក្ដានុពល​ល្អ​សម្រាប់​ការ​វិនិយោគ៕