បើ​មាន​សញ្ញាណ ៧ នេះ​ សូម​កុំ​ប្រញាប់​​ទិញ​ផ្ទះ​បង់​រំលោះ!​



តើ​អ្នក​​បាន​ដឹង​ហើយ​ឬ​នៅ​ថា មុន​ពេល​ទិញ​ផ្ទះ​បង់​រំលោះ អ្នក​ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ? សម្រាប់​​ម្ចាស់​អចលនទ្រព្យ គេ​ត្រូវ​ពិនិត្យ​មើល​​លើ​លទ្ធភាព​​រក​ចំណូល​របស់​អ្នក​ ការ​ចំណាយ និង​លទ្ធភាព​​បង់​រំលោះ​ជាដើម។ ក៏​ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ ពីព្រោះ​ថា អ្នក​ត្រូវ​ត្រៀម​ខ្លួន​ច្រើន​ជាង​នេះ​ឆ្ងាយ​ណាស់​​មុន​នឹង​សម្រេចចិត្ត​ទិញ​ផ្ទះ។

នៅ​ខាងក្រោម​នេះ អ្នក​នឹង​បាន​សិក្សា​ស្វែងយល់​ពី​ចំណុច​សំខាន់ៗ​ជា​ច្រើន​ដែល អ្នក​បាន​មើល​រំលង ហើយ​មិន​បាន​​ត្រៀម​ខ្លួន​ជាមុន​​​សម្រេចចិត្ត​ទិញ​ផ្ទះ​។ ប្រសិន​បើ​អ្នក​មាន​សញ្ញាណ​ទាំងអស់​នេះ ឬ​ចំណុច​ណា​មួយ​នោះ អ្នក​មិន​គួរ​ប្រញាប់ប្រញាល់​ពេក​នោះ​ទេ។ ​

១.គិត​ចង់​ទិញ​ផ្ទះ​ដើម្បី​វិនិយោគ​យក​​ប្រាក់​ចំណេញ​
បើ​មាន​អ្នកណា​ម្នាក់​សួរ​​អ្នក​ថា ​ហេតុ​អ្វី​​អ្នក​ទិញ​ផ្ទះ​ ហើយ​អ្នក​ឆ្លើយ​ថា មិន​ចង់​នៅ​ផ្ទះ​ជួល ឬ​ក៏​គិត​ថា ទិញ​ផ្ទះ​ជា​ការ​វិនិយោគ​ដ៏​ល្អ​មួយ នោះ​ទំនង​មិនមែន​ជា​សញ្ញាណ​វិជ្ជមាន​មួយ​​ដែល​ថា ការ​គិត​របស់​អ្នក​ពិត​ជា​ត្រឹមត្រូវ។ អ្នក​អាច​វិភាគ​ដោយ​ខ្លួនឯង​បាន​ថា តើ​មួយ​ឆ្នាំ​ផ្ទះ​​ឡើង​ថ្លៃ​ប៉ុន្មាន​%? ​ ក្នុង​ករណី​អ្នក​គ្មាន​ប្រាក់​សោះ ហើយ​បង់​រំលោះ តើ​អត្រា​ការប្រាក់​ឡើង​ដល់​ប៉ុន្មាន​ទម្រាំ​អ្នក​បង់​គ្រប់? នេះ​មិនទាន់​បូក​អត្រា​​អតិផរណា​ប្រចាំ​ផង។ យ៉ាងណាមិញ ប្រសិន​បើ​អ្នក​មាន​លុយ​បង់​គ្រប់ ឬ​មាន​លុយ​ត្រៀម​ខ្លះ​សម្រាប់​ទិញ​ផ្ទះ​ពី ៥០%​ ឡើង​ទៅ​នេះ​អាច​​ចាត់​ទុក​ថា អ្នក​ទទួល​បាន​​លទ្ធផល​វិជ្ជមាន​​ខ្លះ​ចំពោះ​ការ​វិនិយោគ​មួយ​នេះ។

២.​ការ​​ចំណាយ​ប្រចាំខែ​​​លើស ៣០% នៃ​​​ចំណូល​របស់​អ្នក
អ្នក​ជំនាញ​ហិរញ្ញវត្ថុ​បាន​លើក​ឡើង​ថា ការ​ចំណាយ​ប្រចាំ​ខែ​របស់​អ្នក​មិន​គួរ​លើស ៣០% នៃ​ចំណូល​របស់​អ្នក​ឡើយ។ ប្រសិន​បើ​អ្នក​ចំណាយ​លើស​ពី​ចំនួន​នេះ ការ​ចង់​បាន​ផ្ទះ​មួយ​នៅ​សមរម្យ​ វា​មិន​ទាន់​ស័ក្តិសម​នៅ​ឡើយ​ទេ​សម្រាប់​អ្នក។ ជា​ទូទៅ ក្រៅ​ពី​ប្រាក់​ចំណាយ​ប្រចាំ​ខែ​ដូច​ជា ថ្លៃ​​ហូបចុក ស្លៀកពាក់ អាហារ​ហូបចុក បំណុល ទិញ​នេះ​ទិញ​នោះ អ្នក​​ត្រូវការ​ប្រាក់​សម្រាប់​សន្សំ​ទុក ប្រាក់​សម្រាប់​គ្រា​អាសន្ន ប្រាក់​សម្រាប់​វិនិយោគ និង​ប្រាក់​សម្រាប់​ការ​​កម្សាន្ត​ជាដើម។ ហេតុដូច្នេះ​តើ​អ្នក​មាន​ប្រាក់​ឯណា​ទៀត​សម្រាប់​​ការ​បង់​រំលោះ​​ទិញ​ផ្ទះ​នោះ? ​

៣.មិន​មាន​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន
សូម​ចាំ​ថា ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន មិន​ត្រូវ​បាន​ចាត់ទុក​ចូល​ក្នុង​ថវិកា​ដែល​អ្នក​ត្រូវ​ចំណាយ​ប្រចាំ​ខែ​នោះ​ទេ។ វា​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​បន្ទាន់​ដូច​ជា​ថ្លៃ​ព្យាបាល​ជំងឺ គ្រោះថ្នាក់ បាត់បង់​ការងារ រក​ស៊ី​ខាត ឬ​​ហានិភ័យ​ផ្សេងៗ​ដែល​កើត​មាន​ឡើង​ដោយ​យថាហេតុ បើ​មិន​ដូច្នេះ​ទេ អ្នក​មិន​គួរ​ប៉ះពាល់​វា​ជាដាច់ខាត។ ដូច្នេះ​ហើយ​សាក​ស្រមៃ​បន្តិច​ថា អ្នក​បាន​ចំណាយ​លុយ​មួយ​ផ្នែក​ធំ​ដើម្បី​ទិញ​ ឬ​បង់​រំលោះ​ផ្ទះ តើ​អ្នក​​បាន​លុយ​មក​ពីណា​ ប្រសិន​បើ​បញ្ហា​ទាំងអស់​នេះ​កើត​ឡើង​​? ដូច្នេះ​មុន​នឹង​សម្រេច​ទិញ​ផ្ទះ អ្នក​ត្រូវ​មាន​គម្រោង​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន​ជួយ​ទប់ទល់​ជាមុន​សិន។

​៤.អត់​បាន​សន្សំ​ប្រាក់​បន្តិច​ទាល់តែសោះ
ផ្ទុយ​ពី​​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន ប្រាក់​សន្សំ​នេះ​សំដៅ​​ប្រាក់​មួយ​ផ្នែក​ដែល​អ្នក​បែងចែក​សម្រាប់​សន្សំ​ទុក​​​​​ពី​ការ​ចំណាយ​ប្រចាំខែ​របស់​អ្នក។ ប្រាក់​សន្សំ​នេះ​​មាន​គោលដៅ​ខុស​ពី​ប្រាក់​សន្សំ​សម្រាប់​គ្រាអាសន្ន ពោល​អ្នក​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ចំណាយ​​ទិញ​របស់​របរ​ផ្សេងៗ​ដោយ​មិន​ជំពាក់​បំណុល ឬ​កាត់​បន្ថយ​បំណុល​​នៅ​ក្នុង​អត្រា​មួយ​ទាប​ដូច​ជា ទិញ​រថយន្ត ទិញ​ផ្ទះ វិនិយោគ ឬ​សម្រាប់​ចាយវាយ​នៅ​ពេល​ចាស់​ទៅ​ជាដើម។ ម្ល៉ោះហើយ មុន​សម្រេច​ចិត្ត​ទិញ​ផ្ទះ អ្នក​ត្រូវ​ប្រាកដ​ថា អ្នក​សល់​ប្រាក់​ច្រើន​ជាមុន​សិន ឬ​មាន​ប្រាក់​សន្សំ​ខ្លះ​ជា​មុន​សិន​ បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ជួប​ហានិភ័យ​ធ្លាក់​ក្នុង​បំណុល​ជាមិនខាន។ 

៥.អ្នក​មាន​គម្រោង​ចំណាយ​​ធំៗ​នៅ​២ ឬ​៣​ឆ្នាំ​ខាងមុខ
ចំណុច​សំខាន់​មួយ​ទៀត​មុន​ពេល​ទិញ​ផ្ទះ អ្នក​ត្រូវ​គិត​ទៅ​ដល់​កំឡុង​ពេល ២ ទៅ ៣​ឆ្នាំ​ខាងមុខ​ថា តើ​អ្នក​​មាន​គម្រោង​ត្រូវការ​លុយ​ច្រើន​ដើម្បី​ចំណាយ​លើ​អ្វី​មួយ​ឬ​អត់? ឧទាហរណ៍​ថា អ្នក​មាន​លទ្ធភាព​បង់​រំលោះ​ផ្ទះ​មួយ​ខែ ១ ០០០ ដុល្លារ។ ប៉ុន្តែ​នៅ​​ឆ្នាំ​ក្រោយ​សម្រាប់​តែ​អ្នក​ត្រូវការ​ប្រាក់​ដើម្បី​រៀបការ បង្កើត​គ្រួសារ ឬ​​ត្រូវការ​ទុន​រកស៊ី​ជាដើម អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​អ្នក​​អាច​រក​ចំណូល​បន្ថែម​បាន​អត់? បើ​មិន​អាច​ទេ​​នោះ​ការ​ចំណាយ​ប្រចាំខែ​លើ​ការ​បង់​រំលោះ​ផ្ទះ​នឹង​មាន​ផល​ប៉ះពាល់។ 

៦.គ្មាន​គម្រោង​គោលដៅ​ផ្សេង​ទៀត
សូម​កុំ​គិត​ថា ​ប្រាក់​មួយ​កាក់​ពីរ​កាក់​របស់​អ្នក ត្រូវតែ​យក​ទៅ​ដោះបំណុល​របស់​អ្នក​​ឲ្យ​អស់​មុន​ពេល​សម្រេចចិត្ត​ទៅ​ទិញ​ផ្ទះ។ អ្នក​​គួរ​ស្វែងយល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​បំណុល? តើ​អ្នក​មាន​គម្រោង​ដោះបំណុល​ដោយ​របៀបណា? នេះ​អាច​បណ្តាល​មក​ពី​អ្នក​ចាយ​លើស​ចំណូល​ដូច​ជា ទិញ​របស់របរ​ដែល​មិន​ចាំបាច់ ដើរកម្សាន្ត កម្មវិធី​ឥត​ព្រាងទុក ជាដើម ដែល​នេះ​ការ​ចំណាយ​លើ​ការ​ទិញ​ផ្ទះ​អាច​នឹង​​ជួប​ផល​វិបាក។ គន្លឹះ​ដ៏​ល្អ អ្នក​ត្រូវ​មាន​​បញ្ជី​គោលដៅ​ចំណាយ​ប្រចាំខែ​​ឲ្យ​ច្បាស់លាស់​ជា​មុន​សិន និង​ចំណាយ​ត្រូវ​បាន​កំណត់​ថា​ អ្នក​ត្រូវ​ចំណាយ​អ្វី​ខ្លះ​​ក្នុង​មួយ​ខែៗ? បន្ទាប់​មក​ចំណាយ​វា​តាម​ភាព​ចាំបាច់ និង​អាទិភាព​ជាងគេ។ 

​៧.ធ្លាក់​នៅ​ក្នុង​ស្ថានភាព​បំណុល​ធ្ងន់ធ្ងរ
បំណុល​វ័ណ្ឌក​​របស់​អ្នក ជា​សញ្ញាណ​មួយ​បញ្ជាក់​ថា អ្នក​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​​ការ​​រក​លុយ​មក​បង្គ្រប់​ការ​ចំណាយ​ប្រចាំខែ​របស់​អ្នក។ នេះ​​កាន់តែ​អាក្រក់​ទៅ​ទៀត ប្រសិន​បើ​អ្នក​ហ៊ាន​សម្រេចចិត្ត​ទៅ​ទិញ​ផ្ទះ​ថែម​ទៀត​នោះ។ រឿង​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​បូកសរុប​បំណុល​ទាំងអស់​ដែល​អ្នក​មាន​បញ្ចូល​គ្នា ដូច​ជា ថ្លៃ​​បង់​រំលោះ​រថយន្ត សម្ភារៈ​ទំនើបៗ ជាដើម​។ ប្រសិន​បើ​បំណុល​ទាំងនោះ​លើស​ពី ៤៣% នៃ​ចំណូល​របស់​អ្នក ការ​ទិញ​ផ្ទះ​មិន​ទាន់​ជា​​ជម្រើស​ល្អ​សម្រាប់​អ្នក​ឡើយ។

ប្រភព៖ Businessinsider