ក្រសួងទេសចរណ៍៖ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីៗក្នុងឧស្សាហកម្មទេសចរណ៍ប្រមាណ ២០ម៉ឺននាក់បន្ថែម​



ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ អអាងថា កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីៗក្នុងឧស្សាហកម្មទេសចរណ៍ប្រមាណ ២០ម៉ឺននាក់បន្ថែម ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងក្នុងឧស្សាហកម្មនះ ខណៈកម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ នៅឆ្នាំ ២០២០។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជាឆ្ពោះទៅឧស្សាហកម្ម ៤.០ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា «ភ្ញៀវទេសចរចិន គឺជាទីផ្សារដែលធំជាងគេលេខមួយរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នៅឆ្នាំ២០១៨ កន្លងទៅ កម្ពុជាទទួលបានទេសចរចិនចំនួន ២លាននាក់ កើនឡើង ៣៣% ហើយនៅឆ្នាំ២០១៩នេះ យើងរំពឹងថាទេសចរចិននឹងកើនឡើងដល់ ២.៦លាននាក់ និង ៣លាននាក់ នៅឆ្នាំ២០២០»។

ឯកឧត្តម ហោ មុនីរ័ត្ន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍មានចំនួនប្រមាណតែ ២០% ប៉ុណ្ណោះ ដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លីៗ។ ដើម្បីឆ្លើយតបនឹងកំណើនទេសចរ នៅឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួនប្រមាណ ២០ម៉ឺននាក់ បន្ថែមទៀត។ ដូចនេះ ក្រសួងទេសចរណ៍កំពុងដោះស្រាយបញ្ហាប្រឈមខាងលើ ពោលគឺត្រូវជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មថ្មី និងបំពាក់បំប៉នជំនាញបន្ថែមទៀតដល់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងទេសចរណ៍បាននិងកំពុងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តស្ដីពី ការអភិវឌ្ឍវិស័យទេសចរណ៍ឌីជីថល ដូចជាការចុះបញ្ជីអាជ្ញាបណ្ណទេសចរណ៍តាមប្រព័ន្ធ Online ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋាន Online ប្រព័ន្ធគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍ Online ប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» តាមប្រព័ន្ធ QR-Code និងប្រព័ន្ធទូរស័ព្ទវៃឆ្លាត ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍តាមប្រព័ន្ធ QR-Code មធ្យោបាយដឹកជញ្ជូនវៃឆ្លាត (Pass App Grab) ជាដើម។

លើសពីនេះ ក្រសួងទេសចរណ៍ក៏បាននិងកំពុងរៀបចំឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ឆ្នាំ២០២០-២០២៣ ដែលជាឯកសារគោលសម្រាប់ជំរុញការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅរកបដិវត្តឧស្សាហកម្មទី៤ ដែលកំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម ការគ្រប់គ្រង ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័នសេដ្ឋកិច្ច។

 

លោក ហ័ង ឆាងស្យុង (HUANG Changxiong) ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន បានឲ្យដឹងថា ការពង្រឹង និងអភិវឌ្ឍន៍ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ គឺជាទស្សនៈមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលចិន ក្នុងនោះការផ្ដល់ជំនួយលើការបណ្តុះបណ្តាល ក៏ជាខ្លឹមសារសំខាន់របស់មន្ទីរពាណិជ្ជកម្មខេត្តហៃណានផងដែរ ដែលស្របទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ «ខ្សែក្រវាត់ និងផ្លូវ» របស់រដ្ឋាភិបាលចិន។

លោកបានលើកឡើងថា «លក្ខណៈនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ក្នុងបរិបទឧស្សាហកម្ម ៤.០ នឹងត្រូវយកមកបង្រៀនដល់សិក្ខាកាមកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបណ្តាញទិន្នន័យធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិច ដែលជាបច្ចេកវិទ្យាស្នូលក្នុងការគ្រប់គ្រងសេវាកម្មទេសចរណ៍»។

គួរបញ្ជាក់ថា កាលឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិជាង ៦.២លាននាក់ កើនឡើង ១០.៧% និងនាំមកនូវប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារ។ នៅឆ្នាំ២០១៩ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ហើយនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់៕