ត្រឹម​៥​ខែ​ដើម​ឆ្នាំ​២០១៩​ទំហំ​ពាណិជ្ជកម្ម​កម្ពុជានាំ​ចេញ​ទៅ​ជប៉ុន​កើន​ជិត​២ពាន់​លាន​ដុល្លារ​



គិត​ត្រឹម​រយៈ​ពេល​៥ខែ​នា​ដើម​ឆ្នាំ​២០១៩​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ដែល​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​ដល់​ ១៧០០​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ក្នុង​រយៈពេល​ដូច​គ្នា​នេះ​ទំហំ​ពាណិជ្ជកម្ម​ជប៉ុន​ចូល​មក​កម្ពុជា​មាន​ទំហំ ៤៤០​លាន​ដុល្លារ។ នេះ​បើ​តាម​ហ្វេសប៊ុក​ផេក​របស់​សម្ដេច​ ហ៊ុន សែន។

នៅ​ក្នុង​ជំនួប​ជា​មួយ​ឯកឧត្ដម ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯក​អគ្គរាជ​ទូត​ជប៉ុន  សម្ដេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០១៨​កម្ពុជា​បាន​នាំចេញ​ទៅ​ប្រទេស​ជប៉ុន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៦០០លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​វិញ រយៈពេល​ត្រឹម​តែ​ ៥​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​នាំចេញ​ទៅ​ជប៉ុន​បាន​កើន​ឡើង​ដល់​ ១៧០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នេះ​គឺជា​ជោគជ័យ​ដ៏​ធំ​នៅ​ក្នុង​បេសកកម្ម​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។

សម្ដេច​មាន​ប្រសាសន៍​បន្ត​ថា ការ​វិនិយោគ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាល​ពី​ឆ្នាំ​២០១៨ ជប៉ុន​បាន​នាំ​ចូល​មក​កម្ពុជា​ក្នុង​ទំហំ​ប្រាក់​ចំនួន​៤៤០​លាន​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០១៩​នេះ​ត្រឹម​រយៈ​ពេល​៥​ខែ​ប៉ុណ្ណោះ ជប៉ុន​បាន​នាំ​ចូល​មក​កម្ពុជា​ចំនួន​៤៤០​លាន​ដុល្លារ​រួច​ទៅ​ហើយ។ ទំនាក់​ទំនង​ពាណិជ្ជកម្ម​ដែល​កើន​ឡើង​នេះ​គឺ​ដោយ​សារ​តែ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​របស់​ លោក​ឯកអគ្គរាជទូត​ជប៉ុន៕

 

រូបភាព៖ vayo

ដោយ៖ ជួប ស្រីរ័ត្ន