ការបង្កើនម៉ោងជួញដូរមូលបត្របង្ហាញពីសន្ទុះកើនឡើងនៃវិស័យមូលបត្រក្នុងទីផ្សារកម្ពុជា​



ផ្សារមូលបត្រកម្ពុជា បានររៀបចំសន្និសីទសារព័ត៌មានមួយស្តីពី “ការបង្កើនម៉ោងពេលជួញដូរ (Trading Hour Extension)” នៅថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០១៩ ស្ថិតនៅអគារផ្សារមូលបត្រកម្ពុជា។

ផ.ម.ក.នឹងធ្វើការបង្កើនម៉ោងជួញដូររហូតទៅដល់ម៉ោង ១៥:០០នាទី (ម៉ោង ៣ រសៀល) ដោយ​រក្សា​ថ្ងៃ​ និង​វិធី​សាស្រ្ត​ជួញ​ដូរ​នៅ​ដដែល​។ ការបង្កើនម៉ោងជួញដូរនេះ ត្រូវបានអនុម័តជាផ្លូវការដោយគណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ តាមរយៈប្រកាសស្តីពី ការដាក់ឱ្យអនុវត្តនូវការកែប្រែវិធានប្រតិបត្តិការទីផ្សាររបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។  ម៉ោងជួញដូរមូលបត្រនេះ បានធ្វើការបង្កើនរយៈពេល ៣ ម៉ោងកន្លះ ដែលធ្វើឲ្យម៉ោងជួញដូរសរុបកើនដល់ ៧ ម៉ោងក្នុងមួយថ្ងៃ និងចាប់ផ្តើមអនុវត្តនៅថ្ងៃច័ន្ទដើមសប្តាហ៍ក្រោយ ពោលគឺនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ តទៅ។

ម៉ោងជួញដូរនេះនឹងធ្វើការបែងចែកដូចខាងក្រោម៖

១) ម៉ោង ៨:០០នាទីព្រឹក ធ្វើការបើកផ្សារទទួលការបញ្ជាទិញ

២) ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ២:៥០នាទីរសៀល ជាវគ្គផ្គូរផ្គងនិរន្តរ៍

៣) នៅម៉ោង ៣:០០នាទីរសៀល ធ្វើការផ្គូរផ្គង់ម្តងទៀតដើម្បីបិទផ្សារ

ការបង្កើនម៉ោងជួញដូរនេះ បានបង្ហាញពីភាពរីកចម្រើនថ្មីមួយនៃវិស័យមូលបត្រព្រោះសន្ទុះនៃការជួញដូរហាក់មានកំណើនគួរឲ្យកត់សម្គាល់។

ឯកឧត្តម ហុង សុខហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា គណនីជួញដូរមូលបត្រមានការឡើងខ្លាំងគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៨ ដែលមានចំនួនរហូតទៅដល់ ២០,៧៦២ គណនី ខណៈនៅឆ្នាំ ២០១៧ មានត្រឹមតែ ៧,៩៣៧ គណនី ដោយឡែករយៈពេល ៦ខែដើមឆ្នាំ ២០១៩ នេះ មានកំណើនហាក់មិនសូវជាកើនខ្ពស់ប៉ុន្មានទេ ដែលគណនីសរុបមាន ២១,៤៧២ គណនី។

ឯកឧត្តម ហុង សុខហួរ បានបន្ថែមទៀតថា មានក្រុមហ៊ុនជាច្រើនដែលមានការចាប់អារម្មណ៍ក្នុងការចុះបញ្ជីក្រុមហ៊ុនជាបន្តបន្ទាប់ ហើយក្នុងពេលឆាប់ៗខាងមុននេះនឹងមានក្រុមហ៊ុនបី (៣) បន្ថែមទៀតដែល​នឹងចុះបញ្ជីលក់មូលបត្រក្នុងទីផ្សារមូលបត្រ តែការដែលអាចឡើងផ្សារហ៊ុនជាក់ស្តែងនៅពេលណាគឺអាស្រ័យលើដំណើរការក្រុមហ៊ុនរបស់គាត់ផ្ទាល់។

ផ.ម.ក.រំពឹងថានឺងទទួលបានលទ្ធផលវិជ្ជមានជាច្រើន តាមរយៈការដាក់ឱ្យដំណើរការម៉ោងជួញដូរវែងជាងមុន។ ផ.ម.ក.នឹងអាចសម្រួលដល់ការជួញដូរឱ្យកាន់តែមានភាពងាយស្រួលជាងមុន ដោយអ្នកចូលរួមទីផ្សារទាំងអស់អាចបទបែនតាមស្ថានភាពទីផ្សារបានរហ័សជាងមុន។ សន្ទនីយភាពទីផ្សារក៏ត្រូវបានរំពឹងទុកថា នឹងមានកំណើនខ្ពស់ តាមរយៈការកើនឡើងនៃសកម្មភាពជួញដូរក្នុងទីផ្សារ។ កំណើននេះ នឹងអនុញ្ញាតឱ្យមូលបត្រចុះបញ្ជីក្នុងផ្សារទាំងអស់ ជួញដូរក្នុងតម្លៃទីផ្សារពិត (fair price) និង បង្កើនទំនុកចិត្តដល់វិនិយោគិនមកលើទីផ្សារ។         ផ.ម.ក.ជឿជាក់ថា ការកែសម្រួលនេះ នឹងបង្កើនចំណូល និងការងារ ក្នុងវិស័យមូលបត្រនេះផងដែរ។ កំណើននេះ នឹងផ្តល់ជាធនធានដ៏សំខាន់ សំរាប់ ផ.ម.ក.ក៏ដូចជា ស្ថាប័នដទៃទៀត ក្នុងវិស័យនេះ ដើម្បីបន្តខិតខំផ្តល់ជូននូវ ផលិតផល និង សេវាកម្មឱ្យកាន់តែប្រសើរឡើង។ 

ផ.ម.ក. រំពឹងថា ម៉ោងជួញដូរថ្មីនេះ គឺជាជំហានថ្មីមួយទៀត ដើម្បីក្លាយខ្លូនជាទីផ្សារអន្តរជាតិ។ ម៉ោងជួញដូរថ្មី ដែលកើនឡើងដល់ ៧ ម៉ោងក្នុងមួយថ្ងៃ នឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិនបរទេស ដែលរស់នៅប្រទេសដែលមានល្វែងម៉ោងខុសពីកម្ពុជា ក្នុងការជួញដូរមូលបត្រនៅ ផ.ម.ក. ។ ជាមួយគ្នានេះដែរ វាក៏ផ្តល់នូវឱកាស ក្នុងការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយនឹងទីផ្សារមូលបត្រដទៃ ក្នុងការអភិវឌ្ឍនូវផលិតផលឆ្លងដែនផ្សេងៗ និង បង្កើនភាពប្រកួតប្រជែងទីផ្សាររបស់ខ្លួនជាមួយទីផ្សារដទៃក្នុងតំបន់។ 

ដោយហេតុថាម៉ោងជួញដូរថ្មីនេះ នឹងចាប់ផ្តើមអនុវត្តពីដើមសប្តាហ៍ក្រោយ ផ.ម.ក. សង្ឃឹមថា វិនិយោគិនទាំងអស់នឹងចូលរួមជួញដូរក្នុងទីផ្សារអោយបានច្រើនកុះករ ដើម្បីទាញយកប្រយោជន៍នៃម៉ោងជូញដូរថ្មីនេះ៕

ដោយ៖ យ៉ាយ៉ា