ការពិតមិនគួរឲ្យជឿទាំង ៩អំពីសេដ្ឋកិច្ចរបស់មហាយក្សទើបនឹងងើបពីដំណេក ឥណ្ឌា​



ជាមួយចំនួនប្រជាជន ១,៣៧ពាន់លាននាក់ មហាយក្សឥណ្ឌាហាក់កំពុងងើបពីដំណេក និងកំពុងតែខិតខំប្រឹងប្រែងងើបស្ទុះស្ទាឡើងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់ក្នុងពិភពលោក។ នាពេលបច្ចុប្បន្នឥណ្ឌាជាប្រទេសសេដ្ឋកិច្ចលេខ៧ ប៉ុន្តែប្រទេសយក្សនេះអាចនឹងឡើងខ្ពស់ក្នុងតារាងប្រសិនបើខ្លួនអាចបន្តទៅមុខទៀត។ 

Lalbaug, Ganesh, Festival, India, Traditional, God

កំណើនរបស់ឥណ្ឌាត្រូវបានរាំងស្ទុះដោយអំពើពុករលួយក្នុងជួររដ្ឋាភិបាល និងអំពើហិង្សាជាដើម។ ប្រសិនបើឥណ្ឌាមិនមានរនាំងទាំង២នេះទេ ឥណ្ឌាទំនងជានឹងអាចរីករាយនឹងកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សនេះក្នុងការប្រកួតប្រជែងជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកផ្សេងទៀត។ ថ្ងៃនេះ BizKhmer សូមលើកយកភាពអស្ចារ្យអំពីសេដ្ឋកិច្ចឥណ្ឌាទាំង ៩ខាងក្រោមនេះ៖

១) សេដ្ឋកិច្ចឥណ្ឌាមានការកើនឡើង៦ដងក្នុងរយៈពេលតិចជាង២០ឆ្នាំ

ក្នុងឆ្នាំ ១៩៩៩ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌា មានទំហំប្រហែល ៤៥៩ពាន់លានដុល្លារ នេះបើយោងតាមធនាគារពិភពលោក (World Bank)។ ក្នុងឆ្នាំ ២០១៨ ប្រទេសនេះមានផលិតផលក្នុងស្រុកសរុប (GDP) ស្មើនឹងទឹកប្រាក់ ២,៧២៦ មួយលានលានដុល្លារអាមេរិក (ទ្រីលាន)។ ការកើនឡើង ៦ដងនេះប្រើពេលត្រឹមតែជិត២ទសវត្សរ៍ប៉ុណ្ណោះ។

២) ផលិតផលក្នុងស្រុកសរុបវ៉ាដាច់បារាំង ហើយទំនងវ៉ាដាច់អង់គ្លេសនៅឆ្នាំក្រោយ

បើយោងតាមធនាគារពិភពលោក (World Bank) ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាក្នុងឆ្នាំ២០១៧ មានទំហំ ២,៧២៥ លានលានដុល្លារ (ទ្រីលាន) ដែលតាមពីក្រោយបារាំងដែលមានទំហំ GDP ២,៧៧៨ លានលានដុល្លារ (ទ្រីលាន)។ នេះធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសដែលមានទំហំGDP ធំលំដាប់លេខ៧លើលោក។

បើយោងតាមការព្យាករណ៍សេដ្ឋកិច្ចក្នុងឆ្នាំ២០២០ ផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានឹងមានទំហំធំជាងបារាំងនិងប្រទេសអង់គ្លេស ដែលនេះនឹងធ្វើឲ្យឥណ្ឌាក្លាយជាបងធំសេដ្ឋកិច្ចលំដាប់លេខ៥ក្នុងពិភពលោក។

៣) សេដ្ឋកិច្ចឥណ្ឌាមានទំហំតូចជាងរដ្ឋកាលីហ្វញ៉ា ៨,១ភាគរយ

យោងតាម ការិយាល័យវិភាគសេដ្ឋកិច្ច (Bureau of Economic Analysis) ផលិតផលក្នុងស្រុកសរុប (GDP) របស់រដ្ឋកាលីហ្វញ៉ា មានទំហំប្រហែល ២,៩៦៨ លានលានដុល្លារ (ទ្រីលាន) ដែលចំនួននេះមានទំហំធំជាងផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌាដែលមានទំហំទឹកប្រាក់ ២,៧២៦ លានលានដុល្លារ (ទ្រីលាន) ដែលតូចជាង GDP របស់រដ្ឋកាលីហ្វញ៉ា ៨,១ភាគរយ។

៤) ឥណ្ឌាមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេលើលោក

អ្នកជំនាញបានធ្វើការទស្សទាយថាសេដ្ឋកិច្ចឥណ្ឌានឹងមានកំណើន ៧,៤ភាគរយក្នុងឆ្នាំ ២០១៩ នេះបើធៀបនឹងចិនដែលគេព្យាករណ៍ថានឹងមានកំណើន ៦,៣ភាគរយ និងអាមេរិក ២,៥ភាគរយ។ 

៥) ឥណ្ឌាធ្វើការរឹបអូសបានជាង ៥០០លានដុល្លារ ពីការសូប៉ាន់ក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៩

ក្នុងឆ្នាំ២០១៩ ឥណ្ឌាបានធ្វើការរៀបចំបោះឆ្នោតជាតិដែលមានតំណាងរាស្ត្រមកពីច្រើនគណបក្ស។ បន្ទាប់ពីការបិទការបោះឆ្នោតថ្ងៃទី ១៩ ខែឧសភា ប៉ូលីសនិងមន្រ្តីអជ្ញាធរបានធ្វើការរឹបអូសបានទឹកប្រាក់ជាង ៥០២ លានដុល្លារអាមេរិក ពីមាស គ្រឿងញៀន គ្រឿងស្រវឹង ប្រាក់ និងសំណូកផ្សេងៗដែលប្រើប្រាស់ដើម្បីទិញសន្លឹកឆ្នោត។

៦) អំពើហឹង្សាធ្វើឲ្យឥណ្ឌាបាត់បង់ទំហំ GDP ប្រមាណ ៩ភាគរយក្នុងឆ្នាំ ២០១៧

ករណីអំពើហិង្សាក្នុងតំបន់កាស្មៀ (Karhmir) និងការជាប់គាំងបញ្ហាជាមួយចិន ធ្វើឲ្យបាត់បង់ទំហំទឹកប្រាក់ជាច្រើនសន្ធឹកសន្ធាប់។ សេដ្ឋវិទូធ្វើការទស្សទាយថាក្នុងឆ្នាំ ២០១៧តែឯង អំពើហិង្សាធ្វើឲ្យប្រទេសឥណ្ឌាបាត់បង់ទឹកប្រាក់អស់១,២ លានលានដុល្លារ (ទ្រីលាន) ដែលទំហំនេះស្មើនឹង៩ភាគរយនេះផលិតផលក្នុងស្រុកសរុប។ 

៧) ឥណ្ឌាជាប់ចំណាត់ថ្នាក់លេខ ៧០ ជាប្រទេសដែលមានចំណូលមធ្យមប្រចាំឆ្នាំ

ក្នុងឆ្នាំ ២០១៥ ចំណូលប្រចាំឆ្នាំមធ្យមរបស់កម្មករក្នុងប្រទេសឥណ្ឌាមានទំហំ ១ ៧៩០ដុល្លារអាមេរិក ដែលធ្វើឲ្យប្រទេសយក្សមួយនេះជាប់លេខ ៦៩ ជាប្រទេសដែលប្រជាជនរកចំណូលបានក្នុងមួយឆ្នាំ ដោយគិតជាមធ្យមប្រជាជនម្នាក់រកបាន ១៤៩ដុល្លារក្នុងមួយខែ។

ចំណាត់ថ្នាក់លេខ៧០ បានទៅលើសត្រូវសួពូជរបស់ខ្លួនគឺប៉ាគីស្ថាន ដែលប្រជានមានចំណូលជាមធ្យម ១ ៥៨០ដុល្លារអាមេរិក។ 

៨) កសិកម្មឥណ្ឌាផ្ដល់ការងារដល់ប្រជាជន ៥០ភាគរយ

ឥណ្ឌាជាប្រទេសផលិតទឹកដោះគោធំជាងគេក្នុងពិភពលោក និងជាប្រទេសដែលផលិតផលិតផលកសិកម្មដូចជាបន្លែផ្លែឈើលេខ២លើពិភពលោក។ ផលិតផលកសិកម្មរបស់ប្រទេសនេះផ្ដល់ការងារដល់ប្រជាជនបានជាងពាក់កណ្ដាលប្រទេស។

៩) ឥណ្ឌាជាប់លេខ១ជាប្រទេសនាំចេញប្រេង ដែលស្មើនឹង១៥ភាគរយនៃការនាំចេញសរុប

ប្រជាជនភាគច្រើនធ្វើការក្នុងវិស័យកសិកម្ម ប៉ុន្តែការចំរាញ់ប្រេងរបស់ប្រទេសនេះបង្កើតចំណូលច្រើនជាងគេក្នុងការនាំចេញ។ ក្នុងឆ្នាំ ២០១៨ ប្រទេសឥណ្ឌានាំចេញប្រហែល ៤៨,៣ ពាន់លានដុល្លារនៃផលិតផលប្រេងសរុប៕

ដោយ៖ លង់ វណ្ណៈ