ពិត​ជា​ដំណឹង​ល្អ​! វិស័យ​ជលផល​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​គាំទ្រ​ពី ​EU​



នៅ​ក្នុង​ជំនួប​ជា​មួយ​ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​ទៅ​នា​វិមាន​សន្តិភាព លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​នឹង​ត្រូវ​បញ្ចប់​អាណត្តិ​បាន​ថ្លែង​ថា សហភាព​អឺរ៉ុបនឹង​ផ្ដល់​ជំនួយ​ដល់​ការ​គាំទ្រ​វិស័យ​ជលផល​កម្ពុជា​ប្រមាណ​ជាង​១០០​លាន​ដុល្លារ​អាមេរិក នា​ថ្ងៃ​ពុធ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​លើក​ឡើង​ថា​ កន្លង​មក​សហភាព​អឺរ៉ុប​ក៏បាន​ផ្ដល់​ជំនួយ​លើ​វិស័យ​សំខាន់​ៗ​របស់​កម្ពុជា​ដូច​ជា វិស័យ​កសិកម្ម បម្រែបម្រួល​អាកាសធាតុ​ជា​ដើម។ មិន​តែ​ប៉ុណ្ណោះ​លោក​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​ព្រៃឈើ ដែល​បច្ចុប្បន្ន​រដ្ឋាភិបាល​កំពុង​ប្រយុទ្ធ​ប្រឆាំង។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសាសន៍​​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​របស់​តុលាការ​ខ្មែរ​ក្រហម​ដែល​នឹង​មក​ដល់​ទី​បញ្ចប់​នៅ​ពេល​ខាង​មុខ​នេះ ហើយ​សម្តេច​ក៏​បាន​អរគុណ​ចំពោះ EU ដែល​បាន​ជួយ​វិភាគទាន​ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ដែល​បាត់បង់​អាយុជីវិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដែល​បាន​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍​នោះ​ថែម​ទៀត​ផង៕

ប្រភព៖ Samdech Hun Sen, Cambodia Prime Minister