CDC អនុម័ត​គម្រោង ​៣​បន្ថែម​អាច​ផ្ដល់​ការងារ​ជាង​៤ពាន់​កន្លែង​ដល់​ពលរដ្ឋ​



តាម​សំណើ​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​៣​លើ​ការ​សាងសង់ រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​សរុប​ទុន​វិនិយោគ​ប្រមាណ ១៦,១​លាន​ដុល្លារ​អាមេរិក ព្រម​ទាំង​អាច​ផ្ដល់​ការ​ងារ​ដល់​ពលរដ្ឋ​រហូត​ដល់ ៤,៤៣៨​កន្លែង។ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដែល​រួម​មាន៖

ក្រុមហ៊ុន “HENGNAN INTERNATIONAL TRADING (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ផ្លូវ១០៦ ភូមិ​ត្រពាំងឫស្សី ឃុំ​សូភី ស្រុក​បាទី ខេត្ត​តាកែវ មាន​ទុន​វិនិយោគ​ប្រមាណ ៨លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២.០៩០​កន្លែង។

ក្រុមហ៊ុន “YU YUE HANDBAG CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ ភូមិ​ក្នុង​វាំង ឃុំ​វាំងចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៥,៤លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៥៤៧​កន្លែង។

ក្រុមហ៊ុន “YA ZHI (CAMBODIA) CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ផ្លូវ​ជាតិ​លេខ​៣ គីឡូម៉ែត្រ​លេខ​១៨ ភូមិ​គោកខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២,៧លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨០១​កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន