លោកស្រី Emily Dickinson៖ «ខួរក្បាលរបស់អ្នក ធំទូលាយជាងមេឃទៅទៀត»​ខួរក្បាលគឺជាម៉ាស៊ីនបង្កើតអ្វីៗគ្រប់យ៉ាងនៅលើលោកនេះ។ ខួរក្បាលគឺជាវត្ថុទិព្វដែលអាចជប់អ្វីគ្រប់យ៉ាង បង្កើតអ្វីគ្រប់យ៉ាង ធ្វើអ្វីបានគ្រប់យ៉ាង។ ប៉ុន្តែត្រូវប្រយ័ត្នខួរក្បាលអវិជ្ចមាន ខួរក្បាលជាប់ដោយទុក្ខកង្វល់ ខួរក្បាលអំណួត ខួរក្បាលអគតិ ខួរក្បាលអត់ប្រយោជន៍ ខួរក្បាលចាក់រុក ខួរក្បាលពុករលួយ ខួរក្បាលបោកប្រាស់ ខួរក្បាលភូតភរ ខួរក្បាលឃៅរឃៅ ខួរក្បាលអវិជ្ជមាន ខួរក្បាលនិយាយដើមគេ។

លោកស្រី Emily Dickinson អតីតអ្នកនិពន្ធអត្ថបទកំណាព្យដ៏ល្បីរបស់អាមេរិក បានមានប្រសាសន៍ថា៖  «ខួរក្បាលរបស់អ្នក ធំទូលាយជាងមេឃទៅទៀត»។ លោកស្រីចង់មានន័យថា ខួរក្បាលរបស់អ្នកមានសមត្ថភាពខ្លាំងណាស់ដែលអាចធ្វើអ្វីដែលនឹងស្មានមិនដល់។ ខួរក្បាលធ្វើឲ្យអ្នកអាចគិតឃើញឆ្ងាយជាងជើងមេឃទៅទៀត។

ខួរក្បាលរបស់ប្រៀបដូចជាមេដែកដែលស្រូបទាញអ្វីគ្រប់យ៉ាង ដូចនេះប្រសិនបើអ្នកគិតរឿងល្អ នោះរឿងល្អនឹងកើតឡើងលើអ្នក។ ប៉ុន្តែបើអ្នកយកខួរក្បាលរបស់អ្នកទៅគិតរឿងអត់ប្រយោជន៍ ច្បាស់ណាស់ថាអ្នកនឹងក្លាយជាមនុស្សអត់ប្រយោជន៍។ មនុស្សមួយចំនួនចូលចិត្តយកខួរក្បាលគិតតែរឿងមិនសូវមានប្រយោជន៍ គិតរកវិធីធ្វើឲ្យអ្នកដទៃឈឺចាប់ ស្វែងរកល្បិចកល បង្កើតពាក្យប្រឌិត និយាយចាក់រុក ដើម្បីឲ្យអ្នកដទៃឈឺចាប់ ដោយមិនខិតខំបង្វឹកខួរក្បាលរបស់ខ្លួនឲ្យខ្លាំង ធ្វើរឿងមានប្រយោជន៍នោះទេ។ 

ចូរប្រើប្រាស់ខួរក្បាលរបស់អ្នកឲ្យបានល្អ គិតរឿងមានប្រយោជន៍ ធ្វើរឿងមានប្រយោជន៍។ បន្ថែមពីនេះអ្នកត្រូវអប់រំខួរក្បាលរបស់អ្នកបន្ថែមទៀត តាមរយៈការរៀនសូត្រ ការអានសៀវភៅ ការចូលរួមសិក្ខាសាលា ការរៀនសូត្រពីបុគ្គលល្បីៗជាដើម។ ត្រូវចាំថា បើអ្នកយកខួរក្បាលគិតរឿងអ្វី វានឹងឆក់យករឿងនោះជាមិនខាន។ បើអ្នកយកខួរក្បាលគិតរឿងកំប៉ិកកំប៉ុក នោះអ្នកនឹងបានត្រឹមតែជាមនុស្សកំប៉ិកកំប៉ុកប៉ុណ្ណោះ៕

អត្ថបទដោយ៖ លង់ វណ្ណៈ