ប្រាក់ដុងវៀតណាមតម្លៃទាប តែហេតុអ្វីបានជាសេដ្ឋកិច្ចវៀតណាមឡើងខ្ពស់?​ជាធម្មតាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន គេតែងសង្កេតឃើញថារូបិយវត្ថុមានតម្លៃថ្លៃដូចជាសហរដ្ឋអាមេរិកជាដើម តែក៏នៅមានប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចរីកចម្រើន រូបិយវត្ថុមានម្លៃទាបដែរដូចជាប្រទេសវៀតណាមជាដើម។

ហេតុអ្វីបានជាលុយដុងវៀតណាមមានតម្លៃទាបខណៈដែលសេដ្ឋកិច្ចប្រទេសនេះមានការរីកចម្រើនខ្ពស់?

ខណៈដែលវៀតណាមបានដាក់ការគ្រប់គ្រងជាផ្លូវការលើអត្រាប្តូរប្រាក់អណ្តែត (Floating Rate) បច្ចុប្បន្ន មុខងារប្រព័ន្ធអត្រាប្តូរប្រាក់ស្ទើរតែជាអត្រាថេរមួយ។ ទាក់ទងនឹងគោលនយោបាយអត្រាប្តូរប្រាក់នេះវិញ អាជ្ញាធរបានព្យាយាមធ្វើយ៉ាងណាឲ្យមានស្ថិរភាព អត្រាប្តូរប្រាក់រវាងប្រាក់ដុង និងប្រាក់ដុល្លារ ទោះបីមានការឡើងចុះក៏វាស្ថិតក្នុងរង្វង់មួយកំណត់មិនលើសពីខ្សែបន្ទាត់ឡើយ។ តែស្ថិរភាពមួនេះត្រូវបានគេឃើញមានតែរវាងប្រាក់ដុង និងប្រាក់ដុល្លារប៉ុណ្ណោះ ដោយឡែករូបិយប័ណ្ណដទៃមិនត្រូវបានរាប់បញ្ចូលឡើយ។ 

ស្ថិតក្នុងលំដាប់លេខរៀងខ្ទង់ ២០ នៃប្រទេសនាំចេញធំជាងគេលើពិភពលោក វៀតណាមបានធ្វើការនាំចេញក្នុងទំហំទឹកប្រាក់ប្រមាណ ២៤៤.៧២ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨ កើនឡើងប្រមាណ ១៣.៨% ខ្ពស់ជាងឆ្នាំ ២០១៧។ 

ការដែលវៀតណាមមិនធ្វើឲ្យរូបិយវត្ថុរបស់ខ្លួនមានតម្លៃខ្ពស់ ក៏ដោយសារប្រទេសខ្លួនជាប្រទេសនាំចេញ ហើយការផលិតសម្រាប់នាំចេញគឺសំខាន់បំផុតរបស់សេដ្ឋកិច្ចវៀតណាម បើកាលណាលុយឡើងថ្លៃការផលិតនឹងត្រូវចំណាយខ្ពស់ នាំឲ្យលទ្ធភាពនាំចេញថយចុះ ពេលនោះសេដ្ឋកិច្ចក៏នឹងធ្លាក់ចុះដូចគ្នា។ មួយវិញទៀតតម្លៃរូបិយវត្ថុទាបជាកត្តាមួយទាក់ទាញវិនិយោគិន ព្រោះការបោះទុនសាងសង់រោងចក្រ ការចំណាយនានាមានតម្លៃទាបទាំងលើថ្លៃឈ្នួលកម្មករ ការចំណាយទឹកភ្លើងជាដើម តែអាចទទួលបានមកវិញនូវទិន្នផលផលិត (Output) ច្រើន វាជាផលចំនេញដែលវិនិយោគិនសម្លឹងឃើញ៕

ថោយ៖ យ៉ាយ៉ា