កម្ចី​អចល​ន​ទ្រព្យ​​កើន​ដល់ជាង ៣.៤២ ពាន់​លាន​ដុល្លារ​ ខណៈនិន្នាការនៃការរស់នៅកាន់តែប្រសើរឡើង​



កម្ចី​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិ​ស័យ​អចល​ន​ទ្រព្យ​​ដែល​ផ្តល់​ដោយ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជាបន្ត​មាន​​​កំណើន​ខ្លាំង​​​នៅ​រយៈ​ពេល ១២ ខែ​ចុង​ក្រោយ​​ ដោយ​សារ​កំណើន​ការ​វិ​និយោគ និង​ភា​ព​រឹង​មាំ​​នៃ​វិ​​ស័យ​អចលន​ទ្រព្យ​កម្ពុជា។

យោង​តាម​របាយ​ការណ៍​​ចុង​ក្រោយ​របស់​ការិយា​ល័យ​ឥណទាន​កម្ពុជា​ (CBC)​ ទំ​ហំ​​​កម្ចី​ដែល​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ផ្តល់​ឲ្យ​ទៅ​វិ​ស័យ​​អចលនទ្រព្យ​បាន​កើន​ដល់​​ជិត ៣.៤២ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ដំ​ណាច់​ខែ​មិ​ថុនា​​ឆ្នាំ​ ២០១៩ នេះ គឺ​កើន​ឡើង​ ៣០ ភាគរយ​ពី​ត្រឹម​ ២.៤៩ ពាន់​លាន​ដុល្លារ​ពី​កាល​ពី​ដំ​ណាច់​ខែមិថុនា​​ឆ្នាំ២០១៨។​

ទិន្ន​ន័យ​ទឹក​ប្រាក់​នៃ​កម្ចី​នេះគឺ​យោង​តាម​ទិន្ន​ន័យ​​​​សន្ទស្សន៍​ឥណទានប្រើ​ប្រាស់​​លក្ខណៈ​បុគ្គល​របស់​ CBC ដែល​ផ្តោត​លើ​ឥណ​ទាន​បី​ប្រ​ភេទ​រួម​មាន​ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance Loans) កម្ចីអចលនទ្រព្យ (Mortgage Loan) ប័ណ្ណឥណទាន (Credit Card Loans)។​ CBC បង្ហាញ​ថា កម្ចី​អចល​ន​ទ្រព្យមាន​ ៤៧.៨ ភាគរយ​នៃកម្ចីប្រើ​ប្រាស់​លក្ខណៈ​បុគ្គលសរុប​ចំ​នួន ៧.១៦ ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំ​ណាច់​ខែ​មិ​ថុនា​ឆ្នាំ​នេះ។

គិត​ត្រឹម​ដំ​ណាច់​ខែ​មិថុនា​ដ​ដែល ចំ​នួន​គណ​នី​សម្រាប់កម្ចី​ទិញ​អចល​ន​ទ្រព្យ​មាន​សរុប ១៣១,៣៧៦ គណនីគឺកើន​ឡើង ១៩ ភាគរយ​ពី ១១០,៣០២ កាល​ពី​ដំណាច់​ខែ​ធ្នូ​ ឆ្នាំ២០១៨។

លោកស្រី សូ ផន​ណារី អនុ​ប្រ​ធាន​នាយក​ប្រតិ​បត្តិ​ និង​ជា​ប្រ​ធាន​នាយិ​កា​ប្រ​តិ​បត្តិ​ការ ធនាគារអេស៊ីលីដាបាន​លើក​ឡើង​​​កំណើនប្រាក់កម្ចីក្នុង​វិ​ស័យ​អចលន​ទ្រព្យដែល​សម្រេច​បាន​អត្រា ៣០ ភាគរយ​គឺជាការវិ​វត្តន៍​​ល្អដែលបង្ហាញថាស្ថាប័នផ្តល់ប្រាក់កម្ចីនិងប្រជាជនកម្ពុជាមើលឃើញឱកាសកាន់តែច្រើននៅក្នុងវិស័យនេះ។

អ្នក​ស្រី បន្ថែមទៀតថាការកើនឡើងគួរឱ្យកត់សម្គាល់នៃប្រាក់កម្ចីទិញផ្ទះដោយប្រជាជនកម្ពុជាក្នុង ប៉ុន្មានឆ្នាំចុង​ក្រោយ​​នេះគឺដោយសារ​ប្រាក់ចំណូលរបស់ប្រជាជនរួម​ផ្សំ​នឹង​កំ​ណើន​ ចំណេះដឹងអំពីសេវា កម្មហិរញ្ញវត្ថុនិងកំ​ណើន​​លទ្ធភាពទិញផ្ទះផ្ទាល់ខ្លួន។

អ្នក​ស្រី​បញ្ជាក់​ថា​៖​«​កំណើន​កម្ចី​អចលន​ទ្រព្យ​​ឆ្លុះបញ្ចាំងពីការ​យល់​ឃើញ​ជា​​វិជ្ជមានរបស់អ្នកផ្គត់ផ្គង់សេវា​ហិរញ្ញវត្ថុ​ និង​អ្នក​ទទួល​ ទៅលើ​​ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសកម្ពុជា»​។ អ្នក​ស្រី​បន្ត​ថា​៖​«​មាន​​ឱកាសអភិវឌ្ឍន៍​ក្នុងវិស័យនេះ ប៉ុន្តែយើងតែងតែមាន​ការ​ប្រុង​ប្រ​យ័ត្ន​​​ខ្ពស់​ និង​តាម​ដាន​វិ​ស័យ​នេះ​យ៉ាង​យកចិត្ត​ទុក​ដាក់​​ដែរ ​​ដើម្បីកាត់បន្ថយហានិភ័យ»។

យោងតាមអ្នក​ស្រី​ ណារី ប្រាក់កម្ចីអចន​ទ្រព្យ​របស់អេស៊ីលីដា​មានចំនួនសរុប ២៧៣ លានដុល្លារនៅចុងខែមិថុនាឆ្នាំនេះ ស្មើរ​នឹង​​ចំនួនអតិថិជនមានចំនួន ៧,៩១៣ នាក់។

កម្ពុជាចាប់ផ្តើមផ្តោតលើការរស់នៅប្រកបដោយផាសុកភាព

លោក នួន រិទ្ធី នាយកប្រតិបត្តិនៃក្រុម​ហ៊ុន​សេវា​អចន​ទ្រព្យ​ Khmer Appraisal Foundation (KFA) បានមានប្រសាសន៍ថាវិស័យហិរញ្ញវត្ថុបានជួយដល់ការអភិវឌ្ឍវិស័យអចលនទ្រព្យហើយវិស័យទាំងពីរកំពុងរីកចម្រើនស្របនឹងកំណើនសេដ្ឋកិច្ច។​

លោកបានបន្ថែមថាប្រទេសកម្ពុជាមានចំនួនប្រជាជនពេញវ័យច្រើន ហើយ​កំ​ពុង​ងាក​ទៅ​រក​បែប​បទនៃ​ការ​រស់នៅថ្មី ដោយ​គូរ​ស្រ​ករ​វ័យក្មេងចង់​រស់​នៅ​ដោយ​ឯក​រាជ្យ​ពី​ឳពុក​ម្តាយ ហើយ​អាចមានលទ្ធភាពទិញផ្ទះរស់នៅផ្ទាល់​ខ្លួន​​។

លោកបន្ត​​ថា៖​«​​នៅពេលដែលប្រជាជនមានប្រាក់ចំណូលទាប ពួកគេយកចិត្តទុកដាក់ខ្លាំង​បំផុតតែ​លើ​អាហារហូប​ចុក​​សម្រាប់បរិភោគ»​។ លោក​បន្ថែមថា ប្រាក់ចំណូលប្រ​ជា​ជន​​កម្ពុជាកំពុង​កើនឡើងហើយពួកគេចង់​បាន​​កន្លែងរស់នៅ​មានផាសុខភាព។ លោកបន្តថា៖ «ឥឡូវប្រជាជនកម្ពុជាមានប្រាក់ចំណូលខ្ពស់ហើយចង់បាន​​របៀបរស់នៅល្អ​ជាង​មុន​​។ អ្នកដែលមានផ្ទះនៅកម្រិតមធ្យម​ បាន​ប្តូរ​ទៅ​រក​​កម្រិតខ្ពស់ ហើយអ្នកដែលរស់នៅក្នុងកម្រិតទាប ប្តូរ​មក​​កំរិតមធ្យម»​។

ក្តីបារម្ភចំពោះកម្ចីទិញផ្ទះ ដែលមានអត្រាការប្រាក់ខ្ពស់

ចំនួនប្រាក់កម្ចីទិញផ្ទះមានចំនួន ៣.៤២ ពាន់លានដុល្លារគឺជាប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុហើយ CBC មិនទាន់រាប់បញ្ចូលប្រាក់កម្ចីដែលអ្នកទិញទិញផ្ទះដោយបង់រំលស់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរីទេ។ ប្រសិនបើការបង់រំលស់សម្រាប់ផ្ទះពីបុរីនឹងត្រូវបានបន្ថែមនៅក្នុងរបាយការណ៍ នោះតួលេខនេះអាចនឹងកាន់តែធំឡើងនៅពេលដែលមាននិន្នាការកើនឡើងនៃការទិញផ្ទះពីការបង់ រំលស់ពីបុរី។

កំ​ណើន​​ការទទួល​កម្ចី​ដោយ​ផ្ទាល់​ពីម្ចាស់​បុរី ឬ​​​​ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ ​បានធ្វើ​ឲ្យ​​មន្រ្តីជាន់​ខ្ពស់​ពីធនាគារកណ្តាល​កម្ពុជាបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​​ ហើយ​​​បាន​ក្រើន​រំ​ឭក​ដល់​អ្ន​កទិញផ្ទះ​ឲ្យ​បង្កើន​ការ​​​ប្រុងប្រយ័ត្ននិងពិចារណាឲ្យ​បាន​ហ្មត់​ចង់​ពី​ អត្រាការប្រាក់​។

ថ្លែងក្នុងឱកាសនៃការធ្វើបទបង្ហាញពី​លទ្ធផលឆមាស​ទី​មួយ​ឆ្នាំ ២០១៩ របស់​ធនាគារជាតិនៃកម្ពុជាកាលពី​ចុង​ខែ​កក្ក​ដា​ លោកស្រី ជា សិ​រី អគ្គនាយិកា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បានមានប្រសាសន៍ថាវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំង ហើយ​តម្រូវ​ការ​​ប្រាក់កម្ចីទិញផ្ទះក៏​កំ​ពុង​កើន​ឡើង​។ លោក​ស្រី​បាន​បន្ត​ថា គូស្រករ​​វ័យក្មេងកាន់តែច្រើន តែង​ចង់​បាន​របៀប​នៃ​ការ​រស់​នៅ​ថ្មី​ដោយ​​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​ឱពុកម្តាយ​តាម​រយៈ​ការ​មាន​ផ្ទះ​ដោយ​ខ្លួន​ឯង ដោយ​ការ​ទទួល​កម្ចី។​

តាម​រយៈ​និន្នា​ការ​នេះ លោក​ស្រី សិរី ​បានជំរុញឱ្យអ្នកទិញអចលនទ្រព្យធ្វើការស្រាវជ្រាវដោយខ្លួនឯងឲ្យ​បាន​លម្អិត​មុនពេលសម្រេច​ចិត្ត​ ដោយ​សារ​ថា​ការ​ទិញ​ផ្ទះ​បង់​រំ​លស់​ពី​ម្ចាស់​បុ​រី ដោយ​ផ្ទាល់​តែង​មាន​​អត្រាការប្រាក់ខ្ពស់ជាងឆ្ងាយ​ធៀ​បនឹង​ការ​ទទួល​កម្ចី​ពី​ធនាគារ​៕

ដៃគូសហការ៖ www.realestate.com.kh