ការដាក់ទណ្ឌកម្មពន្ធគយជុំទី ៣ លើទំនិញនាំចូលរបស់ចិនត្រូវបានចូលជាធរមាន​



ការដាក់ទណ្ឌកម្មពន្ធគយជុំថ្មីលើការនាំទំនិញពីចិនចូលសហរដ្ឋអាមេរិកត្រូវបានចូលជាធរមានដែលចាប់អនុវត្ត និងមានប្រសិទ្ធិភាពចាប់ពីថ្ងៃអាទិត្យទី ១ ខែកញ្ញា ២០១៩ ម្សិលមិញនេះ។ វាក៏ជាការតម្លើងពន្ធចុងក្រោយមួយបន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មបានអូសបន្លាយរយៈពេលជាង ១៤ ខែមកនេះ ហើយភាគីទាំងពីរបានបន្តការងាររបស់ខ្លួនដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីលទ្ធភាពនៃការបន្តការចរចា។

អាមេរិកបានដំឡើងពន្ធថ្មី ១៥ ភាគរយលើផលិតផលចិនដែលមានតម្លៃប្រហែល ១១០ ពាន់លានដុល្លាររួមមានសំលៀកបំពាក់ អាហារ ទំនិញសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ កាសប៊្លូធូស និងទូរទស្សន៍។ ការតម្លើងពន្ធនៅជុំទី ៣ នេះត្រូវបានបែងចែងកជាពីរ ហើយពេលនេះចាត់ទុកជាការអនុវត្តពន្ធលើកទី១ លើទំនិញនាំចូលគិតជាទឹកប្រាក់ប្រមាណ ៣០០ ប៊ីលានដុល្លារ ខណៈការអនុវត្តពន្ធលើកទី២ ចូលជាធរមាននៅថ្ងៃទី ១៥ ខែធ្នូខាងមុខ។ 

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីខែមុនថា អាមេរិកនឹងពន្យាពេលការអនុវត្តពន្ធនាំចូលលើកទី ២ រួមមានទូរស័ព្ទ កុំព្យូទ័រយួរដៃ (Laptop) និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ដើម្បីបងា្ករអ្នកទិញទំនិញជនជាតិអាមេរិកពីការតម្លើងថ្ងៃទំនិញក្នុងរដូវបុណ្យណូអែល។

ជាការឆ្លើយតប ទីក្រុងប៉េកាំងថានឹងតម្លើងថ្លៃពន្ធនាំចូលទំនិញរបស់សហរដ្ឋអាមេរិកវិញក្នុងទឹកប្រាក់ ៧៥ ប៊ីលានដុល្លាររួមមាន សណ្តែងសៀង (កើនឡើងពី ៥ ទៅ ១០ភាគរយ) ក្នុងជំហ៊ានដំបូង និងជំហ៊ានបន្ទាប់នៅថ្ងៃទី ១៥ ធ្នូ ដូចគ្នាទៅនឹងអាមេរិកដែរ។ ការផ្លាស់ប្តូរនេះក៏រួមបញ្ចូលផងដែរនូវសេចក្តីណែនាំស្តីពីពន្ធគយថ្មី ៥ ភាគរយលើការនាំចូលប្រេងឆៅពីសហរដ្ឋអាមេរិក និងការដំឡើងពន្ធឡើងវិញ ២៥ ភាគរយលើរថយន្តដែលផលិតនៅអាមេរិក ពន្ធ ៥ ភាគរយលើគ្រឿងបន្លាស់រថយន្តអាមេរិកនឹងចូលជាធរមាននៅថ្ងៃទី ១៥ ខែធ្នូ។

ទន្ទឹមនឹងនេះទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកមតិយោបល់ជាសាធារណៈលើសំណើររបស់លោក ដូណាល់ ត្រាំ ក្នុងការដំឡើងអត្រាពន្ធទំនិញនាំចូលរបស់ចិនចំនួន ២៥០ ប៊ីលានដុល្លារអាមេរិកដែលក្នុងនោះ ២៥ ភាគរយត្រូវចាប់គិតពីថ្ងៃទី ១ ខែតុលាជាថ្ងៃដែលទីក្រុងប៉េកាំងនឹងប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ទោះបីជាមានការកើនឡើងនូវជម្លោះពាណិជ្ជកម្មក៏ដោយលោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ថា រហូតមកដល់ពេលនេះកិច្ចពិភាក្សាទល់មុខគ្នា ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅចុងខែនេះនៅតែមាននៅឡើយ។ ទោះយ៉ាងណាប្រទេសចិនមិនទាន់បានបញ្ជាក់ពីការចាប់ផ្តើមចរចារ នៅឡើយទេដោយក្រសួងពាណិជ្ជកម្មបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ភាគីទាំងពីរកំពុងពិភាក្សាគ្នាថាតើគណៈប្រតិភូទីក្រុងប៉េកាំងនឹងធ្វើដំណើរទៅកាន់រដ្ឋធានីរបស់សហរដ្ឋអាមេរិកឬយ៉ាងណា។ អ្នកនាំពាក្យរបស់ក្រសួងលោក Gao Feng បានបញ្ជាក់ថា ចិននឹងសម្តែងភភាពឱឡារិកលើផែនការតម្លើងពន្ធលើផលិតផលចិន តែលោកក៏បញ្ជាក់ថាទីក្រុងប៉េកាំងមានមធ្យោបាយគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការតម្លើងបន្ថែមណាមួយទៀតរបស់សហរដ្ឋអាមេរិក។ 

“អ្វីដែលសំខាន់បំផុតនៅពេលនេះគឺការបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ការបន្តការចរចា” អ្វីដែលត្រូវពិភាក្សានៅពេលនេះគឺសហរដ្ឋអាមេរិកត្រូវតែបញ្ឈប់ផែនការរបស់ខ្លួនក្នុងការដាក់ពន្ធបន្ថែមលើផលិតផលចិនដែលមានតម្លៃ ៥៥០ ពាន់លានដុល្លារដើម្បីចៀសវាងការកើនឡើងនៃជម្លោះពាណិជ្ជកម្មជាងនេះ។ ប្រសិនបើខ្លួនចង់បង្ហាញភាពស្មោះត្រង់របស់ខ្លួននៅក្នុងកិច្ចចរចាពាណិជ្ជកម្ម សហរដ្ឋអាមេរិកត្រូវតែធ្វើសម្បទានយ៉ាងច្រើនលើបញ្ហាមួយចំនួនដែលប្រទេសចិនមិនអាចទទួលយកបាន នេះជាការលើកឡើងរបស់សាស្ត្រចារ្យមួយរូបផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាកល័យ Renmin  ក្នុងទីក្រុងបេកាំង។

គួរបញ្ជាក់ថា កាលពីដើមខែមិថុនា ២០១៩ កន្លងទៅ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មពន្ធគយលើទំនិញរបស់ចិនក្នុងទឹកប្រាក់ ២០០ ប៊ីលានដុល្លារ ហើយពេលនោះចិនក៏ធ្វើការតម្លើងពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិកដូចគ្នាក្នុងទឹកប្រាក់ ៦០ ប៊ីលានដុល្លារ៕

ដោយ៖ យ៉ាយ៉ា

 

 

X
5s