បញ្ជី​ឈ្មោះ​ទីក្រុង​ទាំង​១០​ដែល​​គួរ​ឲ្យ​ចង់​រស់នៅ​​បំផុត​​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០១៩​នេះ​ចេញ​ហើយ!​



នេះ​ជា​លើក​ទី២​ហើយ​ដែល​ទីក្រុង​វីយ៉ែនណា (Vienna)​ ប្រទេស​អូទ្រីស​​បាន​ជាប់​ឈ្មោះ​​ជា​ថ្មី​ម្តង​ទៀត ជា​ទីក្រុង​គួរ​ឲ្យ​ចង់​រស់នៅ​បំផុត (Liveable City In The World) ​ក្នុង​លោក​ប្រចាំ​ឆ្នាំ ២០១៩ នេះ។ ស្ថិត​នៅ​ភាគ​កណ្តាល​​នៃ​តំបន់​អឺរ៉ុប​ទីក្រុង​មួយ​នេះ​​ទទួល​បាន​ពិន្ទុ​ស្ទើរតែ​ ១០០ ពិន្ទុ​ពេញ​ទៅ​ហើយ​ដោយ​ផ្អែក​លើ​លក្ខណៈ​ពិសេស​​​ទៅ​នឹង​ស្ថិរភាព​ល្អ​ វប្បធម៌​សំបូរ​បែប​ បរិស្ថាន​ល្អ ការ​អប់រំ​មាន​ស្តង់ដារ​ខ្ពស់​ ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើបៗ​ និង​សេវា​សុខភាព​​ល្អ​ប្រសើរ​ នេះ​បើ​យោង​តាម​​ការ​​ចេញផ្សាយ​​របស់​អង្គភាព​​ក្រុម​អ្នក​សេដ្ឋកិច្ច​​​ឆ្លាតវៃ​របស់​អង់គ្លេស​​​ (The Economist Intelligence Unit )។

បើ​យោង​តាម​អង្គភាព​​​​ដដែល​ ការ​​ធ្វើ​ចំណាត់ថ្នាក់​​ដាក់​ពិន្ទុ​នេះ​មិនមែន​​ផ្អែក​តែ​ទៅ​លើ​​ចំណុច​ទាំង ៦ ខាងលើ​​​ប៉ុណ្ណោះ​ទេ ពោល​គឺ​នៅ​មាន​ការ​វាយតម្លៃ​ទៅ​លើ​លក្ខខណ្ឌ​ផ្សេងៗ​ចំនួន​សរុប ៣០ លក្ខខណ្ឌ​ដែល​ត្រូវ​ដាក់​ពិន្ទុ ចាប់​ពី ១ រហូត​ដល់ ១០០ ពិន្ទុ។ គ្មាន​ទីក្រុង​ណាមួយ​របស់ អាមេរិក​ជាប់​ចំណាត់ថ្នាក់​ក្នុង​បញ្ជី​​​កំពូល​ទាំង ១០ នេះ​ទេ ហើយ​ទ្វីប​អាស៊ី​មាន​តែ​ទីក្រុង​អូសាកា (Osaka) និង​ទីក្រុង​តូក្យូ​​របស់​ជប៉ុន​​​ប៉ុណ្ណោះ ខណៈ​ដែល​អូស្ត្រាលី​ និង​កាណាដា​មាន​បញ្ជី​ឈ្មោះ​ទីក្រុង​ជាប់​ច្រើន​ជាងគេ។

ទីក្រុង Melbourne របស់​អូស្ត្រាលី

ទីក្រុង Melbourne របស់​អូស្ត្រាលី​

ខាងក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​ទីក្រុង​គួរឲ្យ​ចង់​រស់នៅ​​បំផុត​ទាំង ១០ ​ប្រចាំ​​ឆ្នាំ ២០១៩​ ​ (The Global Liveability Index 2019) ដែល​ធ្វើ​ឡើង​ដោយ​​អង្គភាព​​​ក្រុម​អ្នក​សេដ្ឋកិច្ច​​​ឆ្លាតវៃ​របស់​អង់គ្លេស​​​ (EIU)៖

១.ទីក្រុង​វីយ៉ែនណា (Vienna) របស់​អូទ្រីស​មាន​ ៩៩,១ ​ពិន្ទុ​​

២.ទីក្រុង​ម៉ែលប៊ន​ (Melbourne) របស់​អូស្ត្រាលី​មាន​ ៩៨,៤ ពិន្ទុ

៣.ទីក្រុង​ស៊ីដនី (Sydney) របស់​អូស្ត្រាលី​មាន​ ៩៨,១ ពិន្ទុ

៤.ទីក្រុង​អូសាកា (Osaka) របស់​ជប៉ុន​មាន​ ៩៧,៧ ពិន្ទុ

៥.ទីក្រុង​កាល់ការី (Calgary) របស់​កាណាដា​មាន​ ៩៧,៥ ពិន្ទុ

៦.ទីក្រុង​វ៉ានឃូវឺរ ​(Vancouver) របស់​កាណាដា​មាន​ ៩៧,៣ ពិន្ទុ

៧.ទីក្រុង​តូក្យូ (Tokyo) របស់​ជប៉ុន​មាន​ ៩៧,២ ពិន្ទុ

៨.ទីក្រុង​តូរ៉ុនតូ (Toronto) របស់​កាណាដា​មាន ៩៧,២ ពិន្ទុ

៩.ទីក្រុង​កូប៉េនហាហ្គេន (Copenhagen) របស់​ដាណឺម៉ាក​មាន ៩៦,៨ ពិន្ទុ

១០.ទីក្រុង​អាដាឡៃដ (Adelaide) របស់​អូស្ត្រាលី​មាន  ៩៦,៦ ពិន្ទុ៕

ប្រភព៖ Cnbc 

 

X
5s