ឯកឧត្តមហុង សុខហួរ៖ កំណើនពាណិជ្ជកម្មបច្ចេកវិទ្យា និងអាជីវកម្មអនឡាញជាផ្នែកមួយជម្រុញវិស័យមូលបត្រ​



ឯកឧត្តម ហុង សុខហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថា “កំណើននៃអាជីវកម្មអនឡាញ និងពាណិជ្ជកម្មតាមបែបបច្ចេកវិទ្យាជាកត្តាមួយសំខាន់ក្នុងការជួយជម្រុញវិស័យមូលបត្រក្នុងប្រទេសកម្ពុជា"។ ឯកឧត្តមថ្លែងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងកម្មវិធី “Executive Talk 2019” ក្រោមប្រធានបទ បច្ចេកវិទ្យា ពាណិជ្ជកម្មអនឡាញ និងអាជីវកម្មផ្សេងទៀត ដែលប្រារព្ធធ្វើឡើងនៅអាគារផ្សារមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០១៩។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា វិស័យមូលបត្រគាំទ្រដល់គ្រប់វិស័យនៃអាជីវកម្មទាំងអស់មិនថាវិស័យកសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម ឬវិស័យអ្វីផ្សេងទៀតទេ។ តែដោយសារគំនិតលោកផ្ទាល់យល់ថា បច្ចេកវិទ្យាបានជួយដល់ការអភិវឌ្ឍអាជីវកម្មឲ្យមានដំណើរការលូតលាស់ទៅមុខលឿន ជាជាងការដែលម្ចាស់អាជីវកម្មនៅតែបន្តការធ្វើជំនួញតាមបែបប្រពៃណី ក្នុងករណីម្ចាស់អាជីវកម្មគាត់ជ្រើសរើស មានយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការដឹកនាំ ហើយចេះប្រើលុយរបស់អ្នកដទៃយកទៅពង្រីកអាជីវកម្ម។ បន្ទាប់ពីពួកគាត់ទទួលបានលទ្ធភាពក្នុងការពង្រីកខ្លួនបានធំធាត់ជាងមុនហើយនោះ ជាក់ណាស់ម្ចាស់អាជីវកម្មក៏នឹងសម្លឹងស្វែងរកការប្រមូលទុនបន្ថែមដើម្បីពង្រីកអាជីវកម្មកាន់តែធំ ពេលនោះជម្រើសល្អបំផុតមួយក្នុងការបង្កើនដើមទុនគឺ តាមរយៈការចូលផ្សារហ៊ុន។ នៅពេលអាជីវកម្មកាន់តែច្រើនបានចុះបញ្ជីលក់មូលបត្ររបស់ខ្លួនក្នុងផ្សារហ៊ុន នោះទឹកប្រាក់ក្នុងផ្សារហ៊ុនក៏នឹងកើនឡើង វិស័យមូលបត្រក៏ចាប់រីកចម្រើន មានដំណើរការទិញលក់មូលបត្រក៏កាន់តែច្រើនដូចគ្នា។  អ្វីដែលកាន់តែពិសេសនោះគឺផ្សារហ៊ុន ក៏ដូចជាវិស័យមូលបត្រទាំងមូលក៏នឹងមានលទ្ធភាពកាន់តែខ្ពស់ក្នុងការជួយដល់ម្ចាស់អាជីវកម្មរីកចម្រើនបានកាន់តែលឿន។ ឯកឧត្តមអគ្គនាយកក៏បានមានមតិយោបល់បន្ថែមទៀតដែរថា ឯកឧត្តមសូមធ្វើការលើកទឹកចិត្តឲ្យម្ចាស់អាជីវកម្មទាំងអស់ងាកមកប្រើប្រាស់បច្ចេកវិទ្យាជាជំនួញដល់ការធ្វើអាជីវកម្ម ព្រោះវាមានអត្ថប្រយោជន៍ ផ្តល់ភាពងាយស្រួល និងផលចំនេញច្រើនខ្លាំងមែនទែនខុសពីការធ្វើអាជីវកម្មតាមបែបប្រពៃណី។ ម្ចាស់អាជីវកម្មទាំងអស់គួរបើកចិត្តទទួលយកការសិក្សាពីបច្ចេកវិទ្យាដើម្បីជួយដល់អាជីវកម្មឲ្យបានច្រើន ត្រូវតោងគិតថាប្រទេសដទៃគេដើរដល់ណាហើយ តើអាជីវកម្មក្នុងប្រទេសរបស់គេកំពុងដើរលើផ្លូវណាទើបគេអាចរីកចម្រើនបានលឿន។

គួររំឮកផងដែរថា មកទល់ពេលនេះមានក្រុមហ៊ុនចំនួន ៥ ហើយដែលបនាចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជា ក្នុងនោះក្រុមហ៊ុនឯកជនចំនួន ដោយឡែកមានក្រុមហ៊ុនឯកជនចំនួន ៣ ផ្សេងទៀតបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាដើម្បីលក់មូលបត្របំណុល ឬហៅថា Bond៕

ដោយ៖ យ៉ាយ៉ា

 

X
5s