បុគ្គលជោគជ័យមានជំនាញអាថ៌កំបាំងមួយនេះ ដែលមនុស្សធម្មតាគ្មាន​ក្នុងបច្ចេកវិទ្យាសម្បូរបែបនិងកម្មវិធីកម្សាន្តកាន់តែច្រើនទៅ ធ្វើឲ្យការផ្ដោតអារម្មណ៍របស់មនុស្សកាន់តែឆាប់បាត់បង់។ ប៉ុន្តែប្រសិនបើអ្នកចង់ជោគជ័័យ អ្នកត្រូវការជំនាញមួយគឺ «ការផ្ដោតអារម្មណ៍»។ 

បើយោងតាមអ្នកជំនាញផ្នែកភាពជោគជ័យ លោក Richard St. John ដែលបានធ្វើការសម្ភាសទៅលើបុគ្គលជោគជ័យជាង ១០០០នាក់ ដែលរួមមានទាំងលោក Bill Gates, Richard Branson និង Martha Stewart ជាដើម។ ក្នុងឆ្នាំ ២០១៥ លោកបានឡើងនិយាយលើកម្មវិធី Ted Talks ដែលលោកបាននិយាយអំពី «អាថ៌កំបាំងនៃភាពជោគជ័យ» ដែលវីដេអូនេះត្រូវបានគេចូលមើលជាង ១០ លានដង។ 

លោក Richard St. John បានប្រាប់ទៅកាន់កម្មវិធី CNBC Make It ថា ការផ្ដោតអារម្មណ៍គឺជាអាថ៌កំបាំងនៃភាពជោគជ័យរបស់បុគ្គលជោគជ័យ។ មនុស្សដែលអាចផ្ដោតអារម្មណ៍បានល្អគឺជាមនុស្សដែលអាចក្លាយជាបុគ្គលជោគជ័យក្នុងអាយុវ័យក្មេងបាន។ 

លោក Richard St. John បាននិយាយថានៅពេលអ្នកមានអាយុវ័យក្មេង អ្នកតែងតែធ្វើរឿងច្រើន។ ប៉ុន្តែអ្នកត្រូវជ្រើសរើសរឿងធ្វើតែមួយបានហើយ ហើយរឿងនោះត្រូវតែជាអ្វីដែលធ្វើឲ្យអ្នកមានភាពរំជួលចិត្ត។ ក្នុងកិច្ចសម្ភាសជាមួយបុគ្គលជោគជ័យនិងមហាសេដ្ឋីរយៈពេលជាង ១០ឆ្នាំ លោក Richard St. John បានមានប្រសាសន៍ថាបុគ្គលប្រភេទនេះមិនមានភាពរំជើបរំជួលនិងពិភាក្សាអំពីរឿងប្រាក់កាក់នោះទេ មានន័យថាមិនមែនជារឿងដែលត្រូវផ្ដោតអារម្មណ៍នោះទេ។ 

បុគ្គលជោគជ័យមិនពូកែគ្រប់រឿងនោះទេ ប៉ុន្តែពួកគេពូកែតែរឿងមួយប៉ុណ្ណោះ។ ប្រសិនបើអ្នកផ្ដោតអារម្មណ៍ទៅលើរឿងច្រើនពេក នោះអ្នកនឹងមិនអាចចំណាយពេលលើរឿងដែលអស្ចារ្យនោះទេ៕

ដោយ៖ លង់ វណ្ណៈ