ស្ថាបនិក Alarm Clock ប្រាប់​តិកនិក​អួត​ឲ្យ​អតិថិជន​ជឿ​និង​ទិញ​ផលិតផល​យើង​



តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ឲ្យ​អតិថិជន​ទិញ​ផលិតផល​របស់​យើង​? ប្រាកដ​ណាស់ បើ​យើង​មិន​និយាយ​អួត​សរសើរ​ពី​ផលិតផល​របស់​យើង​ប្រាប់​គេ​ទេ ធ្វើ​មិច​​គេ​នឹង​ស្គាល់​ហើយ​ព្រម​ទិញ​ផលិតផល​យើង! ប៉ុន្តែ​ការ​អួត មិន​មែន​គ្រាន់​តែ​យើង​និយាយ​ទៅ​ គេ​គ្រប់​គ្នា​នឹង​ជឿ​នោះ​ទេ ពោល​គឺ​ត្រូវ​មាន​វិធីសាស្ត្រ​ រួម​នឹង​តិកនិក​ជា​ច្រើន​ទៀត​ដែល​នឹង​ជំរុញ​ចិត្ត​ឲ្យ​អតិថិជន​ងាក​មក​ទិញ​ផលិតផល​យើង។ ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​របស់​លោក វី ច័ន្ទ្ររង្សី ស្ថាបនិក​  Alarm Clock នូវ​តិកនិក​ក្នុង​ការ​អួត​ពី​ផលិតផល៖ 

នៅ​ក្នុង​សិក្ខាសាលា​នៃ​កម្មវិធី “Believe” កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៩​កន្លង​ទៅ​ លោក​ វី ច័ន្ទ្ររង្សី បាន​ចែក​រំលែក​ថា ដើម្បី​អួត​ពី​ផលិតផល យើង​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​ពី​ប្រភេទ​អតិថិជន៖  យើង​ត្រូវ​ដឹង​ពី​របៀប​នៃ​ការ​និយាយ​ជា​មួយ​អតិថិជន​ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​ចរិតលក្ខណៈ​ខុសៗ​គ្នា ដូច្នេះ​រាល់​ផលិតផល​ដែល​យើង​យក​មក​លក់ ត្រូវ​ដឹង​ថា​ប្រភេទ​ណាស័ក្តិសម​​ជា​មួយ​អតិថិជន​បែប​ណា។ មួយ​វិញ​ទៀត​យើង​ត្រូវ​ចាំ កាល​ណា​ដែល​យើង​អាច​ក្ដាប់​ទិន្នន័យ​បាន​ច្រើន​ពី​អតិថិជន​យើង​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​លក់។  

ចំណុច​សំខាន់​មួយ​ទៀត គឺ​ត្រូវ​ព្យាយាម​រក​វិធី​ទាក់ទង​នឹង​ស្គាល់​អតិថិជន៖ យើង​អាច​ឆាត​ទៅ​និយាយ​លេង​ជា​មួយ​អតិថិជន។ ចេះ​និយាយ​សរសើរ​គាត់​បន្តិច​ ដើម្បី​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត​ជា​មួយ​យើង នៅ​ពេល​នោះ​គាត់​នឹង​រីករាយ​ចែក​រំលែក​ព្រម​ទាំង​រាប់​អាន​ជា​មួយ​យើង ប៉ុន្តែ​ភ្លាមៗ​សូម​កុំ​ប្រញាប់​លក់​ឲ្យ​ពួក​គាត់ យើង​អាច​ចំណាយ​ពេល​បន្តិច​ឲ្យ​ពួកគាត់​ស្គាល់​យើង​ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ស្គាល់​យើង​ហើយ​ ពេល​នោះ​យើង​ប្រាកដ​ជា​អាច​លក់​បាន​ហើយ។

ស្ថាបនិក​វ័យ​ក្មេង​រូប​នេះ​ចែក​រំលែក​បន្ថែម​ថា កុំ​អួត​ហួស​ពី​អ្វី​ដែល​ជា​ការ​ពិត៖ មាន​ផលិតផល​មួយ​ចំនួន​នៅ​លើ​ទីផ្សារ​គឺ​ជា​ផលិតផល​បោក​បញ្ឆោត ដូច្នេះ​ប្រសិន​បើ​យើង​ចង់​ឲ្យ​ការ​លក់​មាន​ប្រសិទ្ធភាព​ត្រូវ​លក់​តែ​ផលិតផល​ណា​ដែល​ពិត ហើយ​ការ​អួត​នោះ​ផង​ដែរ​ក៏​មិន​ត្រូវ​និយាយ​ឲ្យ​ហួស​ពី​ការ​ពិត​ដែរ។ យើង​អាច​អួត​ហួស​ពី​អ្វី​ដែល​មាន​នៅ​ពេល​នេះ​បាន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អ្វី​ដែល​យើង​អួត​ វា​នឹង​មាន​ពិត​មែន​នា​ពេល​ខាង​មុខ៕

ដោយ៖ ជួប ស្រីរ័ត្ន