៤ ​ចំណុច​ពី​លោក​ជំទាវ គង់ សូរីតា និង​ជួយ​ផ្លាស់​ប្ដូរ​ឲ្យ​ជីវិត​អ្នក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​



ភាព​ខ្ជិល​ច្រអូស​ លេស​ដោះ​សារ កុហក​ខ្លួនឯង​ជា​ដើម គឺ​ជា​ប្រភព​ដែល​នាំ​ឲ្យ​យើង​រក​ភាព​រីកចម្រើន​មិន​ឃើញ។ ប៉ុន្តែ តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​យក​ឈ្នះ​ខ្លួនឯង​បាន? ជា​ការ​ពិត ការ​យក​ឈ្នះ​ខ្លួនឯង​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​ ប៉ុន្តែ​វា​មិន​មែន​ពិបាក​ខ្លាំង​រហូត​ដល់​យើង​មិន​អាច​ជម្នះ​វា​បាន​នោះ​ទេ។ ក្នុង​ការ​ចែក​រំលែក​មួយ​នៃ កម្មវិធី “Believe” កាល​ពី​ពេល​ថ្មីៗ​នេះ លោក​ជំទាវ គង់ សូរីតា នាយិកា​នៃ​ក្រុមហ៊ុន Ocean Technology បាន​លើក​យក​នូវ​វិធីសាស្ត្រ​៤​ចំណុច ជំរុញ​ការ​ផ្លាស់​ប្ដូរ​ជីវិត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

ចំណុច​សំខាន់​ទី​១ កុំ​រង់ចាំ (Don't wait)៖ លោក​ជំទាវ​ចែក​រំលែក​ថា មនុស្ស​មួយ​ចំនួន​តែង​ចូល​ចិត្ត​រក​លេស​ឲ្យ​ខ្លួនឯង​ ហើយ​តែង​និយាយ​ថា "ចាំ​សិន​ទៅ ចាំ​បន្តិច​ទៀត​ចាំ​ធ្វើ"។ នោះ​ក៏​ព្រោះ​តែ​ពួកគាត់​គ្មាន​ផែនការ​ច្បាស់លាស់​ចំពោះ​ខ្លួន​ឯង។ លោក​ជំទាវ​លើក​ឡើង​ថា មនុស្ស​ដែល​គេ​មាន​កាលវិភាគ​ច្បាស់លាស់​ចំពោះ​ខ្លួនឯង​ គេ​នឹង​ដឹង​ថា​ការងារ​ណា​ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​មុន ហើយ​ការងារ​ណា​ខ្លះ​ដែល​សំខាន់​តែ​មិន​បន្ទាន់។ ដូច្នេះ​គេ​នឹង​មិន​ចំណាយ​ពេល​ចោល​ឥតប្រយោជន៍​នោះ​ទេ។

ទី​២ កុំ​គ្រាន់​តែ​គិត​តែ​ត្រូវ​ធ្វើ​វា (Take action)៖ ធ្វើ​អ្វី​ក៏​ដោយ​បើ​មាន​ត្រឹម​តែ​គម្រោង​និង​ផែនការ​តែ​មិន​ធ្វើ​វា​ទេ នោះ​ក៏​មិន​មាន​អ្វី​កើត​ឡើង​ដែរ។ ត្រូវ​រៀន​អនុវត្ត​អ្វីៗ​ដែល​យើង​មិន​ធ្លាប់​ធ្វើ​ ហើយ​ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ បើ​យើង​មិន​ចេះ​ធ្វើ​ត្រូវ​រៀន​ធ្វើ​វា​ ជាជាង​យើង​ចំណាយ​ពេល​ធ្វើ​អ្វី​ផ្សេង​ដែល​គ្មាន​ប្រយោជន៍។

ទី​៣ កុំ​បោះ​បង់ (Never give up)៖ ជា​ការ​ពិត បញ្ហា​នៅ​ក្នុង​ជីវិត​កើត​ឡើង​មិន​ចេះ​ចប់​នោះ​ទេ ដូច្នេះ​ត្រូវ​រៀន​ទទួល​ស្គាល់​ការ​ពិត និង​ធ្វើ​វា​ឲ្យ​អស់​ពី​លទ្ធភាព។ ប្រសិន​បើ​យើង​បាន​ប្រឹងប្រែង​ធ្វើ​វា​អស់​ពី​សមត្ថភាព​ហើយ​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទៅ​រួច សូម​កុំ​ទាន់​អាល​អស់​សង្ឃឹម ត្រូវ​គិត​ថា​បើ​ថ្ងៃ​នេះ​មិន​ទាន់​អាច​ទៅ​រួច​ទេ ថ្ងៃ​ស្អែក​វា​ប្រហែល​ជា​អាច​ទៅ​រួច។

ចំណុច​ចុង​ក្រោយ ត្រូវ​ក្លាហាន៖ ត្រូវ​ជឿជាក់​លើ​អ្វី​ដែល​យើង​ធ្វើ ភាព​ក្លាហាន​នឹង​ជំរុញ​ឲ្យ​យើង​ហ៊ាន​ធ្វើ​ការ​សម្រេច​ចិត្ត។ កុំ​ខ្មាស​អៀន​ចំពោះ​ភាព​បរាជ័យ តែ​ត្រូវ​កែប្រែ​វា​ និង​យក​វា​ជា​ចំណុច​ជំរុញ​ឲ្យ​យើង​ជោគជ័យ​វិញ៕

ដោយ៖ ជួប ស្រីរ័ត្ន