​ដំបូន្មាន​​​ជីវិត​ចំនួន ៥ ដែល​ពិភពលោក​រៀនសូត្រ​តាម​​របស់​មហាសេដ្ឋី​ Warren Buffet​



លោក ​ Warren Buffett មហាសេដ្ឋី​ដ៏​ល្បីល្បាញ​របស់​អាមេរិក​ទើប​នឹង​ឈាន​ដល់​វ័យ ៨៩​ឆ្នាំ​​កាល​ពី​ចុងខែ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ។ ដើម្បី​ជា​ការ​​ចូលរួម​អបអរ​ក្នុង​ពិធី​ខួបកំណើត​របស់​លោក សារព័ត៌មាន CNBC  បាន​​ដកស្រង់​នូវ​ដំបូន្មាន​ដ៏​​មាន​តម្លៃ​ និង​ល្បីៗ​របស់​មហាសេដ្ឋី​​រូប​នេះ​នៅ​ពេល​កន្លងមក។  ​

ក្នុង​ចំណោម​ដំបូន្មាន​យ៉ាង​មាន​តម្លៃ​ជា​ច្រើន ​ទាំង​នោះ សារព័ត៌មាន​ខាងលើ​បាន​ជ្រើសរើស​យក​ដំបូន្មាន​ចំនួន ៥ របស់​លោក​ដែល​ល្បីល្បាញ​ជាងគេ​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​រៀនសូត្រ​តាម​ដែល​មាន​ដូច​ខាងក្រោម​នេះ៖ ​

១.រៀបការ​ជាមួយ​មនុស្ស​ត្រូវ​​
អ្នកណា​ក៏​ដឹង​ដែរ​ថា ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​របស់​លោក​បាន​មក​ពី​ភាព​ឆ្លាតវៃ​ក្នុង​ការ​វិនិយោគ។ ប៉ុន្តែ​បើ​​មាន​គេ​សួរ​ថា តើ​អ្វី​ទៅ​ជា​ការ​សម្រេចចិត្ត​​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​លោក? លោក​នឹង​ឆ្លើយ​ថា រឿង​នេះ​វា​មិន​ទាក់ទង​ទៅ​នឹង​លុយកាក់​​បន្តិច​សោះ​ឡើយ។ លោក​បាន​ផ្តល់​ដំបូន្មាន​ថា ការ​សម្រេចចិត្ត​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក គឺ​​នៅ​ត្រង់​ថា តើ​អ្នក​គួរ​រៀបការ​ជាមួយ​អ្នកណា? ​

លោក​​ថ្លែង​ដូច្នេះ​ថា៖« ជ្រើស​បាន​​មនុស្ស​ត្រូវ​មក​ធ្វើ​ជា​គូជីវិត​​​ ពិត​ជា​សំខាន់​ណាស់​។ ខ្ញុំ​មិន​អាច​បរិយាយ​បាន​ថា ​វា​សំខាន់​ប៉ុណ្ណា​ទេ។ ប៉ុន្តែ​ខ្ញុំ​ថា រឿង​ហ្នឹង​សំខាន់​ខ្លាំង​ណាស់។ ប្តី ឬ​ប្រពន្ធ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​ជីវិត​អ្នក​ផ្លាស់ប្ដូរ​ច្រើន​ជាង​នេះ និង​អាច​ជួយ​ឲ្យ​ក្តី​ប្រាថ្នា​របស់​អ្នក​បានសម្រេច​​​ទៀតផង​។ »

២.វិនិយោគ​លើ​ខ្លួនឯង
«ការ​វិនិយោគ​ដែល​បាន​​ផល​ចំណេញ​​​ខ្ពស់​​ជាងគេ​​បំផុត​គឺ​​​ការ​វិនិយោគ​​​លើ​ខ្លួនឯង។ មុន​ដំបូង​រៀន​​ពង្រឹង​ជំនាញ​ទំនាក់ទំនង​ទាំង​ការ​សរសេរ និង​​ជាមួយ​មនុស្ស​គ្រប់រូប​។ ធ្វើ​អញ្ចឹង អ្នក​អាច​បង្កើន​តម្លៃ​ខ្លួនឯង​យ៉ាងហោចណាស់​ក៏ ៥០% ដែរ»។ នេះ​ជា​ការ​លើក​ឡើង​របស់​ ​មហាសេដ្ឋី​វ័យ ៨៩​ឆ្នាំ Warren Buffett។ 

បន្ទាប់​មក​អ្នក​ក៏​ត្រូវ​យកចិត្ត​ទុកដាក់​លើ​សុខភាព​​ និង​សុខភាព​ផ្លូវចិត្ត​របស់​អ្នក​​ឲ្យ​បាន​ល្អ​បំផុត​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​នៅ​ក្មេង​នៅ​ឡើយ។ លោក​បន្ត​ថា អ្នក​មិន​ត្រូវ​បណ្តែតបណ្តោយ​មើល​រំលង​​ខ្លួនឯង​រហូត​ដល់​អាយុ ៥០ ទើប​គិត​ពី​វា​នោះ​ទេ។ វ័យ​ ៥០ ជា​វ័យ​ដែល​ហួស​ពេល​ទៅ​ហើយ​ ម្យ៉ាង​ទៀត​អ្នក​នឹង​សោកស្តាយ​បើ​អ្នក​មិន​បាន​យកចិត្ត​ទុកដាក់​លើ​វា​តាំង​ពី​ក្មេង​ទៅ​។

៣.បង្កើត​មិត្តភាព​ជាមួយ​មនុស្ស​​ថ្នាក់​ខ្ពស់
មហាសេដ្ឋី​ប្រធាន​ក្រុមហ៊ុន Berkshire Hathaway រូប​នេះ​ធ្លាប់​ផ្តល់​បទសម្ភាសន៍​ទៅ​ឲ្យ​អ្នកនិពន្ធ Gillian Zoe Segal កាល​ពី​ឆ្នាំ ២០១៥​ថា កិច្ចការ​ដ៏​ល្អ​បំផុត​ដែល​អ្នក​​គួរ​ធ្វើ​នៅ​ក្នុង​ជីវិត​របស់​អ្នក គឺ​ការ​បង្កើត​មិត្តភាព​ជាមួយ​មនុស្ស​ថ្នាក់​ខ្ពស់​​ដែល​ពូកែ​ជាង​អ្នក។ 

«បើ​អ្នក​រាប់​អាន​មនុស្ស​ពូកែ​ជា​អ្នក អ្នក​នឹង​ធ្វើ​ដូច​ពួកគេ។ ផ្ទុយ​មក​វិញ​បើ​អ្នក​រាប់អាន​មនុស្ស​ដែល​អន់​ មនុស្ស​អាក្រក់ មិន​យូរ​មិន​ឆាប់​អ្នក​ក៏​ធ្លាក់​ខ្លួន​​ដូច​មនុស្ស​ទាំងនោះ​ដែរ»។ លោក Warren Buffett បញ្ជាក់។ ​​

៤.ធ្វើការ​ឲ្យ​មនុស្ស​ដែល​អ្នក​គោរព
នៅ​ត្រង់​ចំណុច​នេះ មហាសេដ្ឋី​ខាងលើ​បាន​ផ្តល់​ដំបូន្មាន​ថា អ្នក​គួរ​ព្យាយាម​ធ្វើការ​ជាមួយ​​​នរណា​ក៏ដោយ​ដែល​អ្នក​គោរព​​ស្រលាញ់​បំផុត។ វា​មិន​សំខាន់​ថា នៅ​ ១០​ឆ្នាំ​ទៀត​ការងារ​របស់​អ្នក​ជា​អ្វី​ទេ។ អ្វី​ដែល​សំខាន់​​ឲ្យ​តែ​អ្នក​មាន​ឱកាស​ច្រើន និង​អនាគត​ល្អ​ជាមួយ​បុគ្គល​នោះ​​​​គឺ​បាន​ហើយ​​​។  

លោក​បន្ត​ដូច្នេះ​ថា៖«ប្រាក់ខែ​វា​សំខាន់​ហើយ ប៉ុន្តែ​រឿង​អាជីព​ការងារ​ទើប​វា​ចាំបាច់។ កុំ​ធ្វើ​ការ​ដើម្បី​យក​តែ​ប្រាក់​ខែ។ ធ្វើ​ការងារ​ណា​ដែល​អ្នក​អាច​រៀនសូត្រ​យក​ចំណេះ​ជំនាញ​បាន​សម្រាប់​អាជីព​យើង​នៅ​ពេល​ខាងមុខ គឺ​​ជា​រឿង​ល្អ​បំផុត​»។

៥.ជោគជ័យ​មិន​ដោយសារ​​​មាន​លុយ​​ច្រើន​ទេ
ថ្វីត្បិត​តែ​លោក​ជា​មហាសេដ្ឋី​មាន​ជាងគេ​បំផុត​ទី៣​ក្នុង​លោក​ក៏​ពិត​មែន ប៉ុន្តែ​មហាសេដ្ឋី​រូប​នេះ​មិន​ដែល​យក​ទ្រព្យសម្បត្តិ​របស់​លោក​ទៅ​​​អួត​បញ្ជាក់​ប្រាប់​គេ​ឯង​ថា លោក​ជា​មនុស្ស​ជោគជ័យ​​នោះ​ឡើយ។ សម្រាប់​​លោក  Warren Buffett  ជោគជ័យ​​ស្ថិត​នៅ​ត្រង់​ថា អ្នក​​បាន​ផ្តល់​ក្តី​ស្រលាញ់​ទៅ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​បាន​ច្រើន​កម្រិត​ណា។ បើ​អ្នក​ផ្តល់​ក្តី​ស្រលាញ់​កាន់តែ​ច្រើន​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​​ ហើយ​មាន​​​​​មនុស្ស​ជា​ច្រើន​ស្រលាញ់​រាប់អាន​អ្នក មានន័យ​ថា អ្នក​ជា​មនុស្ស​ជោគជ័យ​ហើយ៕

ប្រភព៖ CNBC ​​