តាម​ការ​ព្យាករណ៍ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​ធ្លាក់​ចុះ​តិចតួច​ក្នុង​ឆ្នាំ​២០២០​វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ​នឹង​មាន​កំណើន​ក្នុង​រង្វង់​ ៨,៥% ដែល​ស្រប​ទៅ​នឹង​និន្នាការ​នៃ​វិស័យ​សំណង់ ដែល​ចំនួន​នេះ​នឹង​មាន​ការ​ថមថយ​តិចតួច​ប្រមាណ​ជា​ ០,៣% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ដែល​មាន​កំណើន​ក្នុង​រង្វង់​ ៨,៨%។ នេះ​បើ​តាម​ការ​ព្យាករ​ណ៍នៅ​ក្នុង​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

បើ​ទោះ​បី​ជា​វិស័យ​នេះ​មាន​ការ​ធ្លាក់​ចុះ​ក្ដី ប៉ុន្តែ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​វិស័យ​នេះ​នឹង​នៅ​តែ​បន្ត​ភាព​រឹងមាំ​របស់​ខ្លួន តាម​រយៈ​ការ​ទ្រទ្រង់​ដោយ​កំណើន​នៃ​តម្រូវ​ការ​ទិញ-លក់​សំណង់​អាគារ​ដែល​មាន​តម្លៃ​ទាប និង​មធ្យម ជំនួស​ឲ្យ​តម្រូវ​ការ​នៃ​ការ​ទិញ-លក់​លំនៅឋាន​ដែល​មាន​តម្លៃ​ខ្ពស់។ 

បើ​ទោះ​បី​ជា​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​បន្ត​ភាព​រឹងមាំ​ក្ដី ប៉ុន្តែ​វិស័យ​នេះ​ក៏​អាច​ប្រឈម​នឹង​ហានិភ័យ​ដូច​គ្នា​ទៅ​នឹង​វិស័យ​សំណង់​ផង​ដែរ នោះ​ក៏​ដោយ​សារ​តែ​ការ​បន្ត​កំណើន​ខ្ពស់​ជាប់ៗ​គ្នា​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​លទ្ធភាព​នៃ​ការ​កើត​ឡើង​នូវ​វិបត្តិ​ហិរញ្ញវត្ថុ ព្រោះ​ឥណទាន​ដែល​ផ្ដល់​ឲ្យ​នៅ​ក្នុង​វិស័យ​នេះ​ស្ថិត​ក្នុង​អត្រា​ខ្ពស់ (ប្រមាណ​៣០%) នៅ​ឡើយ បើ​ទោះ​ជា​មាន​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​ដោយ​ធនាគារ​ជាតិ​ក៏​ដោយ។ ដូច្នេះ​ត្រូវ​មាន​ការ​តាម​ដាន​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​វិស័យ​នេះ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s