លោក ឆូយ សុគន្ធថានេត៖ ហេតុផល ៤ យ៉ាងបង្ហាញថាអ្នកគួររៀនផងនិងធ្វើអាជីវកម្មផង​



វាគ្មិនមួយរូបក្នុងកម្មវិធី ពិព័រណ៍ឧត្តមសិក្សាឆ្នាំ ២០១៩ លោក ឆូយ សុគន្ធថានេត ជានិស្សិតឆ្នាំទី ៣ ជំនាញវិទ្យាសាស្រ្តកំព្យូទ័រ នៃវិទ្យាស្ថានបច្ចេកទេសគិរីរម្យ បានលើកឡើងថា ការរៀនផងចាប់យកអាជីវកម្មផងក្នុងពេលតែមួយមិនមែនជារឿងអាក្រក់ឡើយ។ 

លោកបន្តថា ការចាប់យកអាជីវកម្មមួយស្របពេលដែលអ្នកកំពុងសិក្សានៅថ្នាក់បរិញ្ញាបត្រគឺជារឿងមួយល្អ ព្រោះវាផ្តល់ផលវិជ្ជមានច្រើនជាងផលអវិជ្ជមានដោយសារហេតុផលសំខាន់ ៤ យ៉ាងដូចខាងក្រោម៖ 

១) មានឱកាសប្រឡូកក្នុងសង្គម

ពេលអ្នកមានគំនិតជាសហគ្រិន អ្នកត្រូវចេញប្រឡូកក្នុងសង្គមស្គាល់មនុស្សបានច្រើន នាំឲ្យអ្នកអាចបង្កើតបណ្តាញទំនាក់ទំនងច្រើន។ អ្នកអាចកែប្រែខ្លួនពីមនុស្សដែលមានភាពអៀនប្រៀនច្រើនទៅជាមនុស្សម្នាក់ក្លាហាន ហ៊ាននិយាយ បញ្ចេញមតិជាសាធារណៈ ពិសេសគឺមានទំនាក់ទំនងល្អក្នុងសង្គម។

២) មានឱកាសហ្វឹកហាត់ជំនាញ

វាជាឱកាសល្អបំផុតដើម្បីអ្នកអាចហ្វឹកហាត់ ឬអនុវត្តជំនាញដែលអ្នកបានសិក្សាព្រោះពេលអ្នកចាប់ជំនាញសិក្សានៅសកលវិទ្យាល័យវាគឺជាជំនាញដែលអ្នកបានគិតទុកសម្រាប់អនាគតរួចហើយ អ្នកប្រាកដជាស្រលាញ់ឬមានចំណង់ចំណូលចិត្ត ឬមានដុងក្នុងជំនាញមួយនោះ។ ពេលអ្នកយកវាមកប្រើដោយអនុវត្តលើអាជីវកម្មខ្លួនឯងផ្ទាល់ វាកាន់តែជួយឲ្យការសិក្សារបស់អ្នកមានការរីកចម្រើនកាន់តែខ្លាំង អ្នកក៏អាចយកអ្វីដែលអ្នកបានរៀនបានអភិវឌ្ឍដើម្បីបង្កើតឲ្យមានគំនិតច្នៃប្រឌិតបន្ថែមទៀត។ រយៈពេល ៣ ឬ ៤ ឆ្នាំដែលអ្នកបានប្រើប្រាស់ជំនាញ ឬប្រើវា ហើយធៀបនឹងអ្នកដទៃដែលរង់ចាំយកចំណេះទាំងនោះទៅបម្រើការងារនៅពេលបញ្ចប់ការសិក្សា គឺអ្នកមានការរីកចម្រើនជាង។

៣) អ្នកបានចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជាតិ

អ្នកបានចូលរួមជួយសកម្មភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសតាមរយៈ បង្កើនលំហូរនៃចរន្តសាច់ប្រាក់ក្នុងសេដ្ឋកិច្ច បង្កើតការងារ បង្កើតធនធានមនុស្ស និងចូលរួមក្នុងការបង្កើនធនធាននានាទៀតក្នុងបរិបទសេដ្ឋកិច្ច។  

៤) មានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ

បន្ទាប់ពីអ្នកបានហ្វឹកហាត់ បណ្តុះបណ្តាលខ្លួនឯង អ្នកស្គាល់មនុស្សមានបណ្តាញទំនាក់ទំនងច្រើនក្នុងសង្គម អ្នកច្បាស់ជាក្លាយជាធនធានដ៏រឹងមាំមួយសម្រាប់សង្គមប្រទេស និងបានចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមបានយ៉ាងច្រើន។ នៅពេលដែលអ្នកអាចបង្កើតឲ្យមានលំហូរចរន្តសាច់ប្រាក់ក្នុងសេដ្ឋកិច្ចមួយបាន វាច្បាស់ណាស់ថាខ្លួនអ្នកផ្ទាល់ក៏អាចមានសេរីភាពផ្នែកហិរញ្ញវត្ថុដែរ អ្នកមិននៅតែជាបុគ្គលដែលចាំលាដៃសុំការផ្គត់ផ្គង់ពីគ្រួសារបន្តទៀតទេ អ្នកអាចរ៉ាប់រងការចំណាយរបស់ខ្លួនបាន និងអាចរ៉ាប់រងមួយផ្នែកលើការចំណាយរបស់ក្រុមគ្រួសារ ដូច្នេះមានន័យថាអ្នកកំពុងមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ។

ទោះបីជាការសិក្សាបណ្តើរ ចាប់យកអាជីវកម្មបណ្តើរជាហត់បន្តិចក៏ពិតមែន តែពេលអ្នកជំនះការលំបាក ភាពហត់នឿយទាំងនោះបានអ្នកនឹងស្គាល់អ្វីជាតម្លៃនៃពែលវេលា អ្វីជាតម្លៃលុយ អ្វីជាតម្លៃកម្លាំងញើសឈាម ហើយស្គាល់ច្បាស់ថាអ្វីជាតម្លៃពិតប្រាកដនៃការតស៊ូ និងរស់ជាតិជីវិតពិត៕

ដោយ៖ យ៉ាយ៉ា

 

X
5s