មិន​ធម្មតា! អាកាសយានដ្ឋាន​ថ្មី​នៅ​ព្រះសីហនុ​អាច​ទទួល​អ្នក​ដំណើរ​រហូត​ដល់​ជាង​១០​លាន​នាក់​



តាម​ផែន​ការ​មេ ស្ថានីយ​អ្នក​ដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​នា​ដើម​ឆ្នាំ​២០២០​ខាង​មុខ​នេះ ដោយ​មាន​សមត្ថភាព​អាច​ទទួល​អ្នក​ដំណើរ ៣,៦លាននាក់​ សម្រាប់​ដំណាក់​កាល​ទី១ ព្រម​ទាំង​មាន​សមត្ថភាព​ពង្រីក​ទទួល​អ្នក​ដំណើរ​បន្ថែម​រហូត​ដល់​ជាង​១០​លាន​ឯណោះ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២២ ដែល​ជា​ដំណាក់​កាល​ទី​២។ នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​នេះ​ កំពុង​តែ​ដំណើរការ​ពង្រីក​ផ្លូវ​រត់​ហោះហើរ ពី​២៥០០ម៉ែត្រ ឲ្យ​ដល់ ៣៣០០ម៉ែត្រ (៨០០ម៉ែត្របន្ថែម) ដោយ​គ្រោង​នឹង​បញ្ចប់​ដំណើរ​ការ​សាងសង់​នេះ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០២០​ខាង​មុខ។ អាកាសយានដ្ឋាន​ថ្មី​នេះ​មាន​សមត្ថភាព​អាច​ទទួល​បាន​ការ​ចុះចត​យន្តហោះ​គ្រប់​ប្រភេទ រួម​ទាំង​ខ្នាត​ធំ​ផង​ដែរ។

ជា​គោលការណ៍​ផែនការ​មេ ស្ដី​ពី​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នេះ ដែល​បាន​ស្នើ​ឡើង​ដោយ​ក្រុមហ៊ុន​សម្បទាន​អាកាស​យានដ្ឋាន (SCA) ត្រូវ​បាន​ទទួល​ការ​ឯកភាព​ពី​ក្រុម​ការងារ​បច្ចេកទេស នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី «បច្ចេកទេស ដើម្បី​ពិនិត្យ​និង​ឆ្លង​ផែនការ​មេ ស្ដី​ពី​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ» ដឹក​នាំ​ដោយ ​ឯកឧត្ដម​បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល៕ 

ដោយ៖ ជួប ស្រីរ័ត្ន