មិន​បាច់​ទៅ​ដល់​សាលា​ទេ! ​វេបសាយ​មួយ​នេះជួយ​ប្អូនៗ​ទី​១២ប្រលងជាប់ដាក់ពាក្យ​ចូលរៀនបាន​យ៉ាង​ងាយ​



បន្ទាប់​ពី​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ជោគជ័យ ប្អូនៗ​ទី១២​រួម​នឹង​អាណាព្យាបាល​ប្រាកដ​ជា​បារម្ភ​និង​ពិបាក​ក្នុង​ការ​ជ្រើសរើស​ជំនាញ​សិក្សា ក៏​ដូច​ជា សាកលវិទ្យាល័យ​ដែល​សក្ដិសមក្នុងការបន្តការ​សិក្សា​ថ្នាក់​ឧត្ដមសិក្សា។ ទាំង​នេះ​នឹង​លែង​ក្លាយ​ជា​បញ្ហា​ចោទ​ទៀត​ហើយ ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​វេបសាយ www.salaenrollment.comនោះ​អ្នកនឹងអាច​ស្វែង​រក​ព័ត៌មាន​ជា​ច្រើន​ទាក់​ទង​នឹង​ជំនាញ​សិក្សា សាកលវិទ្យាល័យ​រួម​នឹង​វិទ្យាស្ថាន​ជា​ច្រើន ពិសេស​គឺ​អាច​ដាក់​ពាក្យ​បាន​តែ​ម្ដង​ដោយ​មិន​ចាំបាច់​ទៅ​កាន់​សាលា​ដោយ​ផ្ទាល់​នោះ​ទេ។ 

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ លោក សុខ លាភ ស្ថាបនិក​វេបសាយ​  Sala enrollment ប្រាប់​ថា លោក​បង្កើត​វេបសាយ​នេះ​ព្រោះ​ ចង់​ឲ្យ​ប្អូនៗ​ទី​១២​ដែល​ប្រឡង​ជាប់​មាន​លទ្ធភាព​អាច​ស្វែងរក​ព័ត៌មាន​សិក្សា​បាន​កាន់​តែ​ងាយ​ស្រួល ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​និង​ថវិកា​ច្រើន​មក​ដោយ​ផ្ទាល់​នោះ​ទេ ជាក់​ស្ដែង​អ្នក​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​តែ​ម្ដង។ 

លោក​ស្ថាបនិក​ប្រាប់​បន្ត​ថា បន្ទាប់​ពី​សិស្ស​សម្រេច​ចិត្ត​ជ្រើស​រើស​សាកលវិទ្យាល័យ​ណា​មួយ​ហើយ ពួកគាត់​អាច​ចុះឈ្មោះ​និង​ដាក់​ពាក្យ​ចូល​រៀន​នៅ​ក្នុង​សាកលវិទ្យាល័យ​តាម​រយៈ​វេបសាយ​បាន​ ដោយ​មិន​ចាំបាច់​ចំណាយ​ពេលវេលា​មក​ដោយ​ផ្ទាល់​នោះ​ទេ។ ជា​ការ​រំពឹង​ទុក​របស់​លោក​គឺ​ ចង់​ឲ្យវេបសាយ​មួយ​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​កាន់​តែ​សម្បូរ​បែប​ដល់​ប្អូនៗ​សិស្ស​និស្សិត ជា​ពិសេស​អ្នក​ដែល​រស់នៅ​តាម​បណ្ដា​ខេត្ត​ឆ្ងាយៗ​ ឲ្យ​ពួកគាត់​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា វេបសាយ​  Sala enrollment ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​សិស្ស​និស្សិត ដោយ​រួម​មាន​ទាំង​ខេមរភាសា និង​ភាសា​អង់គ្លេស​ ដោយ​បង្ហាញ​អំពី​ព័ត៌មាន​ពីសាកលវិទ្យាល័យទាំង​រដ្ឋ និង​ឯកជន រួម​នឹង​វិទ្យាស្ថាន​នៅ​ទូទាំង​ទីក្រុង​ភ្នំពេញ សរុប​ចំនួន​៤៣​កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s