គម្រោង​រោងចក្រ​៣ ​ក្នុង​ទុន​វិនិយោគ​ជាង​១៥លានដុល្លារ​ត្រូវ​បាន​CDC អនុម័ត​



គម្រោង​រោងចក្រ​ចំនួន​៣​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ​ ដែល​មាន​ទំហំ​ទុន​វិនិយោគ​ចំនួន ១៥,៤លានដុល្លារ​អាមេរិក ព្រម​ទាំង​អាច​បង្កើត​ឱកាស​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ៤,០៤៤កន្លែង។

ក្រុមហ៊ុន “GOODMATE (CAMBODIA) HEADWEARS CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ មួក កន្សែង និង​ស្រោមដៃ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ ភូមិ​បឹងធំទី២ សង្កាត់​បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​ ២លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤១០​កន្លែង។

ក្រុមហ៊ុន “GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​សង្គ្រោះ​ជាតិ ឃុំ​ត្រពាំង​គង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៥លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៤៩១កន្លែង។

ក្រុមហ៊ុន “DI SETA (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​ និង​ចាក់​សំលៀកបំពាក់ (កន្សែង​បង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូ​គ្រប់​ប្រភេទ​ និង​វាយនភណ្ឌ​បម្រើ​ក្នុង​ផ្ទះ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​អគារ​លេខ៧ សួន​ឧស្សាហកម្ម​វឌ្ឍនៈ II ផ្លូវ​ជាតិ​លេខ​៣​ សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ៨,៤លានដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២.១៤៣ កន្លែង៕

ដោយ៖ ជួប ស្រីរ័ត្ន