Mark Cuban៖ ធ្វើរឿងមួយដែលបញ្ជាក់ថាអ្នកស្នេហាជាតិបំផុត គឺក្លាយជាអ្នកមាន​



ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន CNBC មហាសេដ្ឋីអាមេរិក Mark Cuban ធ្លាប់ត្រូវបានគេចោទសួរពីបំណងរបស់លោកដើម្បីឈរឈ្មោះជាប្រធានាធិបតីនៅពេលអនាគត។ ជាការឆ្លើយតបបើទោះបីជាលោកចាប់អារម្មណ៍នឹងការងារមួយនេះក៏ពិតមែន ប៉ុន្តែលោកថា វាជាបន្ទុកដ៏ធ្ងន់មួយប្រសិនបើលោកជ្រើសរើស ហើយលោកក៏មិនអាចព្យាករណ៍បានលើរឿងនេះដែរ។

យ៉ាងណាមិញ បើទោះបីជាលោក Mark Cuban ឈរឈ្មោះជាប្រធានាធិបតីឬអត់ វាមិនសំខាន់នោះទេ។ តាមពិតទៅមហាសេដ្ឋីមានប្រាក់ ៤,១ ពាន់លានដុល្លាររូបនេះបានបំពេញកាតព្វកិច្ចល្អរួចទៅហើយដើម្បីបម្រើប្រជាជន និងប្រជាជាតិរបស់លោកតាមរយៈការបង្កើត និងក្តោបក្តាប់ទ្រព្យសម្បត្តិដ៏ច្រើនមហាសាលពីមុខជំនួញជាច្រើនរបស់លោក។ ភាពក្លាយជាអ្នកមាននេះហើយដែលមនុស្សគ្រប់គ្នាត្រូវធ្វើដើម្បីបញ្ជាក់ថា អ្នកជាមនុស្សស្នេហាជាតិបំផុត។

កាលពីឆ្នាំ ២០១១ កន្លងទៅ មហាសេដ្ឋីប្រធានក្រុមហ៊ុន Shark Tank រូបនេះបានសរសេរនៅលើប្លុកផ្ទាល់ខ្លួនរបស់លោកដោយដាក់ចំណងជើងថា “រឿងស្នេហាជាតិបំផុតមួយដែលអ្នកអាចធ្វើបាន”។

«រកលុយឲ្យបានច្រើន។ បង់ពន្ធជូនរដ្ឋ។ បង់ពន្ធច្រើនប្រភេទ។ ជួលមនុស្សមកធ្វើការ។ បណ្តុះបណ្តាលមនុស្ស។ ផ្តល់លុយឲ្យបុគ្គលិក។ ចំណាយលុយសម្រាប់ថ្លៃជួល ឧបករណ៍ សេវាកម្ម។ បង់ពន្ធបន្ថែមទៀត”។ នេះជាសម្តីដែលលោក Mark Cuban បានសរសេរនៅក្នុងប្លុកនោះ។

លោកបន្តថា៖« បើអ្នករកលុយបានច្រើនហើយ ត្រូវយកលុយនោះទៅធ្វើរឿងល្អៗផ្សេងទៀត។ បើអ្នកគិតថា អ្នកជាមនុស្សឆ្លាតរឿងរកលុយ អ្នកនឹងដឹងថា ធ្វើម៉េចប្រើលុយឲ្យចំគោលដៅ»

ការលើកឡើងរបស់មហាសេដ្ឋីខាងលើគឺដើម្បីឆ្លើយតបទៅនឹងសំនួរមួយរបស់អ្នកសួរម្នាក់ដែលបានចោទសួរលោកថា តើលោកពិតជាខ្លាចរឿងបង់ពន្ធដែរឬអត់? លោកបានឆ្លើយដោយភាពជឿជាក់ និងចាត់ទុកថា ការបង់ពន្ធនេះគឺជាកាតព្វកិច្ចដែលបង្ហាញពីភាពស្នេហាជាតិបំផុតមួយរបស់អ្នកមានដូចជារូបលោក។

«ចំណូលស្មើនឹងការបង់ពន្ធ។ នៅពេលដែលមនុស្សមួយចំនួនមិនពេញចិត្តរឿងបង់ពន្ធ ខ្ញុំមិនគិតអិញ្ចឹងទេ។ ខ្ញុំគិតថា វាជាការងារស្នេហាជាតិ។ អ្នកត្រូវបោះបង់គំនិតនេះចោល ហើយចេញទៅរកលុយឲ្យបានច្រើន។ រីករាយនឹងលុយដែលអ្នករកបាន ហើយបង់ពន្ធជូនរដ្ឋ។ កាតាព្វកិច្ចនេះគឺជារឿងស្នេហាជាតិបំផុតមួយដែលអ្នកអាចធ្វើបាន។ ក្រៅពីកាតាព្វកិច្ចយោធា  ការងារបង់ពន្ធគឺជារឿងស្នេហាជាតិបំផុតមួយដែលអ្នកអាចធ្វើបានប្រសិនបើអ្នកក្លាយជាអ្នកមាន»។ លោក Mark Cuban បញ្ជាក់បន្ថែម។

សេដ្ឋី Mark Cuban បានជំរុញឲ្យមនុស្សគ្រប់គ្នាខិតខំប្រឹងប្រែងស្វែងរកប្រាក់ចំណូលដឲ្យបានច្រើននៅពេលវិក័យប័ត្រពន្ធធ្លាក់មកលើដៃអ្នក។ លោកបានពន្យល់ថា មុនដំបូងអ្នកធុញទ្រាន់នឹងការបង់ពន្ធនេះ។ បន្ទាប់មកនៅពេលអ្នករកលុយបានកាន់តែច្រើន បញ្ហានេះនឹងសាបរលាបបន្តិចម្តងៗ ហើយនៅទីបំផុតអ្នកនឹងទទួលស្គាល់ថា កិច្ចការបង់ពន្ធរបស់អ្នក កំពុងជួយទ្រទ្រង់ជនជាតិអាមេរិករាប់លាននាក់ដែលមិនមានសំណាងដូចជាអ្នក។

លោកបានផ្តល់ដំបូន្មានចុងក្រោយដូច្នេះថា៖«ខ្ញុំអត់ខ្វល់អ្នកផ្សេងយល់ថា អ្នកមានយ៉ាងម៉េចទេ។ ខ្ញុំយល់ថា មានលុយច្រើនគឺជារឿងល្អ។ យើងជួយគ្រួសារ និងអាចធ្វើរឿងផ្សេងៗទៀតបានច្រើនណាស់។ បើអ្នករកលុយកាន់តែច្រើន លុយរបស់អ្នកនឹងកាន់តែមានឥទ្ធិពល»

ប្រភព៖ CNBC 

 

X
5s