លោកឧកញ៉ា សៀ ឬទ្ធី បង្ហើបគន្លឹះ ៣ ចំនុចក្នុងការវិនិយោគលើខុនដូ​



ខុនដូបានក្លាយជាគោលដៅនៃការវិនិយោគសម្រាប់មនុស្សសម័យថ្មី ទំនោរនៃការរស់នៅផ្ទះលើអាកាស និងភាពស៊ីវិល័យ ក៏ដូចជាការវិនិយោគលើខុនដូកំពុងស្ថិតក្នុងការសម្លឹងរបស់ប្រជាជនសម័យថ្មី។ តាមការព្យាករណ៍ពីអ្នកជំនាញខាងអចលនទ្រព្យបានឲ្យដឹងថា តម្រូវការខុនដូមានការកើនឡើងប្រមាណ ១០,០០០យូនីត ក្នុងមួយឆ្នាំហើយវានឹងបន្តកើនឡើងបន្តទៀត។ 

កម្មវិធីសិក្ខាសាលានៅក្នុងកម្មវិធីតាំងពិព័រណ៌អចលនទ្រព្យធ្វើឡើងកាលពីថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ នៅ Naga World 1 អគ្គនាយកក្រុមហ៊ុន World Bridge Group លោកឧកញ៉ា សៀ ឬទ្ធី បានធ្វើការចែករំលែកក៏ដូចជាបង្ហើបគន្លឹះសំខាន់ៗ ចំនួន ៣ ចំនុចក្នុងការវិនិយោគលើខុនដូដើម្បីចៀសវាងការខាតបង់ ឬ អាចនិយាយបានថាជាការចាញ់បោកអ្នកលក់។ ចំនុចដែលជាគន្លឹះទាំង ៣ ក្នុងការវិនិយោគលើវិស័យខុនដូមានដូចជា៖

១) ទីតាំង
មុនពេលសម្រេចចិត្តថាចង់វិនិយោគលើខុនដូ ត្រូវមើលឲ្យច្បាស់ថាទីតាំងខុនដូនោះនៅឯណា មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវឬទេ ជាតំបន់ដែលមានគម្រោងអភិវឌ្ឍ និងអាចមានការអភិវឌ្ឍលឿនឬទេ? ទន្ទឹមនេះការសិក្សាពីផែនការមេរបស់រាជរដ្ឋាភិបាលគឺជារឿងសំខាន់ក្នុងការសម្រេចចិត្តវិនិយោគលើខុនដូ និងអចលនទ្រព្យនានា ជាជាងការស្តាប់ និងទទួលយកព័ត៌មានមិនច្បាស់ការពីប្រភពមិនច្បាស់លាស់ថាតំបន់នេះនឹងអភិវឌ្ឍ តំបន់នោះនឹងអភិវឌ្ឍព្រោះវាអាចជាការបំប៉ោងព័ត៌មានដើម្បីអាជីវកម្មរបស់គេប៉ុណ្ណោះ។

២) អ្នកអភិវឌ្ឍ
អ្នកត្រូវសិក្សាឲ្យបានច្បាស់ថានរណាជាម្ចាស់គម្រោងនោះ ហើយគាត់នឹងអភិវឌ្ឍខុនដូក្នុងទំហំប៉ុនណា។ លោកឧកញ៉ាបានលើកឡើងថា គ្រប់គ្នានៅចាំបានទេកាលពីឆ្នាំ ២០០៧-២០០៨ វិបត្តិសេដ្ឋកិច្ចពិភពលោកបណ្ដាលមកពីវិស័យអចលនទ្រព្យ ហើយថាក៏បានរាលដាលមកប្រទេសកម្ពុជាយើង។ កាលនោះជនជាតិកូរ៉េដែលចូលមកវិនិយោគក្នុងប្រទេសយើង មិនមែនជាអ្នកវិនិយោគពិតប្រាកដ តែពួកគាត់គ្រាន់តែជាអ្នកមាន វិនិយោគបានមួយរយៈលុយគាត់ចាប់ផ្តើមអស់ខណៈដែលមិនទាន់បានបញ្ចប់គម្រោង ហើយក៏រត់ចោលគម្រោងនោះ ធ្វើឲ្យអ្វីៗនៅជាប់គាំង អ្នកទិញក៏ត្រូវខាតបង់។

៣) ប្រវត្តិអ្នកអភិវឌ្ឍ  
ប្រវត្តិនៃអ្នកវិនិយោគគឺសំដៅដល់គម្រោងនោះត្រូវបានវិនិយោគដោយគាត់ជាអ្នកវិនិយោគពិតប្រាកដមែន តែយើងត្រូវដឹងពីសាវតាគាត់ឲ្យបានជាក់លាក់ដូចគ្នាថា គាត់ធ្លាប់វិនិយោគ ធ្លាប់មានគម្រោងសាងសង់នៅទីណាខ្លះ ទទួលបានជោគជ័យកម្រិតណា ហើយកម្រិតនៃការទទួលស្គាល់គម្រោងនីមួយៗរបស់គាត់ពាក់ព័ន្ធនឹងខុនដូនោះពិតជាល្អមែនឬយ៉ាងណា។ 

សរុបមក ការប្រមូលព័ត៌មាន និងការយកព័ត៌មានទាំងនោះមកវិភាគជារឿងមួយចាំបាច់បំផុត មិនថាការសម្រេចចិត្តនោះជាការទិញដើម្បីស្នាក់នៅ ឬសម្រាប់ការវិនិយោគបន្តនោះទេ។ ជាងនេះទៅទៀតគឺយើងត្រូវសិក្សាពីប្លង់ ឬផែនការមេរបស់រាជរដ្ឋាភិបាលឲ្យបានច្បាស់៕

ដោយ៖ យ៉ាយ៉ា