បណ្ឌិត គីម ហ៊ាង៖ វិស័យអចលនទ្រព្យរងផលប៉ះពាល់មួយផ្នែកដោយសារការបិទហ្គេមអនឡាញ​



ជាការពិតណាស់វិស័យអចលនទ្រព្យបានរុញច្រានសេដ្ឋកិច្ចកម្ពុជាឲ្យមានកំណើនយ៉ាងល្អប្រសើរក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថាវិនិយោគិនចិនបានចូលមកក្នុងប្រទេសកម្ពុជាជាច្រើន មិនមែនត្រឹមតែវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរដូចមុនទេ តែភាពលេចធ្លោមួយខ្លាំងគឺការវិនិយោគលើអចលនទ្រព្យ ដីឡូតិ៍ អគារធំៗ រួមទាំងសំណង់អគារនានាត្រូវបានទទួលម៉ៅការ និងអភិវឌ្ឍដោយជនជាតិចិន។

ថ្មីៗនេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើការប្រកាសបិទហ្គេមអនឡាញ គេបានសង្កេតឃើញថាមានជនជាតិចិនជាច្រើនបានត្រលប់ទៅប្រទេសដើមវិញ មានមួយពេលនោះរយៈពេលត្រឹមមួយយប់ជនជាតិចិនជាង ៣ពាន់នាក់បានចាកចេញពីប្រទេសកម្ពុជា។ 

លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថាការបិទហ្គេមអនឡាញនេះបានធ្វើឲ្យប៉ះពាល់ដល់តម្លៃ និងការវិនិយោគអចនលទ្រព្យក្នុងប្រទេសកម្ពុជា ហើយបើសួរថាផលប៉ះពាល់នោះកម្រិតណា លោកហ៊ានថាវាប៉ះពាល់ខ្លាំង។ "នរណាថាការបិទហ្គេមអនឡាញមិនប៉ះពាល់ដល់សេដ្ឋកិច្ច និងការវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា អ្នកនោះគឺកំពុងតែកុហកខ្លួនឯងហើយ ហើយខ្ញុំហ៊ាននិយាយថាវាប៉ះពាល់ច្រើនចង់ដឹងថាការប៉ះពាល់នេះវាមានទំហំប៉ុនណា បីខែ ទៀតនឹងដឹងហើយ” លោកបណ្ឌិតបានមានប្រសាសន៍បែបនេះ។ លោកក៏បានបន្ថែមទៀតថា “ចរន្តសេដ្ឋកិច្ចពឹងផ្អែកលើវិស័យសំខាន់ៗចំនួន ៥ គឺ អចលនទ្រព្យ កសិកម្ម វាយនភណ្ឌកាត់ដេរ ទេសចរណ៍ និងហិរញ្ញវត្ថុ បើវិស័យណាមួយចុះខ្សោយវានឹងទាញគ្នាចុះ។”

ការបិទហ្គេមអនឡាញនេះធ្វើឲ្យវិស័យអចលនទ្រព្យធ្លាក់ចុះ ហើយវាក៏នឹងទាញឲ្យវិស័យទេសចរណ៍ធ្លាក់ចុះដូចគ្នាដែរព្រោះសព្វថ្ងៃទេសចរណ៍ចិនមានចំនួនមិនតិចទេដែលចូលមកប្រទេសកម្ពុជាមួយឆ្នាំៗ។ តាមរបាយការណ៍ពីក្រសួងទេសចរណ៍បានបញ្ជាក់ថា រយៈពេលពីរឆ្នាំជាប់គ្នាពោលគឺនៅឆ្នាំ ២០១៧ - ២០១៨ ទេសចរចិនបានឈរនៅលំដាប់លេខ១ វ៉ាដាច់គេគឺមានចំនួនរហូតដល់ទៅជាង ២លាននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន ធ្លាប់បានលើកឡើងថា ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឲ្យមកទស្សនាកម្ពុជាកាន់តែច្រើននៅឆ្នាំ ២០១៩ កម្ពុជាក៏ត្រូវការឲ្យមានការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មី ប្រកបដោយការច្នៃប្រឌិត និងនវានុវត្តន៍។ ដូចនេះបើកម្ពុជាបាត់បង់ភ្ញៀវទេសចរណ៍ដែលជាជនជាតិចិននោះ កម្ពុជានឹងអាចប្រឈមនឹងការបាត់បង់ចំណូលធំសម្រាប់សេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត បានបង្ហាញពីការយល់ឃើញចំពោះការបិទហ្គេមអនឡាញនេះថា វាមិនខុសទេដែលមានការបិទហ្គេមនេះ តែលោកស្នើថាមិនចាំបាច់ផ្តល់អាជ្ញាប័ណ្ណបន្ថែមទេ តែបើអ្នកដែលគាត់មានអាជ្ញាប័ណ្ណត្រឹមត្រូវ អ្នកដែលបានជួលទីតាំងបើកអាជីវកម្ម មានច្បាប់ទម្លាប់ត្រឹមត្រូវ មានប្រតិបត្តិការអាជីវកម្មហើយបន្តដំណើរឲ្យគាត់រកស៊ីសិនទៅ។ 

មិនមែនជាការគាំទ្រឲ្យមានការរកស៊ីបែបនេះច្រើននៅក្នុងស្រុកទេ តែបើប្រទេសយើងអាចរកចំណូលបានពីប្រភពកាន់តែច្រើនយើងគួរតែរក អ្វីដែលចាំបាច់គឺការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវនោះសន្តិសុខ សុវត្ថិភាពនឹងធ្វើដំណើរទន្ទឹមគ្នាជាមួយភាព រីកចម្រើននិងអភិវឌ្ឍន៍ជាក់ជាមិនខាន៕

ដោយ៖ យ៉ាយ៉ា