កសិករ​ត្បូងឃ្មុំ​ត្រូវ​ប៉ាន់​ហើយ! ក្រុមហ៊ុន​ចិន​នឹង​សង់​រោងចក្រ​​ឆ្នៃ​ស្វាយ​គម្រោងទី៣​នៅ​ទី​នោះ​



លោក Michael Tse ជា CEO & Executive Director នៃ​ក្រុមហ៊ុន គ្រីន លិនឌ័រ (Green Leader) បាន​លើក​ឡើង​ថា ដើម្បី​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន​ក្នុង​ការ​នាំ​ដំណាប់​ស្វាយ​ចំណិត​ស្ងួត​ឲ្យ​បាន​ប្រមាណ ១០,០០០តោន ក្នុង​មួយ​ឆ្នាំ ក្រុមហ៊ុន​គ្រោង​នឹង​សាងសង់​រោងចក្រ​កែច្នៃ​ស្វាយ​ទី៣​របស់​ខ្លួន​បន្ថែម នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នា​ឆ្នាំ២០២០​ខាង​មុខ ដែល​អាច​មាន​សមត្ថភាព​ផលិត​បាន​រហូត​ដល់​ ៥ ០០០ តោន ក្នុង​មួយ​ឆ្នាំ។ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​នឹង​នេសាទ​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក Michael Tse  បាន​ឲ្យ​ដឹង​ថា សម្រាប់​រយៈពេល​វែង​ ក្រុមហ៊ុន​មាន​ផែនការ​បង្កើត​រោងចក្រ​កែច្នៃ​បន្ថែម​តម្លៃ សម្រាប់​ផលិតផល​ផ្លែ​ស្វាយ ដូចជា ភេសជ្ជៈ​ទឹក​ស្វាយ( mango juice )និង​ស្វាយ​សុទ្ធ ( mango puree ) ដើម្បី​បំពេញ​តម្រូវ​ការ​ឧស្សាហកម្ម​ដុត​នំ( baking industry ) របស់​ប្រទេស​ចិន​ផង​ដែរ។ ជា​ការ​ឆ្លើយ​តប ឯកឧត្ដម​រដ្ឋមន្ត្រី នុត ច័ន្ទសុខា បាន​ថ្លែង​អំណរគុណ​ចំពោះ​ ក្រុមហ៊ុន គ្រីន លិនឌ័រ ( Green Leader) ដែល​បាន​បោះ​ទុន​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ក្រុមហ៊ុន​មាន​យុទ្ធសាស្រ្ត និង​ផែនការ​ច្បាស់លាស់​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន គ្រីន លិនឌ័រ (Green Leader) បាន​ដំណើរ​ការ​រោងចក្រ​ទី១​កាល​ពី​ខែ​មករា ឆ្នាំ​២០១៨ និង បាន​ផ្ដល់​ការងារ​ដល់​កម្មករ​ក្នុង​ស្រុក​ចំនួន​ជាង​៥០០​នាក់។ ក្នុង​នោះ​រោងចក្រ​ទី២ បាន​នឹង​កំពុង​ដំណើរ​ការ​ ស្ថិត​នៅ​ភូមិ​ដំបងវិញ ឃុំ​ត្រពាំងជោរ ស្រុក​ឧរាល់ ខេត្ត​កំពង់ស្ពឺ មាន​ផ្ទៃដី​ជិត​១៥ ០០០ម៉ែត្រក្រឡា ដែល​មាន​សមត្ថភាព​ផលិត​ចំនួន​២ ០០០ តោន ក្នុង​មួយ​ឆ្នាំ។ ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន ក៏​គ្រោង​នឹង​សាងសង់​រោងចក្រ​ទី៣​របស់​ខ្លួន នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ នៅ​ឆ្នាំ​២០២០ ខាង​មុខ ដោយ​មាន​សមត្ថភាព​ផលិត​បាន ៥ ០០០ តោន ក្នុង​មួយ​ឆ្នាំ៕